លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ថ្នាក់ដឹកនាំ និង គ្រូខ្មែរឥស្លាម នៅក្រុងសួង ខេត្តត្បួងឃ្មុំ

ភ្នំពេញ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីចុងសប្ហាហ៍ បានឆ្លៀតឱកាស ជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំឥស្លាម និង លោកគ្រូ-អ្នកគ្រូឥស្លាម ប្រមាណ ៣០នាក់ ដែលមកពីក្រុងសួង និងស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការជួបជុំនេះ ធ្វើឡើងនៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មុនពេលដែលលោក បន្តដំណើរទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឥស្លាម និងពិនិត្យការដ្ឋានសាងសង់វិហារឥស្លាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បន្ទាប់ពីធ្វើការចង្អុលបង្ហាញពីកិច្ចការមួយចំនួន លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីការផ្តល់ជូន និងការដោះទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងពេលថ្មីៗនេះ ដូចជា លប់ចោលនូវការធ្វើប័ណ្ណបើកបរម៉ូតូដែល មានកម្លាំងចាប់ពី ១២៥សេសេចុះក្រោម, ទម្លាក់តម្លៃបណ្ណបើកបររថយន្ត ចុះពាក់កណ្តាល, អនុញ្ញាតឲ្យម្ចាស់យានយន្តចង្កូតស្តាំ ទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត, អត់ឲ្យបង់ថ្លៃការផ្ទេរមរតកអចលនទ្រព្យ ពីជីដូន-ជីតា ទៅចៅ ពីប្តីទៅប្រពន្ឋ ពីឪពុកម្តាយទៅកូន និងបានយកមកវិញនូវផ្លួវវេងស្រេង និង ចុងក្រោយបានយកផ្លូវជាតិលេខ៤ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ គឺប្រជាពលរដ្ឋអស់ព្រួយបារម្ភពីការចំណាយប្រាក់កាស និងការប្រកាសដ៏សំខាន់មួយទៀតរបស់សម្តេចថា ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់អគ្គិសនី អស់ចាប់ ៥០គីឡូវ៉ាត់ម៉ោង ចុះ នឹងត្រូវបង់ថ្លៃភ្លើងក្នុង ១គីឡូវ៉ាត់ម៉ោង តែ ៦១០រៀល ប៉ុណ្ណោះ។

លោក បានបន្តថា កាដូទាំងអស់របស់សម្តេចខាងលើ គឺផ្តល់ជូនទៅ ដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលទាំងអស់គ្នាសុទ្ធតែបានទទួលផលប្រយោជន៍ដូចៗគ្នា ដោយផ្ទាល់ និងដោយប្រយោល។ លើសពីនេះទៅទៀត សម្រាប់ពលរដ្ឋខ្មែរឥស្លាម ក៏បានទទួលកាដូពិសេសថែមទៀតនោះគឺ គ្រូបង្រៀនឥស្លាមកម្ពុជាចំនួន ១.៥០០នាក់ត្រូវ បានសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបញ្ចូលក្នុងក្របខណ្ឌ ជាគ្រូបង្រៀនរបស់រដ្ឋ ទទួលបានប្រាក់បៀរវត្សរ៍របស់រដ្ឋ ដែលនេះបានបង្ហាញពីការគិតគូខ្ពស់ បំផុតរបស់សម្តេចចំពោះពលរដ្ឋទាំងអស់ដោយគ្មានការរើសអើង៕