ការឆ្មក់ចូល​ធ្វើឡើង​ក្រោយបង្កើត​​​កម្លាំងពិសេស​ដើម្បី​បង្ក្រាប​ការ​កាប់ឈើ​ខុសច្បាប់​

អាជ្ញាធរ​​​​​​ខេត្ត​​​ក្រចេះ​​​ និង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ជា​​​ខេត្ត​​​ដែល​​​មាន​​​ព្រំ​​​ប្រទល់​​​ជាប់​​​គ្នា​​​បាន​​​​​​​ឆ្មក់ចូល​​​​​ចម្ការ​​​​​​កៅស៊ូ​មួយ​កន្លែង​​ និង​​​ឃ្លាំង​​​របស់​​​អ្នក​​​ជំនួញ​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុកស្តម្ភ​​​ម្នាក់​​​ដើម្បី ស្វែង​​​រក​​​ឈើ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ  ពោលគឺ​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន បាន​​​ប្រកាស​​​អំពី​​​​ការ​​​បង្កើត​​​កង​​​កម្លាំង​​​ពិសេស​​​មួយ​​​ដែល​​​ទទួល​​​បន្ទុក​​​ផ្នែក​​​លុប​​​បំបាត់​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​។

អំឡុង​​​កិច្ច​​​ប្រជុំ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​​​លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា  លោក​​​ សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ត្រូវ​​​បាន​​​ដាក់​​​​ឲ្យ​​​មើល​​​ារ​​​ខុស​​​ត្រូវ​​​កង​​​កម្លាំង​​​ពិសេស​​​នេះ​​​ដែល​​​នឹង​​​ធ្វើ​​​ការ​​​ជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​ជាប់​​​ព្រំដែន​​​វៀតណាម​​​ ជា​​​ពិសេស​​​គឺ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​។

​​​កាល​​​ពី​​​ម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​លើក​​​ឡើង​​​ថា កង​​​កម្លាំង​​​ពិសេស​​​នេះ​​​​​​បាន​​​ផ្តោត​​​​​​គោលដៅ​ជាពិសេស​​​​លើ​​​បុរស​​​ពី​​រនាក់​​​​ ​​​​​​គឺ​​​លោក​ លឹម ប៊ុណ្ណា និង​​​លោក ​​​សឹង ​​​សំអុល ​​​។ ​​​បុគ្គល​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ជា ​​​”ឧកញ៉ា​​​​​​” ជា​​​ងារ​​​ដែល​​​គេ​​​ផ្តល់​​​ឲ្យ​​​​​​បុគ្គល​​​ណា​​​ដែល​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​យ៉ាង​​​តិច​​​១០០.០០០​​​ដុល្លារ​​​ចូល​​​រដ្ឋ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បុគ្គល​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គិតថា​​​​ គេ​​​មិន​​​អាច​​​ប៉ះពាល់​​​បាន​​​​​​”។

លោក​​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ប្រមូល​​​ភ័ស្តុតាង​​​ដែល​​​ពាក់ព័ន្ធ​នឹង​​​​អ្នក​​​ជំនួញ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​រួច​​​ហើយ​​​ តែ​​​ទោះ​​​ជា​​យ៉ាង​​​ណា​​​លោក​​​មិន​​​ដឹង​​​ថា  ភ័ស្តុតាង​​​នោះ​​​ជា​​​អ្វី​​​ទេ។​​​​​​ ​​​លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ​​​អាជ្ញាធរ​​​​បាន​​​ឆ្មក់​​​ចូល​​​​​​ឃ្លាំង​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​មិន​​​ដឹង​​​ថា គេ​​​បាន​​​រក​​​ឃើញ​​​អ្វី​​​នោះ​​​ឡើយ​។

នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​ លោក​ ហៀក សុភក្រ ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​ បាន​​​បញ្ជាក់​​​ថា កង​​​រាជ​​អាវុធ​​​ហត្ថ និង​មន្ត្រ​ីរដ្ឋ​​​បាល​​​​ព្រៃឈើ​ បាន​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​ឃ្លាំង​​​មួយ​​​​​​​របស់​​​​​​លោក លឹម វណ្ណា ដែល​​​មាន​សុទ្ធតែ​​​​ឈើ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ឥឡូវ​​​យើង​​​កំពុង​​​​​​ធ្វើ​​​ការ​​​ជាមួយ​​​​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ដើម្បី​​​វាស់​​​វែង​​​ឈើ​​​ក្នុង​​​ឃ្លាំង​​​នេះ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេថា តើ​​​មាន​​​ឈើ​​​ស្រប​​​ច្បាប់​​​ប៉ុន្មាន​​​ដុំ និង​​​ឈើ​​​ខុស​​​ច្បាប់​​​ប៉ុន្មាន​​​ដុំ​​​នោះ​​​”។

“យើង​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​លោក​​​ឧកញ៉ា​​​ទេ​​​យើង​​​គ្រាន់​​​តែ​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​ឃ្លាំង​​​នោះ​​​តែ​​​ប៉ុណ្ណោះ​​​។ លោក​​​ឧកញ៉ា​​​មិន​​​បាន​​​រារាំង​​​យើង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​ឃ្លាំង​​​​​​ដើម្បី​​​ត្រួត​​​ពិនិត្យ​​​ឈើ​​​នោះ​​​ឡើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​ត្រួត​​​ពិនិត្យ​​​”។

លោក​​​ ហៀក សុភក្រ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា​​​តើ​​​កត្តា​អ្វីដែល​ជំរុញ​​​ឲ្យ​​​អាជ្ញាធរ​​​ទៅ​​​កាន់​​​ទី​​​នោះ​​​ឡើយ មុន​​​ពេល​​​​​​ផ្តាច់​​​ទូរស័ព្ទ​​​របស់​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​។ ព្រះរាជ​​​អាជ្ញា​​​រូប​​​នេះ​​​មិន​​​បាន​​​លើក​​​ឡើង​​​ពី​​​លោក ​​​សឹង​​​ សំអុល​​​ ទេ​។

ទោះជាយ៉ាង​ណា​ សេចក្តី​រាយ​ការណ៍​​​មួយ​​​​​​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហទំព័រ​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន​​​​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ​​​សឹង សំអុល ថា បាន​​​ប្រើ​​​ប្រាស់​​​ចម្ការ​​​កៅស៊ូ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ដើម្បី​​​លាង​​​ឈើ​​​កាប់​​​ខុស​​​ច្បាប់​​​ និង​ប្រើ​​​ប្រាស់​​​​​​ច្រក​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ដើម្បី​​​រត់​​​ពន្ធ​​​ឈើ​​​ទៅ​​​​វៀតណាម​​​។

ក្រសួង​​​បរិស្ថាន​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ខ្លួន​​​កំពុង​​​សើុប​​​អង្កេត​​លើ​សេចក្តី​រាយការណ៍​​​​នេះ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​ ការ​រាយការណ៍​ចុះ​​ដល់​​​កន្លែង​ក្នុង​​​ពេល​​​ថ្មី​​​នេះ​របស់​​​សាលា​​​ខេត្ត​​​ មានជាប់ពាក់ព័ន្ធនឹង​ ​​​លោក សឹង សំអុល​​​ដែល​​​​​​បដិសេធ​​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​រូប​​​លោក​​​ ឬ​​​យ៉ាង​​​ណា​​​ឡើយ។​

លោក លឹម ប៊ុណ្ណា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​ធ្វើ​អត្ថាធិប្បាយ​​​បាន​​​ទេ។

កង​​​កម្លាំង​​​ពិសេស​​​ថ្មី​​​នេះ​​​ក៏​​​ចុះ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ ជា​​​ទី​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឆ្មក់​​​ចូល​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​កន្លែង​​​តាម​​​បទ​​​បញ្ជា​​​ពី​​​ឧត្តម​​​សេនីយ៍​​​ សៅ​​​ សុខា ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​​​​​មួយ​​​គំនរ​​​ធំ ​​​នេះ​​​បើ​​​យោង​​​តាម​​​លោក ​​​សាន ប៊ុន​​​ថាន​​​ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​បញ្ជូន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល​​​៦០​​​នាក់​​​​​​ទៅ​​​ឡោម​​​ព័ទ្ធ​​​តំបន់​​​នោះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​ព្រឹក​​​មិញ​​​នេះ​​​យើង​​​រក​​​ឃើញ​​​ឈើ​​​សុក្រម​​​ និង​​​ឈើ​​​គគីរ​ជាង​​​១.០០០​​​ដុំ នៅ​​​ក្នុង​​​ព្រៃ​​​។ យើង​​​សង្ស័យ​​​ថា ឈើ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ទុក​​​នៅ​​​ទី​​​នោះ​​​ សម្រាប់​​​ដឹក​​​ទៅ​​​វៀត​​​ណាម​​​”។

