អធិការ​​ដែល​បាញ់​ស្លាប់​​​បុរស​​​​ម្នាក់​​​​​អំឡុង​​​បង្ក្រាប​​​​​​ការ​​​ជល់​​​មាន់ ​​​​​ត្រូវ​​​តុលាការ​ចោទ​ពីបទ​មនុស្ស​ឃាត

មន្ត្រី​​​និយាយ​កាលពី​ម្សិលមិញ​ថា ​អធិការ​​​ស្រុក​ម្នាក់​​ក្នុង​ខេត្តព្រៃវែង​ ដែល​បាន​បាញ់​ស្លាប់​​​បុរស​​​ម្នាក់​អំឡុង​ពេល​ឆ្មក់​បង្ក្រាប​សង្វៀន​​​​ជល់មាន់​មួយកន្លែង​​កាលពី​សប្ដាហ៍​មុន​​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​។

លោក មាស​ សុភ័ក្រ ព្រះរាជអាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​ព្រៃវែង​​​​ ​​មាន​ប្រសា​សន៍​ថា លោក ពុំ កាន់ អធិការ​ស្រុក​ស្វាយអន្ទរ​ ត្រូវ​បាន​ចោទប្រកាន់ពីបទ​មនុស្សឃាត​​​ដោយ​ចេតនា​កាលពី​ថ្ងៃ​សៅរ៍។

លោក​បាន​បន្ថែម​ថា “​គាត់​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​​តាម​មាត្រា​​១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​” ហើយ​​​ថា ​លោក​មិន​ស្គាល់​​​​ឈ្មោះ​ចៅក្រម​ស៊ើបសួរ​​ដែល​បាន​​​ដាក់​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ​ប្រសិន​បើ​​​រក​ឃើញ​ពិរុទ្ធភាព​​ដូច​ការ​ចោទ​ប្រកាន់​មែន​ អធិការ​រូប​នេះ​អាច​ប្រឈម​​​ការ​ជាប់​ពន្ធនាគារ​​​​រហូត​ដល់​១៥​ឆ្នាំ។

សូម​​​​​​រំឭក​​​ថា បុរស​​​រង​​​​​គ្រោះ​​​ឈ្មោះ​​ កិះ អុឹម អាយុ​៣៧​ឆ្នាំ កំពុង​ឈរ​បី​កូន​​​ប្រុស​តូច​​នៅ​លើ​ដី​របស់​ខ្លួន​ ពេល​នគរ​បាល​​​ទៅ​ដល់​ដីឡូតិ៍​ជាប់​នោះ​​​​​ដើម្បី​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់​។ ដំបូង​ឡើយ លោក ពុំ កាន់ ប្រាប់​នគរ​បាល​ថា គាត់​​​​បាន​​​បាញ់​ឡើង​លើ​ដើម្បី​ព្រមាន​​​​​​អ្នក​លេង​ល្បែង​ស៊ីសង​កុំ​ឲ្យ​រត់គេច​​​ខ្លួន ប៉ុន្តែ​ក្រោយ​មក​បាន​ប្ដូរ​ចម្លើយ​វិញ​​​ថា ​គាត់​បាញ់​នៅ​ពេល​​ក្រុម​អ្នក​លេងល្បែង​​រត់​សំដៅ​ទៅ​រក​គាត់​។ ​

​ការ​ផ្ទុះ​អាវុធ​មួយ​គ្រាប់​​​​បាន​​​​ទម្លុះ​​​ក្បាល​​​​​​​​របស់​​​លោក កិះ អុឹម ​​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​​មួយ​រំពេច។ លោក ស្រេង ជា ​ស្នងការ​ខេត្ត​ ាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​លោក ពុំ កាន់ ត្រូវ​បាន​បញ្ជូន​​ទៅ​ឃុំខ្លួន និង​ព្យួរ​មុខ​តំណែង​​​ជា​​​​​​បណ្តោះ​​​​​​អាសន្ន។ ​​​លោក​​​ថ្លែង​​​ថា ​”យើង​មិន​ទាន់​សម្រេច​​​អ្នក​​​ដែល​​​ត្រូវ​ជំនួស​តំណែង​គាត់​ទេ”។

សាក្សី​​ និង​អ្នកស្រី ជឹម ម៉េន ​​ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ជន​រងគ្រោះ​និយាយ​ថា ​លោក ពុំ កាន់​ បាន​​ទៅរក​​​​​ជន​រងគ្រោះ​​ប៉ុន្មាន​ថ្ងៃ​មុន​ប្រតិ​​​​​បត្តិ​​​​​​​ការ​​​ឆ្មក់​បង្ក្រាប​ ដើម្បី​​សាក​សួរ​​​​​​ថា តើ​​​​​​អ្នក​ណា​ជា​ម្ចាស់​ដី​​​​​ដែល​​​បើក​​​​​​កន្លែង​​​ជល់មាន់​​​នេះ​​​។

​បន្ទាប់ពី​​បដិសេធមិន​​​​ព្រម​​​ទៅ​​​កាន់​​​​​អធិកា-រ​​ដ្ឋាន​ លោក កិះ អុឹម បាន​ប្រាប់​លោក​ ពុំ កាន់ ថា ​គាត់​​​​​​​​មិន​​​ចង់​​​​ប្រាប់​នគរ​បាល​​​​ថាការ​ជល់​មាន់​លើក​ក្រោយ​​​​​​នឹង​​​​​ធ្វើ​ឡើង​នៅ​​ពេល​ណា​​​ឡើយ​​​ដោយសារ​ខ្លាច​​អ្នក​ជិត​ខាង​​​ខឹង​​​​ស្អប់​​​។

