ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ប្រវត្តិ​នៃ​ការ​ចាប់ផ្ដើម​អង្គភាព​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ របស់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឈ្លាសវៃ​របស់​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​ពី​ឯកឧត្ដម ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​កៀរគរ​សមាជិក​ដែល​មាន​សន្តាន​ចិត្ត​សប្បុរសធម៌​បង្កើត​បានជា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​នៅ​ក្នុង​ឆ្នាំ​២០០៥ ។

ជា​ជំហាន​ដំបូង លោក​ជំទាវ​ឧកញ៉ា អឹុិ​ង ស៊ី​ស្រ៊​ន ជា​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា សាខា​រាជធានី​ភ្នំពេញ បាន​ចូលរួម​ចំណែក​ផ្តល់​នូវ​ទីតាំង​ដើម្បី​សាងសង់​អគារ​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​នេះ​ឡើង ហើយ​ក៏​ជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ផ្នែក​មនុស្សធម៌ និង​បាន​ចាប់ផ្ដើម​កសាង​នៅ​ឆ្នាំ​២០០៦ និង​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០៧ ហើយ​បាន​ចាប់ផ្ដើម​ចែកចាយ​ផលិតផល​នៅ​លើ​ទីផ្សារ​នៅ​ចុងឆ្នាំ​២០០៧ ។

ដំណាក់កាល​ចាប់ផ្ដើម​ដំបូង ក្រុមហ៊ុន​មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន​៥៧​នាក់ និង​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ចំនួន​៥​គ្រឿង ដោយ​មាន​សមត្ថភាព​ផលិត​ចំនួន​៣៥.០០០​កេស​ក្នុង​១​ខែ និង​ចែកចាយ​ប្រមាណ​ជា​៣​ម៉ឺន​កេស​ក្នុង​១​ខែ ។ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៩ បាន​ក្លាយជា​អង្គភាព​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​ជា​ផ្លូវការ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​សេចក្ដីសម្រេច​លេខ​១៣៩ ក​ក្រក​.​ធ​.​ចត ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ។

អង្គភាព​ទឹកបរិសុទ្ធ Oral បង្កើត​ឡើង​មាន​គោលដៅ​ដើម្បី​ចូលរួម​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ផ្ដល់​ទឹកបរិសុទ្ធ​ប្រកបដោយ​សុវត្ថិភាព គុណភាព និង​អនាម័យ​ខ្ពស់​ឈានមុខ​គេ ស្រប​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​តាម​រយៈ​វិញ្ញាបនបត្រ ISO 9001:2008 និង HACCP ។ មួយ​ផ្នែក​ស្វែងរក​មូលនិធិ​សម្រាប់​ឲ្យ​សាខា​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ មាន​ថវិកា​ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​មនុស្សធម៌​តាម​រយៈ​ការ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​, ទឹកជំនន់​, ជន​ចាស់ជរា​, អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​អ្នក​ជំងឺអេដស៍ ព្រមទាំង​រួមចំណែក​ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​របស់​យុវជន​កាកបាទក្រហម កងទ័ព​ឈរជើង​នៅ​សមរភូមិ​មុខ និង​យុវជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន ជាដើម ។​ល​។

លោក ហ៊ា​ង ដា​រ៉ូ ប្រធាន​ផ្នែក​ផលិតកម្ម​អង្គភាព​ទឹកបរិសុទ្ធ Oral បាន​ប្រាប់​កោះសន្ដិភាព​ថា ៖ « សង្វា​ក់​ផលិតកម្ម​ទឹកបរិសុទ្ធ Oral គឺ​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជា​ច្រើន​ដំណាក់កាល និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ មុន​នឹង​ចែកចាយ​លើ​ទីផ្សារ ។ ទន្ទឹម​នឹង​នេះ ក៏​មានការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ និង​កែប្រែ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​នៃ​សម័យកាល​បច្ចេកវិជ្ជា​ទំនើប » ។

បច្ចុប្បន្ន ទឹកបរិសុទ្ធ Oral មាន​៥​ប្រភេទ គឺ​ចំណុះ​២២០​មី​ល្លី​លី​ត្រ ក្នុង​១​កេស​មាន​៤៨​កែវ​, ចំណុះ​៣៥០​មី​ល្លី​លី​ត្រ និង​ចំណុះ​៥០០​មី​ល្លី​លី​ត្រ ដែល​ប្រភេទ​ទាំង​ពីរ​នេះ​ក្នុង​១​កេស​មាន​២៤​ដប​, ចំណុះ​១៥០០​មី​ល្លី​លី​ត្រ ក្នុង​១​កេស​មាន​១២​ដប និង​ប្រភេទ​២០​លី​ត្រ ។

