ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្តី​-​ប្រពន្ធ​ជា​អ្នកចំការបាន​ទិញ​ប្រេងសាំង​យក​មក​ទុក​ចាក់​ម៉ាស៊ីន​កាត់​ស្មៅ​ ដោយ​ទុក​នៅ​ក្បែរ​ចង្ក្រាន​ដាំបាយ​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទុះ​ប៊ីដុង​សាំង​ខ្ទាត​ឆាបឆេះ​រលាក​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ មក​រា ២០១៥ ស្ថិត​នៅ​ក្នុង​ភូមិ​អូ​រំចេក ឃុំ​ច្រក​នាង ស្រុក​បារាយ ខេត្តកំពង់ធំ  ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មិន ផា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ប្តី​ឈ្មោះ​សូ ពុធ អាយុ​៣៣​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​និង​ស្រុក​កំណើត​ខាងលើ ។

​​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា គាត់​២​នាក់​ប្តី​ប្រពន្ធ​មាន​ចំការ​ស្វាយ​ចាន់​ទី​មួយ ហើយ​បាន​ធ្វើ​ខ្ទម​ដេកចាំ​ចំការ ហើយ​មុន​ពេល​កើតហេតុ ប្ដី​របស់​គាត់​បាន​ទិញ​ប្រេងសាំង​ចំនួន​១០​លី​ត្រ យក​ទុក​ចាក់​ម៉ាស៊ីន​កាត់​ស្មៅ​នៅ​ក្នុង​ចំការ​ស្វាយ​ចាន់​ទី ។ ខណៈ​ពេល​មិន​ទាន់​បាន​យក​ទៅ​ចាក់​ក្នុង​ម៉ាស៊ីន​ទេ បាន​ទុក​នៅ​ក្បែរ​ចង្ក្រាន​ដាំបាយ​តែ​មិន​មាន​ភ្លើង​ទេ ។ លុះ​ពេល​ព្រលឹម​ឡើង ​គាត់​ដាំបាយ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា មាន​ប្រេងសាំង​នៅ​ក្បែរ​នោះ បាន​ដាក់​អុស​ឈើ​មាន​ប្រវែង​វែង​ៗ​ពេល​ឆេះ​ឈើ​អស់ ​ស្រាប់តែ​​រាល​ដាល​​ដល់​ប៊ីដុង​ប្រេងសាំង ដែល​នៅ​ជិត​នោះ​បណ្ដាល​ឱ្យ​ផ្ទុះ​ប៊ីដុង​សាំង​ខ្ទាត​លើ​ប្ដី​របស់​គាត់​ឆេះ​ពេញ​រាង​កាយ ។ ភ្លាម​ៗ​នោះ​ឃើញ​ហេតុការណ៍នោះ​ភ្លាម ​ស្ត្រី​ជា​ប្រពន្ធ​គាត់​បាន​ចូល​ទៅ​ជួយ​ប្តី ក៏​បណ្ដាល​ឱ្យ​ឆេះ​ខ្លួន​ថែម​ទៀត​ផង ។