ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​១៨៤ សង្កាត់​​បឹង​រាំង​ ខណ្ឌដូន​ពេញ​ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​២​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ។

សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ ១-​ឈ្មោះ រាជ ប៊ុ​នរ​ត្ន័ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ម្តុំ​អង់​តែ​ន​ទួល​គោក ខណ្ឌទួលគោក និង​ ២-​​ឈ្មោះ ហម សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ព្រមទាំង​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​២​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធូ​ដេ ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