មេធាវីរបស់សហជីព​ ទាំង៥រូប បានបំពេញ នីតិវិធីដាក់ ជូនតុលាការ ខេត្ដកំពង់ស្ពឺ រួចរាល់ហើយ

កំពង់ស្ពឺ ៖ លោកប៉ាវ ស៊ីណា ប្រធាន សហព័ន្ធចលនាកម្មករកម្ពុជា បានថ្លែងឱ្យដឹងថា មេធាវីរបស់មន្ដ្រី សហជីពទាំង៥រូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្ដកំពង់ស្ពឺ បានរៀបចំបំពេញបែបបទតាមផ្លូវច្បាប់ ដាក់ជូនទៅតុលាការខេត្ដកំពង់ស្ពឺរួចហើយ នៅមុននេះបន្ដិច ដើម្បីធានាមន្ដ្រីសហជីពទាំង៥រូប ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ។

លោកប៉ាវ ស៊ីណា បានឱ្យដឹងថា ឥឡូវនេះខាងមេធាវីនិងក្រុមគ្រួសារព្រមទាំងកម្មករ កំពុងតែរង់ចាំការ សម្រេច របស់តុលាការតែប៉ុណ្ណោះ ហើយថាពួកគេក៏បានមានវត្ដមានរង់ចាំទទួល មន្ដ្រីសហជីព ទាំង៥នាក់នោះក្បែរពន្ធនាគារខេត្ដកំពង់ស្ពឺរួចជាស្រេចទៅហើយដែរ ។

តាមការសម្របសម្រួល និងអនុវត្ដទៅ តាមច្បាប់ អភិបាលខេត្ដកំពង់ស្ពឺ លោកអ៊ូ សំអួន កាលពីសបា្ដហ៍ កន្លងទៅ បានយល់់ស្របឱ្យមានការដោះលែង មន្ដ្រីសហជីពទាំង៥រូបនេះនៅថ្ងៃចន្ទនេះ ក្រោយពីបំពេញទៅតាមនីតិវិធីច្បាប់ របស់តុលាការ ។

សាវតារឿង

អភិបាល ខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន បញ្ចប់ការដោះស្រាយកូដកម្ម របស់កម្មករ ដោយសម្របសម្រួលតាមនីតិវិធីច្បាប់

 កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន បានដោះស្រាយបិទបញ្ចប់កូដកម្មរបស់កម្មកររោងចក្រ ដោយសម្របសម្រួលតាមនីតិវិធីច្បាប់ ដោយចំណាយពេលត្រឹមតែកន្លះម៉ោង តែប៉ុណ្ណោះ នៅថ្ងៃ សុក្រទី១៥ ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំសម្របសម្រួលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព របស់លោក អភិបាលខេត្តកំពង់ស្ពឺ អ៊ូ សំអួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសតំណាងសហជីពរបស់លោក ប៉ាវ ស៊ីណា និងប្រធានមន្ទីរការងារ ព្រមទាំងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ផងដែរ។

លោកអភិបាល ខេត្ត បានស្នើឲ្យមេធាវីខាងកម្មករ បំពេញនីតិវិធីនៅតុលាការ ដើម្បីធានានៅក្រៅឃុំតាមផ្លូវច្បាប់ ហើយកម្មករ នឹងត្រឡប់ធ្វើការនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

លោក ប៉ាវ ស៊ីណា ក៏បានថ្លែងអំណរគុណដល់អភិបាលខេត្តកំពង់ស្ពឺ ដែលចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងជួយសម្របសម្រួលដល់ការងារនេះ រហូតឈានដល់សម្រេចបានជោគជ័យ។

លោកថ្លែងបន្តថា "នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ លោកនិងក្រុមកម្មករមួយចំនួន នឹងធ្វើដំណើរទៅសាលាខេត្តកំពង់ស្ពឺ ដើម្បីសម្តែងនូវអំណរគុណដល់លោក អភិបាលខេត្ត។"

លោកប៉ាវ ស៊ីណា បានថ្លែងថា លោកអភិបាលខេត្តកំពង់ស្ពឺ គឺជាគំរូល្អមួយសម្រាប់អភិបាលខេត្តដទៃ ចំពោះការចូលរួមដោះស្រាយរាល់បញ្ហារបស់កម្មករ។

ស្ថានភាពកូដកម្មដែលអូសបន្លាយនាពេលកន្លងមក ត្រូវបញ្ចប់នៅត្រឹមថ្ងៃសុក្រនេះ ហើយការទាមទារណាមួយទៀតនោះ នឹងត្រូវធ្វើឡើងរវាងខាងកម្មករ និងរោងចក្រ ព្រមទាំងមន្ទីរការងារ ៕

មេធាវីរបស់សហជីព​ ទាំង៥រូប បានបំពេញ នីតិវិធីដាក់ ជូនតុលាការ ខេត្ដកំពង់ស្ពឺ រួចរាល់ហើយ

មេធាវីរបស់សហជីព​ ទាំង៥រូប បានបំពេញ នីតិវិធីដាក់ ជូនតុលាការ ខេត្ដកំពង់ស្ពឺ រួចរាល់ហើយ

មេធាវីរបស់សហជីព​ ទាំង៥រូប បានបំពេញ នីតិវិធីដាក់ ជូនតុលាការ ខេត្ដកំពង់ស្ពឺ រួចរាល់ហើយ