អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំបង្ក្រាប ល្បែងស៊ីសង ក្នុងមូលដ្ឋាន

ភ្នំពេញ៖លោក គួច ចំរើន អភិបាលខណ្ឌ ដូនពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បាននឹងកំពុងដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ នៅសាលាខណ្ឌ ដើម្បីចាត់ វិធានការបង្រ្កាបល្បែងហ្គេម កន្ទុយលេខ និងល្បែងស៊ីសងផ្សេងៗទៀតក្នុងមូលដ្ឋាន។

លោកគួច ចំរើន បានថ្លែងនៅក្នុងកិច្ចប្រជុំថា "ល្បែងហ្គេមប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ មានគ្រឿងញៀន ពង្វក់ក្មេងសិស្ស សាលាមិនឲ្យចូលសាលារៀន ។ទាំងនេះជាកង្វល់ របស់ប្រជា ពលរដ្ឋ និង ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន ដែលបាន ក្រើនរំលឹកជារឿយៗ។

លោកអភិបាលបានបន្ថែមថា " ល្បែងហ្គេមនេះពេលថ្ងៃមិនមានសកម្មភាពទេ តែនៅពេលយប់មាន សកម្មភាពសឹងទល់ភ្លឺ(ស្ងាត់ពេលថ្ងៃ អ៊ូអរពេលយប់) សូមអ្នកសារព័ត៌មានមេត្តា ផ្តល់ព័ត៌មានទាំងយប់ ទាំងថ្ងៃ ផ្តល់មកយប់ចាប់ទាំងយប់ ផ្តល់ព័ត៌មានមកពេលថ្ងៃចាប់ពេលថ្ងៃ"។

លោកបញ្ជាក់ថា បើមានល្បែងនៅកន្លែង ណាផ្តល់ព័ត៌មានមកកំលាំង នឹងចេញទៅបង្ក្រាបទីតាំងនោះ ទាំងយប់ទាំងថ្ងៃ ដោយមានមន្ត្រីច្បាប់ និង ព្រះរាជអាជ្ញារងនៅប្រចាំការ (លែងអប់រំហើយ គឺមកផ្តន្ទាទោស)។

លោក ស៊ិន វីរះ ព្រះរាជអាជ្ញារង បានសំដែងការគាំទ្រនូវចំណាត់ ការលោកអភិបាលខណ្ឌ ហើយ លោក នឹងសហការដោយរីករាយដើម្បីបញ្ចប់ល្បែង ស៊ីសងទាំងស្រុង នៅក្នុងខណ្ឌដូនពេញ៕