ពលរដ្ឋ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ប្ដឹង​ទាស់​នឹង​ផែនទី​តំបន់​បុរាណ​ដែល​ត្រូវ​ថែរក្សា

ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ភូមិ​ចំនួន​៤ នៃ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទើប​តែ​ដឹង​បន្តបន្ទាប់​គ្នា​ថា ផ្នែក​ខ្លះ​នៃ​ដី​របស់​ពួក​គេ​ដែល​រស់នៅ និង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ជាច្រើន​ជំនាន់​មក​ហើយ​នោះ មិន​អាច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​គេ​តែង​ហៅ​ថា​ប្លង់​រឹង​បាន​ទេ។

ការ​ភ្ញាក់​ផ្អើល​នេះ កើត​មាន​ឡើង​ក្នុង​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ហើយ​មាន​បិទ​ផ្សាយ​ផែនទី​បង្ហាញ​ឲ្យ​ដឹង​ថា កន្លែង​ខ្លះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​បុរាណ​ដែល​ត្រូវ​ថែ​រក្សា ដោយ​មិន​អាច​ចេញ​ប្លង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ឡើយ។

ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ​រស់នៅ​តាម​ភូមិ​ចំនួន​៤ នៃ​សង្កាត់​ជ្រាវ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​អប្សរា ដែល​ជា​ស្ថាប័ន​ការពារ​ថែ​រក្សា ព្រម​ទាំង​អភិរក្ស​ប្រាសាទ និង​រមណីយដ្ឋាន​បុរាណ អាច​នឹង​ដក​ហូត​យក​ដី​លំនៅឋាន និង​ស្រែ​ចម្ការ​របស់​ពួក​គេ ទៅ​គ្រប់គ្រង​នៅ​ពេល​ណា​មួយ ដោយសារ​តែ​ដី​ផ្នែក​ខ្លះ​ដែល​ពួក​គេ​មាន គឺ​បាន​ចូល​ទៅ​ក្នុង​ផែនទី​ថ្មី​នៃ​តំបន់​បុរាណ ដែល​គេ​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក​ទេ។

បច្ចុប្បន្ន អ្នក​ភូមិ​ខ្លះ កំពុង​តែ​ស្កាត់​រក​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​សាកសួរ​យោបល់​ថា តើ​ពួក​គេ​គួរ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ដីធ្លី ព្រម​ទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ​លើ​ការ​លុប​ចោល​តំបន់​ទាំង​នេះ ហើយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួក​គេ​បាន​កាន់​កាប់​ស្រប​ច្បាប់។

សង្កាត់​ជ្រាវ​ខេត្ត​សៀមរាប ២០១៦ ៨៥៥
ទិដ្ឋភាព​នៅ​ភូមិ​ត្រពាំង (បឹង) សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Hang Savyouth

នៅ​ក្រោម​ផ្ទះ​ឈើ​មួយ​ខ្នង​ដែល​បាំង​ជញ្ជាំង​ស្លឹក​ត្នោត ក្នុង​ភូមិ​ត្រពាំងបឹង ជាប់​នឹង​ត្រពាំង​បុរាណ​មួយ មាន​ស្ត្រី​វ័យ​ក្មេងៗ និង​ចំណាស់ ៤-៥​នាក់ អង្គុយ​ជំនុំ​គ្នា​ក្នុង​ស្ថានភាព​ភ័យ​ព្រួយ។ ស្ត្រី​ចំណាស់​អាយុ ៦៨​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​វ័យ​ក្មេង​ជាង​គាត់​ជាច្រើន​ទៀត គឺ​លោកស្រី កូវ អឿន។ គាត់​មាន​ប្រសាសន៍​ថា ជីដូន​ជីតា និង​ឪពុក​ម្ដាយ​របស់​គាត់ បាន​រស់នៅ​ត​ជំនាន់​ជាប់​នឹង​មាត់​ត្រពាំង (បឹង) នេះ។ ស្ត្រី​ដដែល​បញ្ជាក់​ថា រូប​គាត់​ក៏​កើត​នៅ​កន្លែង​នេះ​រហូត​ដល់​អាយុ ៦៨​ឆ្នាំ​ទៅ​ហើយ ទើប​ឃើញ​អាជ្ញាធរ​មក​កំណត់​ថា ដី​ផ្ទះ​របស់​គាត់​ជា​តំបន់​បុរាណ​ដែល​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន៖ «តាំង​ពី​ដូន​ពី​តា​មក​នៅ​តែ​ត្រង់​នេះ មិន​ដែល​ឮ​សូរ​អប្សរា។ ខ្ញុំ​កើត​មក​អាយុ​ចង់​ចូល ៧០​ឆ្នាំ​ហើយ»

