ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​៥៧ និង​លេខ​៥៨ ក្នុងភូមិ​ព្រៃ​ពី​ស ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ខណៈ​រថយន្ត​ទូ​រី​ស​ព្យាយាម បើក​ជែង​វ៉ា​រថយន្ត​ពីមុខ រួច​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ទួ​រី​ស ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-1725 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ព្យាយាម​បើក​ជែង​វ៉ា​រថយន្ត​ពីមុខ តែ​វ៉ា​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3943  បើកបរ​ដោយ​បុរស​ឈ្មោះ​សៅ គឹ​ម​សាន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​សេ​បេ​សេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​រថយន្ត​ទូ​រី​ស​ជ្រុល​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត បើកបរ​ដោយ​ជនបរ​ទេស ដែល​ឈប់​ស្ងៀម ។ ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​អ្នក​ជិះ​ក្នុង​រថយន្ត​ទួ​រី​ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច​។