សហជីព​នៅ​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​គិត​ពី​ជីវភាព​រស់នៅ​សមរម្យ​សម្រាប់​កម្មករ​និយោជិត

ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ចំនួន ១៤០​ដុល្លារ រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា ឆ្នាំ​២០១៦ នេះ​ត​ទៅ។

ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មករា បាន​កំណត់​ទិសដៅ​នយោបាយ​របស់​ខ្លួន ជំរុញ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន​យ៉ាង​តិច ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ខាង​សហភាព​ការងារ​កម្ពុជា យល់​ឃើញ​ថា ការ​កំណត់​នេះ គ្រាន់​តែ​ជា​របៀបវារៈ​នយោបាយ ដែល​អាច​ជា​កត្តា​មិន​ទៀងទាត់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា លោក​នៅ​តែ​យល់​ឃើញ​ថា ជីវភាព​សមរម្យ​សម្រាប់​កម្មករ​និយោជិត​ស្រប​តាម​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ជា​ប្រការ​សំខាន់។ លោក​បន្ត​ថា ការ​កំណត់​តួលេខ​ប្រាក់​ឈ្នួល​របស់​កម្មករ ដោយ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​ឆ្នាំ​២០១៨ នោះ គឺ​ជា​របៀបវារៈ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។

លោក អាត់ ធន់ ថ្លែង​ថា «ហើយ​បើ​សិន​ជា​ស្ថានភាព​ហ្នឹង​វា​ស្រប​នៅ​ពេល​ហ្នឹង វា​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បើ​សិន​ជា​មិន​ស្រប អ្នក​នយោបាយ​គេ​អាច​ប្រែប្រួល ហើយ​ចំណែក​កម្មករ​និយោជិត​របស់​យើង​គិត​ថា ចំនួន ១៦០​ដុល្លារ​ក៏​មិន​សំខាន់ ចំនួន ២០០ ក៏​មិន​សំខាន់ ចំនួន​ដូច​រាល់​ថ្ងៃ​ក៏​មិន​សំខាន់។ សំខាន់ គឺ​តើ​ប៉ុន្មាន​ដែល​យើង​អាច​ចាយ​រស់ ដែល​ធានា​រស់នៅ​សមរម្យ​បាន? តាម​របាយការណ៍​របស់ អាយឡូ (ILO) កាល​ពី​ឆ្នាំ​ទៅ គឺ​គេ​ទៅ​ជា​មធ្យម កម្មករ​យើង​រក​ដល់​ទៅ ១៧១​ដុល្លារ​ជា​មធ្យម ហើយ​តាម​ការ​រក​ឃើញ​របស់​វិទ្យាស្ថាន ស៊ី.ឌី (CD) ២០៧​ដុល្លារ ទើប​ចាយ​រស់​សមរម្យ​បាន»

ការ​កំណត់​ទិសដៅ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ប្រាក់​ខែ​បុគ្គលិក​មន្ត្រី​រាជការ និង​កម្មករ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នេះ រួម​ជាមួយ​ប្រាក់​ខែ​បុគ្គលិក​មន្ត្រី​រាជការ៖ «ប៉ុន្តែ​យើង​ធានា​ថា​មាន​សាច់​ប្រាក់ ដើម្បី​បើក​ផ្ដល់​ជូន​ចំពោះ​មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង ជាមួយ​នឹង​ការ​កើន​ឡើង​ប្រាក់​បៀវត្ស​អតិបរមា​របស់​កម្មករ​កម្មការិនី​របស់​យើង​ពី ១២៨​ដុល្លារ​ទៅ ១៤០​ដុល្លារ ហើយ​កម្មករ​កម្មការិនី​របស់​យើង ទាំង​អត្ថប្រយោជន៍​ផ្សេងៗ គេ​នឹង​ទទួល​បាន​ច្រើន​ជាង​នោះ។ នៅ​មីយ៉ាន់ម៉ា (Myanmar) គេ​ទើប​ដំឡើង​ដល់ ៦៧​ដុល្លារ នៅ​ឡាវ (Lao) ប្រហែល​ជា ៨០​ដុល្លារ នៅ​បង់ក្លាដេស (Bangladesh) តំបន់​សេដ្ឋកិច្ច​ពិសេស​ផង តែ ៧៥​ដុល្លារ​ទេ»

