ព្យុះព្រិលដ៏អាក្រក់ វាយប្រហារជប៉ុន បណ្តាលឲ្យមនុស្ស ជាច្រើននាក់របួស

តូក្យូ៖ មនុស្ស ២៦នាក់បានរងរបួស ធ្ងន់ និង ស្រាល បន្ទាប់ពីទទួលរងការវាយប្រហារ ដោយ ព្យុះព្រិលដ៏អាក្រក់ ស្ថិតនៅភាគខាងកើត និង ខាងជើង ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ ២០១៦ នេះ ស្របពេលដែលផ្លូវជាតិសំខាន់ៗ ខ្សែរថភ្លើង និង ជើងហោះហើរ ជាច្រើនផងដែរ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អ្នករងរបួស ទាំងនោះ ភាគច្រើន ដោយសារតែពួកគេ ជួបគ្រោះថ្នាក់ ពេលកំពុងធ្វើដំណើរនៅលើដងផ្លូវ ដែលពោពេញ ដោយ ព្រិលក្រាស់ គ្រប់ទីកន្លែង។ ទូរទស្សន៍ជប៉ុន NHK ក៏បានចេញផ្សាយផងដែរ ពីទិដ្ឋភាព នៃ ព្រិលទឹកកក គ្រប់ទីកន្លែង ជាពិសេស នៅតំបន់ តូហូគូ ហុកកៃដូ ហូគូរីគុ និង តូកៃ ដែលព្រៃ ធ្លាក់បានអូសបន្លាយ ២៤ម៉ោង និង មានកម្រាស់ ៦០ សង់ទីម៉ែត្រ ទៅហើយ មកដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ នេះ។

យ៉ាងណាក៏ដោយ ផ្នែកព្យាការណ៍អាកាសធាតុជប៉ុន នៅមិនទាន់ដឹងថា តើពេលណា ទើប ព្រិលធ្លាក់នោះ អាចថមថយឥទ្ធិពលរបស់វា នោះទេ។ ប៉ុន្តែសម្រាប់ព្រឹកថ្ងៃចន្ទ នេះ ជើង ហោះហើរជាង ១០០ ទៅហើយ ដែលត្រូវបានលុបចោល នៅអាកាសយានដ្ឋាន ហាណេដា របស់ទីក្រុងតូក្យូ ស្របពេលដែលផ្លូវជាតិ និង ផ្លូវរថភ្លើង ត្រូវបានព្រិលធ្លាក់គ្របដណ្តប់ យ៉ាងក្រាស់ មិនអាច ឲ្យរថយន្ត បើកបើរបានឡើយ៕

ព្យុះព្រិលដ៏អាក្រក់ វាយប្រហារជប៉ុន បណ្តាលឲ្យមនុស្ស ជាច្រើននាក់របួស