ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង និង​២​នាក់​ទៀត​រង​របួសស្រាល ​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​និង​ដំឡូង​មី​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ថ្ងៃ​ទី​១៧ ខែមករា ​នៅ​តាម​​មហា​វិថី​​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន  ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម សណ្តោង​រ៉ឺ​ម៉ក​ដឹក​ដំឡូង​មី​និង​ធ្យូងជិះ​គ្នា​៣​នាក់ ឪពុក​ម្ដាយ​និង​កូនអាយុ​២​ឆ្នាំ ធ្វើ​ដំណើរ​តាម​មហា​វិថី​​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​យក​ទៅ​បោះ​ឱ្យ​​ម៉ូយ​នៅ​ផ្សារ​ច្បារ​អំពៅ ​លុះ​មក​ដល់​ចំណុច​កើតហេតុ ​​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុ​៣០​​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខព្រៃវែង1B-5380 ធ្វើ​ដំណើរ​តាម​​មហាវិថី​ព្រះ​មុនី​វង្ស ​ទិស​ដៅត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន និង​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​ក៏​ជ្រុល​ទៅ​បុក​​​រ៉ឺ​ម៉កម៉ូតូ​​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​​រឺ​ម៉ក​ក្រឡាប់​ផ្ងារជើងបត់​ក្បាល​ត្រឡប់​ទៅ​ក្រោយ​ចាក់​អី​វ៉ា​ន់​ចោល​ពេញ​ផ្លូវ ​ចំណែក​​ខាង​ម៉ូតូ​បង្ក​របួស​បែកក្បាល​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ​រីឯ​ខាង​រ៉ឺ​ម៉ក​វិញ​២​នាក់​ប្តី​ប្រពន្ធរបួស​បែកក្បាល​ស្រាល ​និង​កូន​អត់​រង​របួស​នោះ​ទេ ​។
ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​បង្ក​និង​រ៉ឺ​ម៉ក ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​​នគរ​បាល​ខណ្ឌចំការមន ៕