លោក អាត់ ធន់ ឲ្យ​ដឹង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន ១៤០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ កម្មករ​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល ១៥៧​ដុល្លារ ដោយ​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់។ លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដំឡើង​ដល់​ចំនួន ១៤០​ដុល្លារ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦ នេះ មាន​កម្មករ​ប្រមាណ ៣០% នឹង​រក​បាន​ចំណូល​ច្រើន ប៉ុន្តែ ៧០% ទៀត មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​នេះ​ទេ។

លោក អាត់ ធន់ ថ្លែង​ថា «ប៉ុន្តែ​គាត់​ហាក់​ដូចជា​មិន​មាន​លទ្ធភាព​នៅ​ក្នុង​ការ​តវ៉ា​ទេ ព្រោះ​គាត់​បារម្ភ​អំពី​សុវត្ថិភាព និង​អំពើ​ហិង្សា​ផ្សេងៗ តែ​ឲ្យ​គាត់​សប្បាយ​ចិត្ត គឺ​អត់​ទេ។ អ៊ីចឹង​នៅ​ពេល​បើក​លុយ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១២ ខែ​២ ឆ្នាំ​២០១៦ នេះ យើង​នឹង​មើល​កម្មករ​ប៉ុន្មាន​ភាគរយ​នៃ​កម្មករ​ពេញ​ចិត្ត ហើយ​ប៉ុន្មាន​ភាគរយ​នៃ​កម្មករ​មិន​ពេញ​ចិត្ត។ យើង​អាច​ដឹង​ហើយ អ្នក​ដែល​ទទួល​បាន​ប្រាក់​ពិត​ប្រាកដ ព្រោះ​ការ​សម្រេច​នេះ​កាល​នៅ​ខែ​១១ អត់​ទាន់​បាន​បើក​ទេ គ្រាន់​តែ​ជា​ការ​សម្រេច។ បើ​សិន​ជា​គេ​ផ្ដល់​លុយ​ទៅ វា​ជា​ចំនួន​មួយ​គាត់​ចាយ​ទៅ​សមរម្យ​អាច​ប្រសើរ អ៊ីចឹង​អា​ហ្នឹង​វា​ជា​ការ​ប្រែប្រួល»

កាល​ពី​ថ្ងៃ​ទី​៨ តុលា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​សម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការ​កំណត់​ដំឡើង​ប្រាក់​ខែ ឬ​ប្រាក់​ឈ្នួល​ចំនួន ១៤០​ដុល្លារ​សម្រាប់​កម្មករ​និយោជិត​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង។ ក្រៅ​ពី​ប្រាក់​ខែ​គោល​នេះ កម្មករ​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ចំនួន ១៧​ដុល្លារ​ក្នុង​មួយ​ខែ។

ប្រាក់​ឈ្នួល​គោល ១៤០​ដុល្លារ​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​នេះ គឺ​ចេញ​ពី​តួលេខ​ចំនួន ១៦០​ដុល្លារ ដែល​កម្មករ​ធ្លាប់​ទាមទារ​កាល​ពី​ឆ្នាំ​២០១៣។ ក្រោយ​ការ​សម្រេច​ប្រាក់​ឈ្នួល​គោល​នេះ ខាង​សហជីព​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​អំពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត ដូចជា សោហ៊ុយ​ធ្វើ​ដំណើរ ការ​ស្នាក់នៅ បញ្ហា​សុខភាព ដើម្បី​ធានា​ដល់​កម្មករ​រស់នៅ​សមរម្យ ស្រប​តាម​ទំនិញ​ទីផ្សារ​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។