មន្រ្តីជាន់ខ្ពស់ក្រសួង ធនធានទឹកដឹកនាំក្រុមការងារបូមទឹក សង្រ្គោះស្រូវប្រាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ ក្រុមការងារ បច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យ លក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹក និងដំណើរការការងារបូមទឹក សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។

លោកស្រីសេង វណ្ណសាយ បានថ្លែងនៅក្នុងពេលចុះពិនិត្យការងារកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ ថាទន្ទឹមនឹងដំណើរការបូមទឹកយ៉ាងសកម្ម សម្រាប់បម្រើឲ្យការងារ បង្កបង្កើនផល ស្រូវជូនបងប្អូនប្រជាកសិករ និងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឲ្យមន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តារាជធានីខេត្ត ត្រូវចុះពិនិត្យ និងធ្វើការជួសជុល ថែទាំ ម៉ាស៊ីនបូមទឹកគ្រប់ធុនដែលមានឲ្យបានជាប់ជាប្រចាំ ។

លោកស្រីបានបន្តថា "បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង សម្រាប់ខេត្តកំពង់ធំនេះ ម៉ាស៊ីន បូមទឹកដែលត្រូវធ្វើការជួសជុលសរុបមានចំនួន ២០ គ្រឿង ដោយមួយចំនួន យើងអាចជួស ជុលនៅត្រឹមមន្ទីរបាន ឯមួយចំនួនទៀតគឺតម្រូវឱ្យយើង ដឹកជញ្ជូនមកធ្វើការជួសជុល នៅក្រសួងធនធានទឹក និងឧតុនិយម" ។

លោកស្រីបានបន្ថែមថា " ដោយឡែកការងារបូមទឹក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល ស្រូវប្រាំងនៅក្នុងខេត្តកំពង់ធំ គឺយើងកំពុងបន្តដំណើរការនៅលើ ១២ ទីតាំង ក្នុងក្រុងស្រុកចំនួន ០៤ រួមមាន ស្រុកសន្ទុក កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹកចល័តខ្នាតមធ្យម សរុបចំនួន ១៥ គ្រឿង "។

លោកស្រីបន្តថា ស្រុកសន្ទុកកំពុងដំណើរការនៅលើ ០២ ទីតាំង ដោយប្រើប្រាស់ម៉ាស៊ីន ចំនួន ០២ គ្រឿង, ស្រុកកំពង់ស្វាយ ចំនួន ០៥ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៦ គ្រឿង, ស្រុកប្រាសាទសំបូរ ចំនួន ០៣ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៣ គ្រឿង និងក្រុងស្ទឹងសែន ចំនួន ០២ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៤ គ្រឿង ៕

មន្រ្តីជាន់ខ្ពស់ក្រសួង ធនធានទឹកដឹកនាំក្រុមការងារបូមទឹក សង្រ្គោះស្រូវប្រាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