សិក្សា​បច្ចេកទេស​ឆៀក​រថយន្ត ចៀសវាង​បើកបរ​មាន​បញ្ហា​​រង​ពិន័យ​ធ្ងន់​ក

សិក្សា​បច្ចេកទេស​ឆៀក​រថយន្ត ចៀសវាង​បើកបរ​មាន​បញ្ហា​​រង​ពិន័យ​ធ្ងន់​ក

ការ​ឆៀក​រថយន្ត​គឺ​ជា​ដំណើរ​ការ​នៃ​ការ​ត្រួតពិនិត្យ​ផ្នែក​សំខាន់ៗ​នៃ​រថយន្ត​ថា​តើ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ដង​ផ្លូវ​បាន​ឬ​អត់។ ចំពោះ​រថយន្ត​ដែលរត់​​លើ​ដង​ផ្លូវ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ឆៀក​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​បច្ចេកទេស​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​និង​រក​ការ​ផាក​ពិន័យ​ផង​ដែរ។

 

សិក្សា​បច្ចេកទេស​ឆៀក​រថយន្ត ចៀសវាង​បើកបរ​មាន​បញ្ហា​​រង​ពិន័យ​ធ្ងន់​ក

 

បើ​តាម​លោក សៀង សុខា អ្នក​គ្រប់គ្រង​ផ្នែក​គ្រឿងបន្លាស់​នៅ​ហាង​លក់​រថយន្ត Asia Auto បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ​ការ​ឆៀក​រថយន្ត ​ធ្វើ​ឡើង​ជា​រៀង​រាល់​២ឆ្នាំ​ម្តង​​ទៅ​តាម​ប្រភេទ​រថយន្ត ដើម្បីធានា​បាន​ថា​រថយន្ត​នោះ​មាន​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​​។ លោក​ថា ការ​ឆៀក​រថយន្ត​ត្រូវ​ពិនិត្យ​លើ​ចំណុច​សំខាន់ៗ​របស់​រថយន្ត​ដូចជា៖

 

១. កម្រិត​ជាតិ​ពុល​ផ្សែង​​ចេញ​ពី​រថយន្ត៖ ត្រង់​ចំណុច​នេះ​អ្នក​ជំនាញ​ឆៀក​នឹង​ពិនិត្យ​ថា​តើ​​ម៉ាស៊ីន​រថយន្ត​ដំណើរការ​យ៉ាង​ណា​ខ្លះ ដើម្បី​ឱ្យ​ដឹង​ថា​តើ​​​ផ្សែង​ម៉ាស៊ីន​រថយន្ត​មាន​ជាតិ​ពុល​ប៉ះពាល់​ដល់​បរិស្ថាន​​កម្រិត​ណា។

 

២. ត្រួត​ពិនិត្យ​កុងទ័រ៖ ពិនិត្យ​ថា​តើ​កុងទ័រ​ដំណើរការ​ស៊ី​គ្នា​​នឹង​កង់​រថយន្ត​ឬ​អត់។

 

៣. ទម្ងន់​រថយន្ត៖ ពេល​យក​រថយន្ត​ទៅ​ឆៀក អ្នក​ជំនាញ​នឹង​ថ្លឹង​ទម្ងន់​រថយន្ត​ថា​តើ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ទម្ងន់​នៃ​ម៉ាក​រថយន្ត​នោះ​​ដែរ​ឬ​អត់។ មាន​រថយន្ត​ខ្លះ​ប្រើប្រាស់​យូរ ​បាន​ឆ្លងកាត់​ការ​កែច្នៃ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឱ្យ​ទម្ងន់​រថយន្ត​កើន​ឡើង​ឬ​ថយ​ចុះ។ ដូច្នេះ​អ្នក​ជំនាញ​នឹង​ពិនិត្យ​មើល​ថា​តើ​ចំណុច​ណា​ខ្លះ​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ទម្ងន់​រថយន្ត​នោះ​កើន​ឡើង​ឬ​ថយ​ចុះ។

 

៤. បាត​ក្រោម៖ ពិនិត្យ​មើល​ថា​តើ​ផ្នែក​ក្រោម​រថយន្ត​មាន​បញ្ហា​អ្វី​ខ្លះ ដូច​ជា​មាន​ហៀរ​ប្រេង​ឬ​អត់។

 

៥. ស៊ីផ្លេ៖ ជា​ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​ពិនិត្យ​ថា​តើ​វា​ដំណើរ​ការ​តាម​ស្តង់ដារ​ឬ​អត់​ពេល​រថយន្ត​រត់​លើ​ផ្លូវ។

 

៦.កម្រិត​ភ្លើង​ហ្វា​រថយន្ត៖ ជាទូទៅ​​ ​ភ្លើង​ហ្វា​រថយន្ត​តែងតែ​មាន​​កម្រិត​ពន្លឺ​​​របស់​វា។ ប្រ​សិន​បើ​អ្នក​ជំនាញ​ពិនិត្យ​ឃើញ​ថា​ភ្លើង​ហ្វា​រថយន្ត​ណាមួយ​មិន​ត្រូវ​តាម​ស្តង់ដារ​ឬ​ប្រើប្រាស់​ហួស​កំណត់ នោះ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។

 

៧.​ហ្វ្រាំង៖ មាន​ម្ចាស់​រថយន្ត​ខ្លះ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​លើ​បញ្ហា​ហ្វ្រាំង​ឡាន​ប៉ុន្មាន​ឡើយ។ ដូច្នេះ​អ្នក​ជំនាញ​នឹង​ពិនិត្យ​ថា​តើ​ហ្វ្រាំង​ឡាន​នោះ​ស៊ី​និង​មាន​គុណភាព​កម្រិត​ណា​ទើប​អាច​បើកបរ​លើ​ដង​ផ្លូវ​បាន៕

 

អត្ថបទ៖ ប៉ែត ផាន់និត