ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចបង្ហោះ ​នៅប៉ុន្មាន​នាទីមុននេះ​មានខ្លឹមសារទំាងស្រុងដូចតទៅ៖ "​ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងមន្ទីរពេទ្យនៃប្រទេសសឹង្ហបូរី ​។ ពុំមានជម្ងឺអ្វីធ្ងន់ធ្ងរដែលត្រូវព្យាបាលនោះទេ ​តែនេះជាការតម្រូវ​របស់គ្រូពេទ្យ​ ដែលកំណត់ឱ្យត្រួតពិនិត្យ​សុខភាពប្រចាំឆ្នាំមួយឆ្នាំម្តងៗ។ ​ម្យ៉ាងទៀតការងារចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ​២០១៦ នេះពិតជាច្រើន ​ដែលខ្ញុំខិតខំដោះស្រាយ​ទាំងយប់ទាំងថ្ងៃ​ រកពេលសំរាកស្ទើរមិនបាន។

ការដែលខ្ញុំមកពិនិត្យ​សុខភាពនៅសឹង្ហបូរី ​មិនមានន័យថាខ្ញុំមិនទុកចិត្តគ្រូពេទ្យកម្ពុជាយើងនោះទេ។ ​ខ្ញុំពិនិត្យសុខភាពជាប្រចាំខែ​ ប្រចាំត្រីមាស ប្រចាំឆមាស​ និងព្យាបាល​ជម្ងឺនៅកម្ពុជាដោយគ្រូពេទ្យខ្មែរយើង។ ​ដោយមានការណែនាំរបស់គ្រូពេទ្យកម្ពុជា​ បានស្នើរឱ្យខ្ញុំពិនិត្យនៅក្រៅប្រទេស​ដើម្បីធ្វើឱ្យប្រាកដនូវប្រភេទ​ជម្ងឺខ្លះដែលយើង​ខ្វះ​ឧប្បករណ៍។ ​​វេជ្ជបណ្ឌិតខ្មែរដែលព្យាបាល​ខ្ញុំបានរួមដំណើរមកជាមួយខ្ញុំ ​ដើម្បីសហការជាមួយពេទ្យសឹង្ហបូរីធ្វើការពិនិត្យ ​ដែលនេះជារឿងធម្មតា​នៃកិច្ចសហការ​ខាង​វេជ្ជសាស្ត្រ។

ខ្ញុំនឹងវិលត្រឡប់​ទៅប្រទេសវិញនៅថ្ងៃ​ទី ២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាតិ "៕