ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី  ៖ ករណី​អំពើ​ប្លន់​ម្ចាស់​កា​រាស់​សាំង​មួយ​កន្លែង​ប្រដាប់​ដោយ​អាវុធ និង​ពូថៅ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មក​រា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​ម្ចាស់​កា​រាស់​សាំង​រង​របួសធ្ងន់ និង​បាត់បង់​ប្រាក់​សរុប​ជាង​៣.០០០​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មាឃ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ម្ចាស់​កា​រាស់​សាំង​យីហោ​ស្ថានីយ​សុ​វ​ណ្ណា​រិ​ទ្ធ រង​របួសធ្ងន់ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។ ប្រភព​ពី​ស្ត្រី​ឈ្មោះ​ឆាយ រ៉ា​ភ័​ក្រ អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​រូប​គាត់​កំពុង​រៀបចំ​ទុកដាក់​អីវ៉ាន់​នៅ​ខាងក្នុង​ផ្ទះ ។ ចំណែក​ប្តី​គាត់ និង​ម្តាយ រួម​ទាំង​កម្មករ​ម្នាក់​ផង​នោះ នៅ​ខាង​មុខ​ចាំ​លក់​សាំង ស្រាប់តែ​មាន​មនុស្ស​ប្រុស​ពីរ​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុ​ប​គ្នា​មក​ឈប់ ម្នាក់​មាន​ស្ពាយ​កាំភ្លើង​វែង និង​ម្នាក់​ទៀត​កាន់​ពូថៅ​បាន​ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ប្តី​គាត់ និង​យក​ពូថៅ​ខាង​ខ្នង​វាយ​សំពង​ទៅ​លើ​ឆ្អឹងជំនី និង​ខ្នង បោះដៃផុត​ប្តី​គាត់​ប្រមាណ​៦​ទៅ​៧​ពូថៅ បណ្តាល​ឱ្យ​ប្តី​គាត់​ដួល​សន្លប់​ចូល​ក្បែរ​ក្រោម​គ្រែ ។ ចំណែក​ម្នាក់​ទៀត​ស្ទុះ​ទៅ​ទាញ​រុះរើ​យក​កាបូប​លុយ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​សំដៅ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​បាត់​ទៅ​។ មួយសន្ទុះ​ក្រោយមក​ទើប​មាន​សមត្ថកិច្ច​នគរបាល​ក្រុង​-​សង្កាត់ និង​កងរាជអាវុធហត្ថ​ក្រុង រួម​ទាំង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​មក​ដល់​ជួយ​អន្តរា​គន៍​។ ប៉ុន្តែ​ក្រុម​ចោរប្លន់​នោះ បាន​រត់គេច​ខ្លួន​បាត់​ស្រ​ម៉ោ​ល​ទៅ​ហើយ ។ សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​ភ្លាម​ៗ​នោះ​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា រាល់​សព្វដង​គាត់​មិន​ដែល​ទុក​លុយ​នៅ​ជាប់​ខ្លួន​ច្រើន​ទេ តែ​ថ្ងៃនេះ​គាត់​ត្រៀម​លុយ​សម្រាប់​ទូទាត់​សង​អីវ៉ាន់​គេ ប៉ុន្តែ​រវល់​ពេក​មិន​ទាន់​បាន​យក​ទៅ​ឱ្យ​គេ​ផង ក៏​ត្រូវ​ចោរប្លន់​បែប​នេះ​តែ​ម្តង​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តរតនគិរី​ពេល​បច្ចុប្បន្ន​នេះ សម្បូរ​ទៅ​ដោយ​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​រាប់​មិន​អស់ ទើប​ជាដើម​ចម​នៃ​អំពើ​ចោរកម្ម ដូច​ជា​ល្បែង​សង្វៀន​បញ្ជល់មាន់ ទូរ​ហ្គេ​ម​ប​ង្វ​ក់​ខួរក្បាល​ក្មេង​ភ្នាល់​បាល់​ជា​ច្រើន​កន្លែង និង​វង់​បៀ​គ្រប់​ប្រភេទ​នៅ​តាម​ផ្ទះ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ជា​ពិសេស​គឺ​ល្បែង​ឆ្នោត កន្ទុយលេខ ដែល​មាន​មេ​ធំ​ៗ​ជា​ច្រើន​ទៀត ស្ទើរ​ពេញ​ក្រុង និង​បណ្តា​ស្រុក​ទៅ​ហើយ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ម្តងណា​នោះ​ឡើយ ភាគច្រើន​ថែម​ទាំង​មាន​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ទៀត​ផង​។ គ្រប់​វង់ល្បែង​ស៊ីសង​ទាំងនោះ ទំនង​ផ្តល់​លាភសក្ការៈ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ហើយ ទើប​ដំណើរការ​រលូន​បែប​នេះ​។ ហើយ​អំពើ​ចោរកម្ម​ជា​ច្រើន​លើក​ក្រុម​ចោរ​តែងតែ​គេច​ផុត​ពី​សមត្ថកិច្ច​មិន​ដែល​រកមុខ​សញ្ញា​ឃើញ​នោះ​ទេ សម្រាប់​ខេត្តរតនគិរី​មួយ​នេះ ជា​ពិសេស​វង់ល្បែង​ដ៏​ធំ​មួយ​នៅ​លើ​កូនភ្នំ​ប៉ក់​យ៉ៃ ដែល​មេ​ល្បែង​និយាយ​ថា លោកស្នងការ​នគរបាល​ខេត្ត​ជា​គ្នីគ្នា មិន​ហ៊ាន​ឱ្យ​ឈប់​ទេ ហើយ​លោក​អភិបាលខេត្ត​ក៏​ជា​បក្សពួក​ដែរ ។ ទីបំផុត​មេ​ល្បែង​យក​ចៅហ្វាយខេត្ត យក​ស្នងការ​ខេត្ត​ធ្វើ​ខ្នង​មែន ៕