វិហារឥស្លាមថ្មីមួយទៀត តម្លៃ ៦៦ម៉ឺនដុល្លារ ក្នុងក្រុងកំពង់ចាម សាងសង់ជិតរួចរាល់

ភ្នំពេញ៖ បងប្អូនសាសនិកឥស្លាមកម្ពុជា មានក្តីសប្បាយរីករាយ ដោយពួកគេមានវិហារ ដែលជាទីគោរពសក្ការ:សាសនារបស់ខ្លួន នៅស្ទើរគ្រប់ភូមិទាំងអស់ទូទាំងប្រទេស ជាង៥០០ភូមិ។ ជាមួយគ្នានេះដែរ បងប្អូន សាសនិកឥស្លាមនៅក្នុងភូមិរការ ក្រុងកំពង់ចាម កាន់តែមានក្តីរំភើបថែមទៀត ដោយពួកគេ បានទទួលវិហារឥស្លាមមួយទៀត ដែលមានតម្លៃ ៦៦ម៉ឺនដុល្លាអាមេរិក ជំនួសវិហារចាស់នៅក្នុងភូមិរបស់ពួកគេ ដែលមកដល់ពេលនេះ សាងសង់រួចរាល់បាន ៨០% ហើយ។

បើតាមការឲ្យដឹង ពីលោក ស្លេះ ពិន យ៉ាមីន ជាអ៊ីម៉ាំក្រុងកំពុងចាម ថា វិហារថ្មីដែលកំពុងសាងសាង់ជិតរួចរាល់នេះ មានឈ្មោះថា «ម៉ាស្ជិទជាមៀកក្រុងកំពុងចាម» ដែលមានទំហំ ២៣ម x ២៨ម កំពស់ពីរជាន់ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ដោយប្រើប្រាស់ថវិកាបានពីការរៃអង្គាសពីប្រជាពលរដ្ឋចំនួន ២ម៉ឺនដុល្លា ក្រៅពីនេះ ជាជំនួយឧបត្ថម្ភពីសប្បុរសជនមកពីប្រទេស ម៉ាឡេស៊ី ប្រ៊ុយណេ និង សឹង្ហបុរី តាមរយៈ សមាគមអភិវឌ្ឍន៍ និង សុខមាលភាពឥស្លាមកម្ពុជា។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលលោក បានអញ្ជើញទៅពិនិត្យសំណង់វិហារនេះ ហើយបានជួបសំណេះសំណាលជាមួយបងប្អូន និងសិស្សានុសិស្សឥស្លាម នៅទីនោះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ថា "យើងបានទទួលវិហារថ្មីស្កឹមស្កៃ ក៏ដោយសារ ប្រទេសយើងមានសុខសន្តិភាព មិនមានជំលោះសាសនា លើសពីនេះទៅទៀត ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបើកទ្វារជំនួយ។ យើងអាចសាងសង់វិហារនេះ មានក្បូរក្បាច់រចនាស្រស់ស្អាត សឹងតែស្មើនឹងវិហារធំអាល់សារកាល នៅក្រុងភ្នំពេញ ក៏ដោយសារយើងមានថ្នាក់ដឹកនាំ ភូមិ-ឃុំ របស់យើងល្អ។ ប្រៀបដូចនេះហើយ យើងទទួលបានអ្វីៗសព្វបែបយ៉ាង ពីរាជរដ្ឋាភិបាល តាំងពីដើមរៀងមក រហូតថ្មីៗនេះ ក្តីកង្វល់ ការលំបាកផ្សេងៗ ត្រូវបានដោះស្រាយ និងផ្តល់ជូនជាបន្តបន្ទាប់ ពិសេស កាដូរដ៏ធំសម្រាប់សហគមន៍ខ្មែរឥស្លាម គឺការផ្តល់ជូនប្រាក់បៀវត្សដល់គ្រូខ្មែរឥស្លាមចំនួន ១៥០០នាក់ នេះទៀតសោត ក៏បានមកដោយសារ យើងមានថ្នាក់ដឹកនាំប្រទេសល្អ។ ហេតុនេះហើយ យើងត្រូវតែដឹងគុណ និងគាំទ្រទៅចំពោះអ្នកដែលផ្តល់ជូនយើងឲ្យរស់នៅក្នុងភាពសំបូរសប្បាយ។ ការគាំទ្រដល់រាជរដ្ឋាភិបាល គឺដូចជាការគាំទ្រចំពោះខ្លួនដូច្នោះដែរ"៕