​អ្នកស្រី ជឹម ម៉េន ​​និយាយ​កាលពី​ម្សិល​​​មិញ​​​​ថា ​អ្នកស្រី​ជឿ​ថា ការ​មិន​ព្រម​ធ្វើ​តាម​​​នេះ​​​បាន​ធ្វើ​ឲ្យ​អធិការ​​រូប​នេះ​ខឹង​។ ”គាត់​ជា​​​អ្នក​ចេះ​ច្បាប់​ ប៉ុន្តែ​គាត់​បែរ​ជា​បំពាន​ច្បាប់​​​សម្លាប់​​​​ប្ដី​ខ្ញុំបែប​នេះ”។ ​បន្ថែមពី​លើ​​ការ​ចោទ​ប្រកាន់​​​ពីបទ​មនុស្សឃាត​ អ្នកស្រី​​​ទាម​ទារ​សំណង​ សរុប​​​​​ចំនួន​២០.០០០​​​ដុល្លារ​​សម្រាប់​កូន​ទាំង​បួន​នាក់​របស់​គាត់​ដែល​មាន​អាយុ​​​​ចាប់​​​ពី​៦​ខែ​​​​ដល់​១៤​ឆ្នាំ។

អ្នកស្រី​បានបដិសេធ​ថា ​គ្មាន​អ្នក​ណា​រត់​សំដៅ​ទៅ​រកលោក ពុំ​ កាន់​ ទេ ហើយ​អះ​អាង​​​​​​​ថា គឺ​អធិការ​​​រូប​​​នេះ​​​​មាន​បំណង​បាញ់​ប្ដី​​​របស់​គាត់​តែ​ម្ដង ​មុន​ពេល​​​បើក​រថយន្ត​ចាក​ចេញ​។ ​អ្នក​​​ស្រី​​​បន្ត​​​​​​​​​ថា “​ពេល​ប៉ូលិស​ទៅ​ដល់​ គេ​គ្រប់​គ្នា​ចាប់​ផ្ដើម​រត់​​​​​​​ដោយ​​​ស្រែក​ថា ’​អធិការ​មក​ហើយ​’។ តែ​​​ប្ដី​ខ្ញុំ​មិន​រត់​​​​ទៅណាទេ ព្រោះ​គាត់​​​មិន​បាន​ធ្វើ​ខុស​។ គាត់​​មិន​​​​បាន​​​ជល់មាន់​​​​​​ទេ ​ហើយ​ក៏​មិន​​​​បាន​​​មើល​​​​គេ​​​ជល់មាន់​ដែរ គាត់​គ្រាន់​តែ​​បី​កូន​ដើរ​ចុះ​ដើរ​ឡើង​ដើម្បី​លួង​កូន​​​ឲ្យ​បាត់​យំ​ប៉ុណ្ណោះ”។

សូម​​​បញ្ជាក់​​​ថា ​បទ​ចោទ​ប្រកាន់​​​ពី​​​បទ​​​​មនុស្ស​​​ឃាត​​ ឬ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​មន្ត្រី​​​​ដែល​ផ្ទុះ​​អាវុធ​​អំឡុង​ពេល​បំពេញ​ភារ​កិច្ច​​ គឺ​​​ជា​​​ការ​​​​កម្រ​​​​ខ្លាំង​​​ណាស់​។

​លោកស្រី អ៊ាង គឹមលី ​អ្នក​សម្រប​សម្រួល​​​របស់​អង្គការ​សិទ្ធិ​មនុស្សអាដហុក​ប្រចាំ​ខេត្ត​​ព្រៃវែង​​ បានមាន​ប្រសាសន៍​ថា លោកស្រី​ស្វាគមន៍​ជំហរ​​ម៉ឺងម៉ាត់​​​​របស់​តុលាការ​ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​តុលាការ​ចោទ​ប្រកាន់​​លោក ​​ពុំ កាន់ តាម​មាត្រា​២០៤ ​ដែល​សំដៅ​ដល់​អំពើ​មនុស្សឃាត​ប្រព្រឹត្ត​ដោយ​មន្ត្រី​សាធា​រណៈ និង​​​​ត្រូវ​មាន​ទោស​ជាប់ពន្ធនាគារ​​​រហូត​​​ដល់​ទៅ​៣០​ឆ្នាំ។

លោកស្រី​​​​​​​​​​​​​​បន្ថែម​​​​ថា “​វា​ជះ​ឥទ្ធិពល​អាក្រក់​​​មក​លើ​សង្គម​។ ​គាត់​ជា​មន្ត្រី​នគរ​បាល ហើយ​គួរ​តែ​​គ្រប់គ្រង​អារម្មណ៍ [ផ្ទាល់​ខ្លួន] របស់​គាត់​ ពេល​​​​កំពុង​​​​​​ប្រើ​ប្រាស់​អាវុធ​”៕ សុខុម​​​​​​

 

 

The post អធិការ​​ដែល​បាញ់​ស្លាប់​​​បុរស​​​​ម្នាក់​​​​​អំឡុង​​​បង្ក្រាប​​​​​​ការ​​​ជល់​​​មាន់ ​​​​​ត្រូវ​​​តុលាការ​ចោទ​ពីបទ​មនុស្ស​ឃាត appeared first on ខេមបូឌា ដេលី.