ប៉ុន្តែ​​​ លោក​​​ ស ចំរ៉ុង អភិបាល​​​ខេត្ត​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​ថា តើ​​​​​​ឈើ​​​ណា​​​មួយ​​​ចេញ​​​ពី​​​ប្រភព​​​ខុស​​​ច្បាប់ ​​​និង​​​ថា តើ​​​​​​ក្រុមហ៊ុន​​​​​​គ្រប់​​​គ្រង​​​ដី​​​នេះ​​​ដែល​​​លោក​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ថា​​​ជាក្រុមហ៊ុន​​​​ចម្ការ​​​កៅស៊ូ​​​គ្រប់​​​គ្រង​​​ដោយ​​​ជនជាតិចិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​នៅឡើយ​ទេ​។

លោកបានថ្លែងថា​ “យើង​​​នឹង​​​អញ្ជើញ​​​ម្ចាស់​​​ក្រុមហ៊ុន​​​មក​​​សាក​​​សួរ​​​ ព្រោះ​​​យើង​​​ចង់​​​ត្រួត​​​ពិនិត្យ​​​ឈើ​​​ដែល​​​គេ​​​គរ​​​ទុក​​​នៅ​​​ក្នុង​​​ព្រៃ​​​ដើម្បី​​​រក​​​​​​ឲ្យឃើញ​​​ថា តើ​​​វា​​​ខុសច្បាប់​​​​ ឬ​​​ស្រប​​​ច្បាប់។​​​ ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​គ្មាន​​​ឯកសារ​​​បញ្ជាក់​អំពី​ឈើ​​​ទាំង​​​នេះ​​​ទេ យើង​​​នឹង​​​ឲ្យ​​​ពួក​​​គេ​​​បង់​​​ពន្ធ​​ ហើយ​​​យើង​​​​នឹង​​​រឹប​​​អូស​​​ឈើ​​​ទាំង​​​នេះ​​​ទុក​​​ជា​​​សម្បត្តិ​​​រដ្ឋ​​​”។

ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូតដល់​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ការ​​​ផ្តន្ទាទោស​​​អ្នក​​​ជំនួញ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុកស្តម្ភ​​​ដែល​​​គេ​​​សង្ស័យ​​​ថា នៅ​​​ពី​​​ក្រោយ​​​ការ​​​ជួញ​​​ដូរ​​​ខុស​​​ច្បាប់​​​នៅ​​​មិន​​​ទាន់មាន​​​​នៅ​​​ឡើយ​​​ទេ​​​។

ឧត្តមសេនីយ៍ សៅ សុខា បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជា​​​មួយ​​​កាសែត​​​ ខេមបូឌា ដេលី ​​​ពាក់​​​ព័ន្ធ​​​នឹង​តួនាទីថ្មី​​​របស់​​​លោក​​​ឡើយ។

ការ​​​សេីុប​​​អង្កេត​​​ដាច់​ដោយ​​​ឡែក​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​គ្លូប៊លវីតណេស ​​​ជា​​​អង្គការ​​​ការ​​​ពារ​​​​​​សិទ្ធិ​បរិស្ថាន​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ទី​​​ក្រុង​​​ឡុងដ៍​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៤​និងឆ្នាំ​២០០៧​​​ បាន​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ៍​​​រូប​នេះ​បាន​​ថា​ មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​ឈើខុស​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕ ស៊ុយឈាង​​ (រាយការណ៍បន្ថែម​​​ដោយ​​​ Zsombor Peter)​​​

The post ការឆ្មក់ចូល​ធ្វើឡើង​ក្រោយបង្កើត​​​កម្លាំងពិសេស​ដើម្បី​បង្ក្រាប​ការ​កាប់ឈើ​ខុសច្បាប់​ appeared first on ខេមបូឌា ដេលី.