នាវាចម្បាំងចិន បំពេញ ទស្សនកិច្ច ៥ថ្ងៃ នៅ ទីម័រ ខាងកើត

ឌីលី៖ នាវាចម្បាំងដ៏ធំ របស់ប្រទេសចិន បានមកដល់សាធារណរដ្ឋ ទីម័រ ខាងកើត កាលពី ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ ២០១៦ ដើម្បីបំពេញ ទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នយ៍ មួយនេះ រយៈពេល ៥ថ្ងៃ។ កងកម្លាំងសកម្ម ១៥២ របស់ចិន ដែលឈរជើងនៅលើនាវា ចម្បាំងប្រភេទ កម្ទេចសត្រូវមួយនេះ បានមកបំពេញទស្សនកិច្ចដើម្បីរឹតចំណងមិត្តភាព រវាង ប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា នៅក្នុងដំណើរទស្សនកិច្ច គឺត្រូវបានទទួលស្វាមន៍យ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាល ទីម័រ ខាងកើត ហើយសូម្បីតែលោក អតីតប្រធានាធិបតី ហ្សាណាណា ហ្គូស្មៅ ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ចំពោះ ដំណើរទស្សនកិច្ចរបស់ចិន មកកាន់ដែនដីរបស់ខ្លួន ប្រកបដោយមិត្តភាព និង សន្តិភាព។

លោក ហ្សាណាណា លើកឡើងដូច្នេះថា “ខ្ញុំគិតថា ការចល័តនាវារបស់ចិននៅលើសកល លោកនោះ មិនមែនជាការបង្ហាញពីកម្លាំងបាយនោះទេ ប៉ុន្តែវាជាការបង្កើនមិត្តភាព រវាងប្រទេស និង ប្រជាជននីមួយៗ។” លោក អតីតប្រធានាធិបតី ក៏បានកោតសរសើរ ចំពោះអនុភាព របស់ចិន ក្នុងវិស័យការពារដែនសមុទ្រផងដែរ។

គួរបញ្ជាក់ថា សាធារណរដ្ឋទីម័រ ខាងកើត បានទទួលឯករាជ្យពេញលេញពីប្រទេស ឥណ្តូណេស៊ី កាលពីឆ្នាំ ២០០២ ដែលប្រជាជាតិមួយនេះ មានប្រជាជនតិច និង សេដ្ឋកិច្ច ទន់ខ្សោយ ដែលកាលនោះ ទីម័រ ខាងកើត បានសម្រេចចិត្តចងមិត្តភាពជាមួយនឹងបណ្តា ប្រទេសនានា លើសកលលោក ហើយជាពិសេស គឺប្រទេសចិនតែម្តង៕

នាវាចម្បាំងចិន បំពេញ ទស្សនកិច្ច ៥ថ្ងៃ នៅ ទីម័រ ខាងកើត