សុខភាព &raquo សុខភាព

យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោកស្រី Debra Anderson មក​ពី​សាកលវិទ្យាល័យ Queensland University ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​បន្ទាប់​ពី​អស់​រដូវ​ចាប់​យក​ការ​ហាត់ប្រាណ​ទៀងទាត់​គឺ​អាច​រក្សា​បាន​នូវ​កម្លាំងកាយ ភាព​មុត​ស្រួច​ផ្នែក​ផ្លូវចិត្ត​ក៏​ដូច​ជា​ភាព​វ័យក្មេង​បាន​យូរអង្វែង​ជាង​បណ្តា​ស្ត្រី​ដែល​មិន​ចូល​ចិត្ត​ហាត់ប្រាណ ។

ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​២១ លោកស្រី Anderson និង​ក្រុម​របស់​ខ្លួន​បាន​រក​ឃើញ​ថា ស្ត្រី​អស់​រដូវ​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​កម្រិត​ខ្ពស់​គឺ​អាច​ជួយ​ពន្យារ​ការ​ធ្លាក់​ចុះ​ផ្នែក​រាង​កាយ​និង​ខួរក្បាល ប៉ុន្តែ​ជួយ​បង្កើន​កម្រិត​សមសួន​កាន់តែ​ប្រសើរ​ជាង​មុន ។

លោកស្រី​បាន​ថ្លែង​ថា​៖ «​យើង​ពិនិត្យ​ឃើញ​ថា ការ​សិក្សា​ទាំងអស់​សុទ្ធតែ​បាន​បង្ហាញ​ថា សកម្មភាព​រាង​កាយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ពន្យារ​អត្រា​ធ្លាក់​ចុះ​នៃ​ការ​យល់​ដឹង ហើយ​ថា សូ​ម្បី​តែ​ការ​ធ្វើ​សកម្មភាព​នោះ​ក្នុង​វ័យចាស់​ក៏​នៅ​តែ​ទទួល​បាន​អត្ថប្រយោជន៍​» ។ លោកស្រី​បាន​បន្ត​ថា ការ​ហាត់ប្រាណ​ចាប់ពី​កម្រិត​មធ្យម​ដល់​កម្រិត​ខ្លាំង​គឺ​ល្អ​ប្រសើរ​ជាង​ការ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​តិច​បំផុត ។ មាន​ចម្លើយ​ពី​កម្រិត​នៃ​ការ​ហាត់ប្រាណ​ពី​មធ្យម​ទៅ​ខ្លាំង​ផង​ដែរ ។

យោង​តាម​សៀវភៅ​ណែនាំ​បច្ចុប្បន្ន​បាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​ដែល​អាច​ហៅ​បាន​ថា ស្ថិត​ក្នុង​កម្រិត​មធ្យម​សម្រាប់​មនុស្ស​វ័យចាស់​គឺជា​ការ​ធ្វើ​សកម្មភាព​រាង​កាយ​រយៈពេល​៣០​នាទី​និង​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ទោះជា​យ៉ាងនេះ ក្រុម​លោកស្រី Anderson យល់​ឃើញ​ថា រយៈពេល​ហាត់ប្រាណ​កម្រិត​មធ្យម​គួរតែ​ធ្វើ​ចន្លោះ​ពី​៣០​ទៅ​៤៥​នាទី និង​យ៉ាង​ហោច​ណាស់​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ៕