Van Gaal៖ Man United វិលទៅកាន់ការប្រជែងដណ្តើមពានវិញ ក្រោយឈ្នះ Liverpool

លោក Louis van Gaal បានឲ្យដឹងថា ការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ របស់ក្រុម Manchester United លើក្រុម Liverpool បានផ្តល់នូវការ «ជឿជាក់ដ៏អស្ចារ្យមួយ» ដែលធ្វើឲ្យពួកគេវិលទៅកាន់ការប្រជែងដណ្តើមពានវិញ។
3
គ្រាប់បាល់ឈ្នះនៅនាទី ទី៧៨របស់ខ្សែប្រយុទ្ធ Wayne Rooney បានធ្វើឲ្យក្រុម Man United មាន៣៧ពិន្ទុ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Arsenal និង Leicester City ចំនួន៧ពិន្ទុ ហើយវាបានក្លាយជាការទទួលជ័យជម្នះក្នុងការប្រកួតលីកជាលើកទី២របស់ក្រុម Man United នៅឆ្នាំ២០១៦នេះ។ ក្រុមរបស់លោក Van Gaal មិនស្គាល់ចាញ់សោះក្នុងចំណោមការប្រកួត៤លើកនៅឆ្នាំនេះ។ គម្លាតរវាងក្រុមកំពូលតារាងកាន់តែតូចសម្រាប់ក្រុម Man United ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ របស់ក្រុម Arsenal នៅលើទឹកដីក្រុម Stoke City កាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុម Leicester ក៏បានបាត់បង់ពិន្ទុផងដែរនៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃសៅរ៍។ លោក Van Gaal បានឲ្យដឹងថា៖ «ការផ្តួលក្រុម Liverpool ពិតជារឿងដ៏សំខាន់។ វាពិតជាសំខាន់ណាស់ពីព្រោះគូប្រជែងរបស់យើងបានបាត់បង់ពិន្ទុ»។

នៅពេលដែលត្រូវបានចោទសួរថា លោកជឿជាក់ថា Man United អាចឈ្នះពានរង្វាន់ជើងឯកបានទេ លោក Van Gaal បានឆ្លើយថា៖ «បច្ចុប្បន្ន យើងកំពុងតែដេញតាមពីក្រោយ៧ពិន្ទុ។ យើងនៅមានការប្រកួជាច្រើនទៀត។ យើងបានចាប់ផ្តើមឆ្នាំ២០១៦យ៉ាងល្អជាមួយនឹងជ័យជម្នះជាច្រើន ហើយការប្រកួតនេះនឹងផ្តល់ការជឿជាក់ដ៏ធំមួយសម្រាប់កីឡាករ និងអ្នកគាំទ្រ ក៏ដូចជាបរិស្ថានរបស់ក្រុម Manchester United»៕

ប្រភពព័ត៌មាន៖ The Guardian