កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​៖ ច្រកទ្វារព្រំដែនទាំងអស់​ ត្រូវ​បិទទាំងស្រុង​

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨​មករា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​នេះ បានប្រកាសថា ការនាំ​ឈើ​ចេញ នៅតាម​ច្រកព្រំដែន​វៀត​ណាម ទាំងអស់​ ត្រូវ​បិទ​ទាំងស្រុង​។ នេះ​ជា​វិធានការ​ជំ​ហ៊ាន​ដំបូង​របស់​គណៈកម្មកា​រ​ជាតិ​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នា​ព្រឹក​ថ្ងៃទី​១៨​មករា នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​រាជធានី​ភ្នំពេញ  មាន​គោលបំណង ស្រាវ​​ជ្រាវ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ និងការពារ​អោយបាន​នូវ​សម្បត្តិ​ធនធាន​ធម្មជាតិ​។​ កិច្ចប្រជុំ​របស់​គណៈកម្ម​កា​រ ដែល​ទើប​បង្កើត​កាលពី​ថ្ងៃទី​១៥​មករា ក៏​ដើម្បី​កសាង​ទំ​នុ​ចិត្ត​ធ្វើអោយមាន​ជំនឿ​លើ​​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ ធ្វើអោយ​​មតិ​​ជាតិ និង​អន្តរជាតិ មាន​ជំនឿ​។​

​ក្នុង​កិច្ចប្រជុំ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​លើកឡើង​ពី​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ នៅ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១៦​។ ឧកញ៉ា ទាំងពីរ​នេះ ជា​ឈ្មួញ​ឈើ ដឹក​ទៅកាន់​ប្រទេស​វៀតណាម រាប់​ឆ្នាំ​មកហើយ​។​

​ជា​លទ្ធផល​នៃ​ការឆែកឆេរ​នោះ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រកាស​ក្នុង​កិច្ចប្រជុំ​ថា អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ រកឃើញ​ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប​។ ក្នុងនោះ ឃ្លាំង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មាន​ឈើ​ច្រើនជាង​ឃ្លាំង​របស់លោក​ឧកញ៉ា ស៊ឹង សំអុល​។ ឈើ​ទាំងនោះ មាន​ឯកសារ ១ ចំនួន​។ តែ​លោក មិនទាន់​វាយតម្លៃថា ឈើ​ទាំងនោះ ខុសច្បាប់ ឬក៏​មានច្បាប់​នោះទេ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​៕​

កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​៖ ច្រកទ្វារព្រំដែនទាំងអស់​ ត្រូវ​បិទទាំងស្រុង​