សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​អាជីព​សិល្បៈ​ជាង​១​ឆ្នាំ​កន្លង​មក តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​នាង​ប៊ុ​ន ផៃ​លី​ន បង្កើត​មុខរបរ​ថ្មី នោះ​គឺ​ការ​សង់​បន្ទប់​ជួល​កម្ពស់​ប្រមាណ​៤​ជាន់ ដោយ​ចំណាយ​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​។ គម្រោង​សាងសង់​បន្ទប់​ជួល​របស់​ប៊ុ​ន ផៃ​លី​ន នឹង​សម្រេច​រាល់​ប្រមាណ​ជាង​២​ស​ប្តា​ហ៍​ទៀត ខណៈ​ពេល​មានការ​ជួល និង​កក់​ទុកជា​មុន​អស់​ចំនួន​៣​ជាន់​ហើយ ។

តារា​សម្តែង​ដែល​មាន​ទីផ្សារ​នៅ​ក្រៅ​ស្រុក​ជាង​ក្នុងស្រុក​នាង​ប៊ុ​ន ផៃ​លី​ន អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦​ថា ទីតាំង​ដែល​នាង​កំពុង​សាងសង់​បន្ទប់​សម្រាប់​ជួល​នោះ គឺ​ស្ថិត​នៅ​ម្តុំ​វត្ត​ជម្ពូ​វ័ន ។ គម្រោង​នៃ​ការ​សាងសង់​នេះ​នឹង​សម្រេច​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ។ អគារ​ដែល​មាន​៤​ជាន់​នេះ​ត្រូវ​បាន​បែក​ចែក​ជា​៤០​បន្ទាប់ ដែល​បន្ទប់ នីមួយ​ៗ​ជួល​ក្នុង​តម្លៃ​ចាប់ពី​៥០​ដុល្លារ​ឡើង​ទៅ ហើយ​តម្លៃ​នៃ​ការ​សាងសង់​នេះ​បាន​ប្រើ​ទុន​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​ប៊ុ​ន ផៃ​លី​ន ទឹកប្រាក់​ដែល​នាង​វិនិយោគ​បន្ទប់​ជួល​នេះ គឺជា​លុយ​នាង​ដែល​បាន​សន្សំ​ពី​ការងារ​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្នុង​នោះ​មួយ​ចំណែក​ក៏​ជា​ការ​ឧបត្ថម្ភ​ពី​បុរស​អាណិកជន​ម្នាក់​ដែល​ស្រឡាញ់​នាង​ដែរ ។

នាង​ប៊ុ​ន ផៃ​លី​ន បន្ថែម​ទៀត​ថា មូលហេតុ​ដែល​នាង​ជ្រើសរើស​ទីតាំង​នោះ​ជា​កន្លែង​រកស៊ី ដោយសារ​ទីនោះ​ជា​កន្លែង​ទីប្រជុំ​ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ ខណៈ​ពេល​ដែល​បន្ទប់​ដែល​បាន​ជួល​នោះ​គឺ​ភាគច្រើន​ជា​កម្មករ​កាត់ដេរ ។

បន្ទាប់​ពី​គម្រោង​នេះ​បាន​រួចរាល់​សព្វគ្រប់​ប៊ុ​ន ផៃ​លី​ន មាន​ជំនឿ​ថា អាច​នឹង​មាន​ភាព​ងាយស្រួល ក្នុង​ការ​កាន់កាប់​មុខរបរ​សម្រាប់​ពេល​អនាគត ព្រោះ​ការងារ​នេះ​មិនសូវ​ជា​ប្រើ​កម្លាំង​ច្រើន​ឡើយ ហើយ​ស្រួល​ទទួល​បាន​លុយ ។

បើ​ទោះបីជា​មុខរបរ​នេះ​ទទួល​បាន​ជោគ ជ័យ​ដូច​ការ​គ្រោងទុក​ក៏​ដោយ ប៉ុន្តែ​ប៊ុ​ន ផៃ​លី​ន នៅ​តែ​អះអាង​ថា នាង​នឹង​មិន​ដើរ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ឡើយ ពោល​នាង​នៅ​តែ​ទទួល​ការងារ​នេះ​ដដែល ប្រសិនបើ​ម្ចាស់​ផលិតកម្ម ឬ​បណ្តា​ស្ថានីយទូរទស្សន៍​ត្រូវការ ។

ប៊ុ​ន ផៃ​លី​ន បញ្ជាក់​ថា ការងារ​សិល្បៈ​នាង​នៅ​តែ​បន្ត ហើយ​នា​ពេល​ខាង​មុខ​នេះ​នាង​មាន​គម្រោង​ថត​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី និង​ថត​ឲ្យ​ស្ថានីយ ទូរទស្សន៍​មួយ​ចំនួន​ទៀត ។

ចំណែក​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​នោះ សម្រាប់​ឆ្នាំ​ថ្មី​មិន​ទាន់​មាន​ឡើយ ប៉ុន្តែ​ប៊ុ​ន ផៃ​លី​ន រំពឹង​ទុក​ថា ការងារ​នេះ​អាច​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​នាង​ផ្តោត​ការ​សង្ឃឹម​ប្រហែល​៥០​ភាគរយ​ក្នុង​ការ​ចេញ​ទៅ​សម្តែង ។

បើ​ទោះជា​ការងារ​សម្តែង​នៅ​ក្រៅប្រទេស​លេច​ចេញ ឬ​មិន​បាន​ចេញ​ក៏​ដោយ​នឹង​ងាក​មក​រក​ការ​សម្តែង​នៅ​ក្នុងស្រុក​វិញ ព្រោះ​នាង​គិត​ថា បច្ចុប្បន្ន​នៅ​ក្នុងស្រុក​សម្រាប់​ការងារ​សិល្បៈ​ក៏​អា​ចរក​កម្រៃ​បាន​ច្រើន​គួរសម មិន​ចាញ់​ការ​សម្តែង​នៅ​ឯ​ក្រៅប្រទេស​ឡើយ ៕