ពេល​នេះ​អង្គភាព​យើងខ្ញុំ​បាន​ផ្លាស់​ប្តូរ​រូបភាព​ដប និង​សំបក​កេស​ថ្មី​ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​នៃ​អង្គភាព​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ ដែល​នឹង​ចែកចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ រូបភាព​ដប​ថ្មី​នេះ គឺ​ស្រស់ថ្លា និង​មាន​សោភ័ណ​ភាព​ស្អាត​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ទំនើប ព្រមទាំង​មាន​អាំង​ប៉ាវ​សំណាង​រហូត​ដល់​២០០​លាន​រៀល​នៅ​ក្នុង​កេស​ផង​ដែរ ។

លោក​ប្រធាន​ផ្នែក​ផលិតកម្ម​រូប​នេះ​បន្ដ​ថា ៖ « បច្ចុប្បន្ន អង្គភាព​ផលិត​ទឹកបរិសុទ្ធ Oral មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អតិថិជន​នៅ​លើ​ទីផ្សារ ។ បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​មុន​ពេល​ចូល​បម្រើ​ការងារ និង​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ និង​ស្ទាត់ជំនាញ ។ ចំណែក​ផលិតផល​សម្រេច​ត្រូវ​បាន​ត្រួតពិនិត្យ​លើ​គុណភាព​យ៉ាង​ត្រឹមត្រូវ​រាល់ពេល​ដោយ​មន្ទីរពិសោធន៍​របស់​រោងចក្រ​ផ្ទាល់​មុន​ចែកចាយ​លើ​ទីផ្សារ ហើយ​បាន​បញ្ជូន​ផលិតផល​សម្រេច​ទៅ​ពិនិត្យ​គុណភាព​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ និង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា ជា​រៀង​រាល់​ខែ​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​មន្ទីរពិសោធន៍​របស់​រោងចក្រ ។ ទន្ទឹម​នឹង​នេះ អង្គភាព​ត្រូវ​បាន​អង្គការ​ស្ដង់ដា​ពិភពលោក​ចុះ​មក​ពិនិត្យ​រៀង​រាល់​ឆ្នាំ​ផង​ដែរ » ។

ទោះបី​យ៉ាងណា លោក ដា​រ៉ូ បាន​បញ្ជាក់​ថា ៖ « អង្គភាព​របស់​យើង​ជា​ស្ថាប័ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែល​មិន​សំដៅលើ​ប្រាក់​ចំណេញ តែ​ធ្វើ​យ៉ាងណា ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ដូច​ទិស​ស្លោក​បាន​សរសេរ​ថា « ពិសា​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ គឺជា​ការ​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​» ដូច​មាននៅ​លើ​សំបក​ដប​ផង​ដែរ » ។

ការ​រីក​ចម្រើន​នៃ​អង្គភាព​ទឹក​ពិសា​បរិសុទ្ធ Oral ក៏​បាន​ដោយសារ​តែ​ការ​គាំទ្រ និង​ផ្ដល់​ទំនុកចិត្ត​ពី​តាម​ស្ថាប័នរដ្ឋ ឯកជន និង​អតិថិជន​ទាំងអស់​នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស ផង​ដែរ ។

ដោយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​លើ​ការ​គ្រប់គ្រង ការ​បង្កើន​គុណភាព ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​អនាម័យ​ត្រឹមត្រូវ​តាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ ទើប​ធ្វើ​ឲ្យ​អង្គភាព​ទឹកបរិសុទ្ធ Oral ទទួល​បាន​នូវ ៖

ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១០ ទទួល​បាន​នូវ​វិញ្ញាបនបត្រ ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ HACCP ថ្នាក់​អន្តរជាតិ ។
ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១០ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO 9001:2008 ថ្នាក់​អន្តរជាតិ ។
ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO 9001:2008 ថ្នាក់​ជាតិ ពី​វិទ្យាស្ថាន​ស្ដង់ដា​កម្ពុជា ។
ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ ទទួល​បាន​នូវ​វិញ្ញាបនបត្រ ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ HACCP ថ្នាក់​ជាតិ​ពី​វិទ្យាស្ថាន​ស្ដង់ដា​កម្ពុជា ។

នៅ​ក្នុង​ឱកាស​អបអរសាទរ​ខួប​ទី​១០​ឆ្នាំ អង្គភាព​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​សូម​គោរព​ជូនពរ​សម្តេច ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ​ពិសា​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ សូម​ជួប​តែ​សំណាងល្អ សុខភាព​ល្អ និង​ពុទ្ធិ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