ប្រធានាធិបតី​អ៊ីរ៉ង់​សម្លឹង​ឆ្ពោះ​ទៅមុខ​ទៀត ខណៈ​ពេល​លែង​មាន​ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ

ប្រធានាធិបតី​អ៊ីរ៉ង់​សម្លឹង​ឆ្ពោះ​ទៅមុខ​ទៀត ខណៈ​ពេល​លែង​មាន​ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ Hassan Rouhani ​ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​ក្រុង​តេរ៉ង់ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៦។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani មាន​ប្រសាសន៍​ថា សាធារណរដ្ឋ​ឥស្លាម​របស់​លោក បាន​ឈាន​ចូល​ដល់​ «ជំពូក​ថ្មី​មួយ» នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​កោត​សរសើរ​ ការ​បញ្ចប់​ទណ្ឌកម្ម​អន្តរជាតិ ដែល​ត្រូវ​បាន​ដាក់​លើ​សកម្មភាព​នៃ​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក និង​ប្រទេស​មហាអំណាច​ដទៃទៀត បាន​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទណ្ឌកម្ម​លើ​ប្រេង​របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​តេរ៉ង់​ ពិត​ជា​បាន​អនុលោម​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​មួយ ដែល​គេ​សម្រេច​បាន​នៅ​ទីក្រុង វីយែន​នៃ​ប្រទេស​អូទ្រីស ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ បន្ទាប់​ពី​មាន​ការ​ចរចា​ដ៏​តានតឹង​អស់​រយៈពេល​ជិត​២ឆ្នាំ​មក។

លក្ខខណ្ឌ​ទាំង​នោះ​ រួម​មាន​ការ​ដឹកជញ្ជូន​ឥន្ធនៈ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ចេញ​ពី​ប្រទេស​នោះ រំលាយ​ និង​ដកចេញ​ឧបករណ៍​សម្រាប់​ផលិត​នុយក្លេអ៊ែរ​ និង​ការ​ផ្តល់​សិទ្ធិ​កាន់តែ​ទូលំទូលាយ​ជាង​នេះ ដល់​អ្នក​ធ្វើ​អធិការកិច្ច​អន្តរជាតិ ក្នុង​ការ​ត្រួតពិនិត្យសម្ភារៈ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ក្រៅ​ពី​ការ​បញ្ចប់​ទណ្ឌកម្ម​ទាំង​នោះ​ ប្រទេស​អ៊ីរ៉ង់ ក៏​នឹង​មាន​សិទ្ធិ​ចូល​ទៅ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​បង្កក​នៅ​តាម​ធនាគារ​បរទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry មាន​ប្រសាសន៍​ថា «មិត្តភក្ដិ​ និង​សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​មជ្ឈឹមបូព៌ា និង​នៅ​លើ​ពិភពលោក​ទាំង​មូល មាន​សុវត្ថិភាព​ជាង​មុន ពីព្រោះ ការ​គំរាមកំហែង​ពី​អាវុធ​បរមាណូ ត្រូវ​បាន​កាត់​បន្ថយ​ហើយ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki-moon បាន​ហៅ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​នោះ ថា​ជា​ «គោល​ដៅ​ដែល​សម្រេច​បាន ដ៏​សំខាន់​មួយ»៕