លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ​

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​បាឋកថា ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ ដែល​រៀបចំ​ដោយ​ក្រុម​បញ្ញវ័ន្ត មកពី​សាកលវិទ្យាល័យ Harvard University, MIT Sloan, and Tufts Fletcher School of Law and Diplomacy ដែលមាន​ចូលរួម​សរុប ២៧១​នាក់ មកពី​សាកលវិទ្យាល័យ គ្រឹះស្ថាន​អប់រំ​ជាន់ខ្ពស់ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​វិជ្ជាជីវៈ​នានា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ។​

​ថ្លែង​ក្នុង​បាឋកថា លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​ប្រវត្តិ និង​បទពិសោធន៍​វិជ្ជាជីវៈ​របស់​ឯកឧត្តម​ដែល​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ ហើយ​លោក​បានលើកឡើង​បញ្ជាក់ ជា​ភស្តុតាង អំពី កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម ដែល​សម្រេចបាន​កន្លង​មក និង​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ចែករំលែក​ទស្សនវិជ្ជា សំខាន់ៗ​មួយចំនួន​ដែល​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ ដែល​លោក​បាន​អនុវត្ត​ក្នុងការ​បំពេញការងារ​វិជ្ជាជីវៈ ក្នុងនោះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់ នៃ​ការកំណត់​គោលដៅ​របស់ខ្លួន ដោយបាន​លើកឡើង​នូវ​ឃ្លា​មួយ​ថា​៖ “​ប្រសិនបើ​អ្នក​មិនដឹងថា​ទីណា​ដែល​អ្នក​ត្រូវ​ទៅនោះ​ទេ ផ្លូវ​ណាក៏ដោយ​ក៏​នាំ​អ្នក​ទៅកាន់​ទីនោះ​ដែរ ពោលគឺ យើង​ទៅដោយ​គ្មាន​គោលដៅ​ណាមួយ​ពិតប្រាកដ​”​។ ដើម្បី​ជោគជ័យ​ក្នុង​ភាពជា​អ្នកដឹកនាំ​របស់​យើង យើង​ត្រូវមាន​គោលដៅ​ជាក់លាក់ និង​ការពិនិត្យ​តាមដាន​ជាប់​ជានិច្ច ព្រមទាំង​ត្រូវធ្វើ​ខ្លួន​ជា​គំរូ​របស់​អ្នកដទៃ​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ចប់​បាឋកថា ដោយ​រំឭក​ដល់​ក្រុមនិស្សិត អំពី​សម្រង់​សំដី​មួយ​ឃ្លា​ដ៏​ល្បីល្បាញ​របស់ អតីត​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក John F. Kennedy ដែលមាន​ប្រសាសន៍ថា​៖ ”​កុំ​សួរថា តើ​ប្រទេស​របស់​អ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​អ្នក ត្រូវ​សួរ​វិញ​ថា តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ប្រទេស​របស់​អ្នក​”​។ លោក​ទេសរដ្ឋមន្ត្រី បាន​កែ​ឃ្លា​នោះ​សម្រាប់​ពលរដ្ឋ​កម្ពុជា​គួរ​ធ្វើ​គឺ​៖ "​កុំ​សួរថា​តើ​កម្ពុជា​អាចធ្វើ​អ្វីខ្លះ​ដើម្បី​អ្នក ត្រូវ​សួរថា​តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​កម្ពុជា​”​។​លោក​បាន​ជំរុញ​ឲ្យ​អ្នកចូលរួម​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍ កុំ​ប្រើប្រាស់​គ្រឿងញៀន និង​កុំ​បង្ក​ទុក្ខទោស ឬ​បញ្ហា​ដល់​សង្គម នោះ​បានន័យថា យើង​គ្រប់គ្នា​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​យើង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែមថា​៖ “​យើង​មិនអាច​រស់នៅ លើ​កោះ​ដែល​សម្បូរ ទៅដោយ​ទ្រព្យសម្បត្តិ ហើយ​ហ៊ុមព័ទ្ធ​ដោយ សមុទ្រ​នៃ​ភាពក្រីក្រ​នោះទេ​” ។ វា​គឺជា​ការទទួលខុសត្រូវ របស់​យើង​គ្រប់គ្នា ដែល​យើង​ត្រូវ​ធ្វើការ ជាមួយគ្នា​ដើម្បី​ពង្រីក​កោះ​ដែល​ពោរពេញ​ដោយ​ទ្រព្យសម្បត្តិ ឲ្យ​កាន់តែ​ធំ​ទៅៗ និង​ធ្វើ​ឲ្យ​សមុទ្រ​នៃ​ភាពក្រីក្រ​នេះ​កាន់តែ​រួម​តូច​ទៅៗ​” ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​មនុស្សជាតិ​របស់​យើង​៕​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា ស្តីពី ភាពជា​អ្នកដឹកនាំ​