ចំណែក​អ្នក​ភូមិ​បឹង ម្នាក់​ទៀត លោកស្រី ប៉ាវ ឡន មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា គាត់​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ ទម្រាំ​រក​ប្រាក់​ទិញ​បាន​ដី​មួយ​ឡូ​នៅ​ជាប់​មាត់​ត្រពាំង (បឹង) ដោយ​ធ្វើ​ផ្ទះ​នៅ​ផង និង​ធ្វើ​រោង​ម៉ាស៊ីន​កិន​ស្រូវ​តូច​មួយ​ផង។ លោកស្រី ប៉ាវ ឡន ភ័យ​ខ្លាច​បាត់បង់​ដី​នេះ បន្ទាប់​ពី​គាត់​បាន​ទៅ​សាលា​សង្កាត់​ជ្រាវ ដើម្បី​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​ប្រាប់​ថា មិន​អាច​ធ្វើ​ប្លង់​រឹង​ជូន​បាន​ទេ៖ «ព្រួយ​ណាស់ បើ​យើង​មាន​តែ​បង្កាន់ដៃ អត់​មាន​ប្លង់​រឹង​នៅ​នឹង​ខ្លួន មិន​ដឹង​ថា​ថ្ងៃ​ណា​ខែ​ណា គេ​ដេញ​ទៅ យើង​មាន​អ្វី​តវ៉ា?»

ចាប់​តាំង​តែ​ពី​ពីរ​សប្ដាហ៍​មុន មន្ត្រី​ជំនាញ​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បិទ​ផ្សាយ​ផែនទី​នៅ​សាលា​សង្កាត់​ជ្រាវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​តំបន់​បុរាណ​ដែល​ត្រូវ​ការពារ និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ប៉ះពាល់​ដល់​តំបន់​ទាំង​នោះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ដែល​រស់នៅ​លើ​តំបន់​បុរាណ​ទាំង​នោះ ក៏​បាន​ទៅ​ដាក់​បណ្ដឹង​ជំទាស់​នឹង​ការ​គូស​ផែនទី​តំបន់​បុរាណ​នោះ​ដែរ។

អាជ្ញាធរ​សង្កាត់​ជ្រាវ ឲ្យ​ដឹង​ថា យោង​តាម​ការ​ដាក់​ពាក្យ​បណ្ដឹង និង​មើល​តាម​ប្លង់​ផែនទី គឺ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧០០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៤ បាន​ប៉ះពាល់​ដោយសារ​តែ​ផែនទី​កំណត់​តំបន់​បុរាណ​នេះ។ ភូមិ​ទាំង​នោះ រួម​មាន ភូមិ​បឹង ភូមិ​ក្រសាំង ភូមិ​ជ្រាវ និង​ភូមិ​តាចេក។ តាម​ភូមិ​ទាំង​នោះ គឺ​នៅ​មាន​សេសសល់​ទី​ទួល​បុរាណ ត្រពាំង និង​បឹង​បុរាណ ជាដើម។

