ក្រសួង​អប់រំ​គ្រោង​រៀបចំ​កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​ថ្នាក់​ឧត្តម​សិក្សា

ស្រប​ពេល​ដែល​ក្រសួង​អប់រំ កំពុង​ធ្វើ​កំណែ​ទម្រង់​ឧត្តម​សិក្សា កម្មវិធី​សំខាន់​មួយ​ត្រូវ​បាន​បង្កើត​ឡើង គឺ​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​ដែល​ជួប​ប្រទះ​ការ​ខ្វះខាត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​អាច​បន្ត​ការ​សិក្សា​ទៅ​មុខ​បាន។ មន្ត្រី​ក្រសួង​អប់រំ បញ្ជាក់​ថា ក្រសួង​កំពុង​ពន្លឿន​កិច្ច​ពិភាក្សា​អំពី​កម្មវិធី​នេះ ហើយ​បើ​គម្រោង​នេះ​អាច​អនុវត្ត​បាន​មែន ចំនួន​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា នឹង​មាន​ការ​កើន​ឡើង ដែល​នឹង​ជួយ​ឲ្យ​កម្ពុជា មាន​ធនធាន​មនុស្ស​កាន់​តែ​ច្រើន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ កំពុង​ដំណើរ​ការ​រៀបចំ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង និង​ដាក់​បញ្ចូល​ក្នុង​ផែនការ​អនុ​វិស័យ​ការ​អប់រំ​ឧត្តម​សិក្សា ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤-២០១៨ របស់​ក្រសួង​អប់រំ៖ «»។

លោក រស់ សាលីន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា កម្មវិធី​នេះ​វិនិយោគ​ដោយ​ធនាគារ​ឯកជន​ធំ​មួយ​នៅ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ជា​ធនាគារ​មួយ​ណា និង​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​នៅ​ឡើយ។

លោក រស់ សាលីន បន្ថែម​ថា ដំណើរ​ការ​ប្រជុំ​ពិភាក្សា​រៀបចំ​កម្មវិធី​នេះ សម្រេច​បាន​ប្រហែល​ពាក់​កណ្ដាល​ហើយ ហើយ​ក្រសួង​នឹង​ប្រកាស​ពី​គម្រោង​នេះ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​នេះ ត្រូវ​បាន​ក្រុម​យុវជន និង​អ្នក​ស្រាវជ្រាវ​គាំទ្រ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​ចង់​ឃើញ​ក្រសួង រៀបចំ​យន្តការ​ឲ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​កិច្ចសន្យា ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា។

និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ កញ្ញា សាមិត្ត សៀវម៉េង យល់​ឃើញ​ថា នេះ​ជា​គម្រោង​ដ៏​ល្អ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​និស្សិត​ចូល​រៀន​នៅ​ឧត្តម​សិក្សា ព្រម​ទាំង​អាច​ជួយ​ឲ្យ​និស្សិត​មួយ​ចំនួន ខិតខំ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​ការងារ​ល្អ អាច​សង​បំណុល​ត្រឡប់​ទៅ​វិញ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ «»។

យុវ​និស្សិត​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ច័ន្ទសុវណ្ណី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បញ្ចេញ​យោបល់​ថា ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​នេះ ជា​រឿង​មួយ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​អប់រំ ប៉ុន្តែ​យុវជន​រូប​នេះ​អះអាង​ថា រូប​គេ​ចង់​ឃើញ​ការ​អនុវត្ត​កម្មវិធី​នេះ ធ្វើ​ឡើង​តាម​ផែនការ​ជាក់លាក់៖ «»។

ដោយឡែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា លោក​គាំទ្រ​គម្រោង​ផ្តល់​កម្ចី​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​គួរ​តែ​បង្កើត​គោល​នយោបាយ​គាំទ្រ​ចំពោះ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ ដោយ​ចេញ​ជា​បដិភាគ​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ អនុវត្ត​គម្រោង​នេះ​ទូទាំង​ប្រទេស ដោយ​អត្រា​ការប្រាក់​ទាប​បំផុត ឬ​គ្មាន​ការប្រាក់​តែ​ម្តង ជា​ជាង​អនុវត្ត​កម្មវិធី​នេះ​ដោយ​ខ្លួន​ឯង៖ «»។

បច្ចុប្បន្ន​នេះ កម្ពុជា មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ចំនួន​៤៣ និង​ឯកជន​ចំនួន ៦៧​គ្រឹះស្ថាន។ និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​មាន​ចំនួន ១៥.៦៣៥​នាក់ និស្សិត​ថ្នាក់​បរិញ្ញាបត្រ ២២០.០០០​នាក់ បរិញ្ញាបត្រ​ជាន់​ខ្ពស់ ១៨.០១០​នាក់ និង​ថ្នាក់​បណ្ឌិត​មាន​ចំនួន ១.១៨១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។