ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ធំ​ម៉ាក Baja និង​ម៉ូតូ​ហុដា ឌ្រីម សេ​១២៥ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ គង់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក Baja ពណ៌​ទឹកប្រាក់​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-7647 និង​ឈ្មោះ វ៉េ ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង​អង្ក្រង​ទី​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-0469 និង​គ្នា​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូត​ធំ​ម៉ាក Baja តាម​បណ្ដោយ​ផ្លូវលំ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ​សេ​១២៥​ ជិះ​គ្នា​២​នាក់​យ៉ាង​លឿន​ដូច​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​(​បញ្ច្រាសទិស​គ្នា​) ខណៈ​ជិត​ដ​ល់​កន្លែង​កើតហេតុ ម៉ូតូ​ធំ​បាន​ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ភ្លាម​ៗ និង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​មក​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​កំពុង​ព្យាយាម​ស្វែងរក​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​មក​យក​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