ឡុង កុសល ២០១៦ ៨៥៥
ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ចៅ​សង្កាត់​ជ្រាវ លោក ក្អោប រ៉ន មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​១៩៩៨ គឺ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​សៀមរាប បាន​ប្រាប់​ឲ្យ​រូប​លោក​ដើរ​ស្រង់​ស្ថិតិ​ទួល​បុរាណ ត្រពាំង និង​បឹង​បុរាណ ជាដើម ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា មក​ដល់​ពេល​នេះ មាន​អ្នក​ភូមិ​ជាច្រើន​បាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​មិន​បាន​ដូច្នេះ​ទេ។ លោក​ចៅ​សង្កាត់​ជ្រាវ បញ្ជាក់​ថា តាម​លោក​សង្កេត គឺ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​បាន​រស់នៅ​លើ​ទីតាំង​បុរាណ​ទេ ក៏ប៉ុន្តែ​វា​ប៉ះពាល់​ដោយសារ​តែ​អាជ្ញាធរ​ផ្នែក​ថែ​រក្សា​កេរ​ដំណែល​វប្បធម៌ ពង្រីក​វិសាលភាព​តំបន់​នោះ​ធំ​ពេក៖ «ចំហាយ​រណប​អែប​ត្រពាំង និង​ទួល​បុរាណ ឬ​ជុំវិញ​ប្រាសាទ​នោះ​វា​ធំ​ពេក បាន​វា​ប៉ះពាល់​ទៅ​ក្បាល​ដី​របស់​បង​ប្អូន»

ទោះ​យ៉ាង​ណា មន្ត្រី​អាជ្ញាធរ​អប្សរា បដិសេធ​ថា ទួល​បុរាណ​ដែល​មាន​ក្នុង​ផែនទី​សង្កាត់​ជ្រាវ នោះ មិន​មែន​ជា​ដែនដី​ដែល​អាជ្ញាធរ​អប្សរា​គ្រប់គ្រង​ទេ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​ជ្រាវ និង​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​តែ​យល់​ច្រឡំ ថា​តំបន់​បុរាណ​ទាំង​នោះ​ជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​អប្សរា។ លោក ឡុង កុសល បញ្ជាក់​ថា តាម​ពិត តំបន់ និង​ទួល​បុរាណ​ទាំង​នោះ គឺ​កំណត់​ដោយ​ច្បាប់​របស់​ប្រទេស​ដែល​ត្រូវ​ថែ​រក្សា និង​ការពារ៖ «មិន​គួរ​ព្រួយ​បារម្ភ​ទេ ព្រោះ​នេះ​ជា​ការ​កំណត់​ដោយ​ច្បាប់​រដ្ឋ។ ទាំង​នោះ គឺ​ត្រូវ​ថែ​រក្សា​ការពារ ដើម្បី​ឲ្យ​មត៌ក​ទាំង​នោះ​សល់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ»

លោក ឡុង កុសល បញ្ជាក់​ថា ពេល​បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​មិន​បាន​គ្រប់គ្រង​ផ្ទៃដី​នៅ​ក្នុង​សង្កាត់​ជ្រាវ ទេ គឺ​គ្រប់គ្រង​តែ​តំបន់​អង្គរ​ទំហំ ៤០១​គីឡូ​ម៉ែត្រ​ក្រឡា និង​តំបន់​បុរី​វប្បធម៌​ទេសចរណ៍​ទំហំ​ប្រមាណ ៧០០​ហិកតារ។ មន្ត្រី​អាជ្ញាធរ​អប្សរា​អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក គឺ​អាជ្ញាធរ​បាន​គ្រប់គ្រង​តំបន់​ទី​ទួល ត្រពាំង និង​បឹង​បុរាណ​នៅ​កន្លែង​ជាច្រើន មិន​ដែល​មាន​បញ្ហា​ទេ ក៏ប៉ុន្តែ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​សង្កាត់​ជ្រាវ ជុំវិញ​រឿង​តំបន់​បុរាណ​នេះ កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​ដី​ទីនោះ​កំពុង​តែ​ឡើង​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។