លោក ហ៊ុន ម៉ាណែត៖ ក្បាច់គុនល្បុក្កតោ គឺជាវត្ថុធាតុដើមមួយ ក្នុងវប្បធម៌ខ្មែរ យ៉ាងពិតប្រាកដ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានមានប្រសាសន៍ថា «ក្បាច់គុនបុរាណល្បុក្កតោខ្មែរ គឺជាវត្ថុធាតុដើមមួយ ក្នុងវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ ដែលកូនខ្មែរគ្រប់ជំនាន់ ត្រូវមានសតិសម្បជញ្ញៈ ចងចាំជានិច្ច នៅក្នុងការរួមចំណែក ជីកកកាយ រៀបចំចងក្រង និងបំផុសផ្សព្វផ្សាយ ឲ្យលេចត្រដែតឡើង និងមានពន្លឺចាំងចែងជាថ្មី» ។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងសិក្ខាសាលា ស្ដីពី «គុណតម្លៃគុនល្បុកត្ដតោ ក្នុងសង្គមវប្បធម៌ជាតិខ្មែរ»  នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ហើយក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាផងដែរ ។

លោកបានបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ គឺមានតម្លៃយ៉ាងធំធេង សម្រាប់ប្រទេសកម្ពុជា និងវប្បធម៌ជាតិ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរ គ្រប់ជំនាន់ ដែលមានកាតព្វកិច្ច និងភារកិច្ច ត្រូវតែរួមគ្នាអភិរក្ស និងអភិវឌ្ឍព្រលឹងក្បាច់គុនបុរាណខ្មែរ ដើម្បីតបស្នង នឹងកិច្ចខិតខំប្រឹងប្រែងរបស់ បុព្វបុរសខ្មែរជំនាន់ដើម ដែលបានបង្កើតជា ស្នាដៃមិនអាចកាត់ថ្លៃ បានជាយូរមកហើយ ។

លោកបន្ថែមទៀតថា កាលពីសម័យមុន ក្បាច់គុនបុរាណខ្មែរគ្រប់ប្រភេទ គឺមានប្រយោជន៍យ៉ាងខ្លាំង នៅក្នុងជួរកងទ័ព ដើម្បីហ្វឹកហាត់ការពារខ្លួន និងការពារបូរណភាពទឹកដី ។ លើសពីនេះ បើយោងតាមសំណៅប្រវត្តិសាស្ដ្រខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាពូជអ្នកចម្បាំងតាំងពីសម័យអង្គរ តាំងពីបុព្វបុរសចេនឡា និងហ្វូណន ។ កត្ដានេះយើង ដែលបញ្ជាក់ឲ្យឃើញថា ខ្មែរមានក្បាច់គុណមួយ ក្នុងវប្បធម៌ខ្មែ តាំងពីយូរណាស់មកហើយ ។

ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏បានរំឮកជាថ្មី អំពីផែនការបញ្ចូលកីឡាក្បាច់គុនបុរាណល្បុក្កតោខ្មែរ ចូលក្នុងជួរកងទ័ពបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងគ្រប់លំដាប់ថ្នាក់ សម្រាប់ការពារខ្លួន និងការពារទឹកដីកម្ពុជា ប្រកបដោយប្រសិទ្ធិភាពដូចកាលពីជំនាន់ដើមដែរ ៕

លោក ហ៊ុន ម៉ាណែត៖ ក្បាច់គុនល្បុក្កតោ គឺជាវត្ថុធាតុដើមមួយ ក្នុងវប្បធម៌ខ្មែរ យ៉ាងពិតប្រាកដ

លោក ហ៊ុន ម៉ាណែត៖ ក្បាច់គុនល្បុក្កតោ គឺជាវត្ថុធាតុដើមមួយ ក្នុងវប្បធម៌ខ្មែរ យ៉ាងពិតប្រាកដ

លោក ហ៊ុន ម៉ាណែត៖ ក្បាច់គុនល្បុក្កតោ គឺជាវត្ថុធាតុដើមមួយ ក្នុងវប្បធម៌ខ្មែរ យ៉ាងពិតប្រាកដ