ក្រុមហ៊ុន​កាស៊ីណូ​មួយ​ត្រូវ​ក្រសួង​គំរាម​ចាត់ការ​តាម​ច្បាប់​ ដោយសារ​ធ្វើ​អាជីវកម្ម​”​កាប់​ដាវ​”​គ្មាន​អាជ្ញាប័ណ្ណ​

​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ឈ្មោះ​ A.H.S​ King​ Group​ Co.,​ Ltd.​ ឋិត​នៅ​ភូមិ​ប៉ក់​ធំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ គ្រប់គ្រង​ដោយ​បុរស​អ្នកជំនួញ​ម្នាក់​ឈ្មោះ​ សុខ​ គឹ​ម​សាន​ និង​គេ​ស្គាល់​ថា​ ជា​កាស៊ីណូ​ធ្លាប់​មានរឿង​អាស្រូវ​កាប់​ចាក់​គ្នា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១១​កន្លង​ទៅ​ រវាង​ជនជាតិ​យួន​៥​នាក់​ និង​ជនជាតិ​ខ្មែរ​ដែល​ចូល​លេង​កាស៊ីណូ​ បណ្តាល​ឲ្យ​ជនជាតិ​ខ្មែរ​២​នាក់​រង​របួស​ ក្នុង​នោះ​មាន​ម្នាក់​ជា​កម្មករ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ត្រូវជា​ក្មួយ​បុរស​នាយក​រដ្ឋមន្ត្រី​ផង​នោះ​ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ថា​ ជា​កាស៊ីណូ​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ ឬ​ហៅ​ថា​ ជា​ក្រុមហ៊ុន​កាស៊ីណូ​រកស៊ី​របៀប​ "​កាប់​ដាវ​"​ ។​

​យោង​តាម​លិខិត​លេខ​១០៣៧៤​សហ​វ​.​ន​ឧ​ហ​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​ជម្រាប​មក​លោកនាយក​ក្រុមហ៊ុន​ A.H.S​ King​ Group​ Co.,​ Ltd.​ បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ជា​បន្ទាន់​ ដោយសារ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ ។​ ក្នុង​ករណី​ក្រុមហ៊ុន​កាស៊ីណូ​នេះ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​បន្ត​ទៀត​ គឺ​គណៈកម្មការ​ចម្រុះ​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួងមហាផ្ទៃ​ នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ថ្លៃ​អាជ្ញាប័ណ្ណ​កាស៊ីណូ​នីមួយៗ​មាន​តម្លៃ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​(​សុពលភាព​១​ឆ្នាំ​)​ ថ្លៃ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​កាស៊ីណូ​មាន​តម្លៃ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​(​សុពលភាព​១​ឆ្នាំ​)​ និង​ការ​ផ្ទេរសិទ្ធិ​អាជ្ញាប័ណ្ណ​កាស៊ីណូ​មាន​តម្លៃ​១០០​លាន​រៀល​(​សុពលភាព​អចិន្ត្រៃយ៍​)​ ៕​

ក្រុមហ៊ុន​កាស៊ីណូ​មួយ​ត្រូវ​ក្រសួង​គំរាម​ចាត់ការ​តាម​ច្បាប់​ ដោយសារ​ធ្វើ​អាជីវកម្ម​”​កាប់​ដាវ​”​គ្មាន​អាជ្ញាប័ណ្ណ​

Related