ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ប្រេង PTT និង​សាខា​ក្រុមហ៊ុន​កំពុង​តែ​ចាត់​ផែនការ​បោះទុន​វិនិយោគ​នៅ​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​ការ​ចំណាយ ព្រមទាំង​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ខណៈ​ដែល​តម្លៃ​ប្រេង​សកល​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បន្ត​ធ្លាក់​ចុះ​នៅ​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Tevin Vongvanich បានឱ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន PTT នឹង​បោះទុន​វិនិយោគ​ចំនួន​៥០,៨​លាន​បាត​នៅ​ឆ្នាំ​២០១៦​នេះ ដែល​ផ្តោត​ទៅ​លើ​ការ​ធានា​ស្ថិរភាព​ថាមពល​របស់​ប្រទេស​ថៃ » ។

នេះ​គឺជា​ផ្នែក​មួយ​នៃ​ថវិកា​ចំណាយ​មូលធន​រយៈពេល​ប្រាំ​ឆ្នាំ ដែល​មាន​ចំនួន​២៩៩​ពាន់​លាន​បាត​នៃ​តម្លៃ​ដែល​បាន​កំណត់​ចំនួន​២០០​លាន​បាត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ។ ការ​បង្ខំចិត្ត​កាត់​បន្ថយ​មូលធន​ចំណាយ​របស់ PTT នេះ គឺ​បណ្តាល​មក​ពី​តម្លៃ​ប្រេង​ធ្លាក់​ចុះ ។

លោក Tevin Vongvanich បន្ត​ថា ៖ « ក្រុមហ៊ុន​នឹង​បត់បែន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​រយៈពេល​៥​ឆ្នាំទៅ​មុខ​ទៀត ដោយ​ធ្វើការ​កែតម្រូវ និង​ពន្យារពេល​គម្រោង​ចម្រាញ់​ប្រេង​នៅ​បរទេស » ។

សម្រាប់​ប្រទេស​ថៃ​វិញ នឹង​បន្ត​វិនិយោគ​ក្នុង​រោងចក្រ​ឧស្ម័ន​ធម្មជាតិ LNG ជា​ពិសេស ស្ថានីយ​ឧស្ម័ន​ធម្មជាតិ និង​កន្លែង​ផ្ទុក ព្រមទាំង​ចម្រាញ់​ឧស្ម័ន FSRU ដើម្បី​ពង្រីក​សក្តានុពល​របស់​ក្រុមហ៊ុន​សម្រាប់​បំពេញតម្រូវការ​នា​ពេល​អនាគត ។

« តម្រូវការ​លើ​ឧស្ម័ន​កំពុង​តែ​បន្ត​កើនឡើង ដូច្នេះ​ពួក​យើង​នឹង​បន្ត​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​ឧស្ម័ន ដើម្បី​បំពេញ​តម្រូវ​ដែល​កំពុង​កើនឡើង ក៏​ដូច​ជា​ជួយ​ដល់​ការ​រក្សារ​ស្ថិរភាព​ផ្គត់ផ្គង់​ក្នុងអំឡុងពេល​តំបន់​ផលិត​ឧស្ម័ន​ដ៏​ធំ​នៅ​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​បិទ​ដើម្បី​អភិវឌ្ឍ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Tevin Vongvanich ។

លោក​បន្ត​ថា ៖ « ស្ថានីយ​ផ្ទុក​ឧស្ម័ន និង ចម្រាញ់​ឧស្ម័ន FSRU នឹង​ជួយ​ទាំង​ការ​ផ្គត់ផ្គង់​ឧស្ម័ន និង​ការ​ដឹក​ជញ្ជូន​ឧស្ម័ន​ពី​ភាគ​ខាងលិច​ប្រទេស​ថៃ​ទៅ​រោងចក្រ​ថាមពល​ដ៏​ធំ​នៅ​ខេត្ត Ratchaburi និង​រោងចក្រ​ថាមពល​ផ្សេង​ៗ​ទៀត​នៅ​តំបន់​កណ្តាល ។ ក្នុង​នោះ​ដែរ កន្លែង​ផ្ទុក និង​ចម្រាញ់​ឧស្ម័ន FSRU គឺ​ស្ថិត​នៅ​ក្រោម​ពី​ការ​សិក្សា​នៅឡើយ​ទេ ប៉ុន្តែ​វា​នៅ​តែ​ជា​គម្រោង​ដែល​ក្រុមហ៊ុន​នឹង​យក​មក​អនុវត្ត » ។

សាខា​ក្រុមហ៊ុន​រុករក និង​ផលិត​ប្រេង PTTEP ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​រុករក​ប្រេង​នោះ ក៏​មាន​បំណង​កាត់​បន្ថយ​ការ​ចំណាយ និង​ពន្យារពេល​គម្រោង​ចម្រាញ់​ប្រេង​នៅ​រោងចក្រ​បរទេស​ផង​ដែរ ។ ក្នុង​នោះ​ដែរ PTTEP ក៏​បាន​កាត់​បន្ថយ​មូលធន​ថវិកា​៣​ដង ដែល​មាន​ចំនួន​២,០៩​ពាន់​លាន​បាត មក​ត្រឹមតែ​៣​លាន​បាត​ដើម្បី​ឲ្យ​សមាមាត្រ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ។

ប្រធាន និង​នាយក​ប្រតិបត្តិ លោក Somporn Vongvuthipornchai បាន​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន PTTEP ធ្លាប់​បាន​ទម្លាក់​តម្លៃ​ប្រេង​របស់​ខ្លួន​មក​នៅ​ត្រឹម​៤០​ដុល្លារ​ក្នុង​មួយ​ធុង ហើយ​នៅ​ឆ្នាំ​នេះ​គ្រោង​នឹង​កាត់​បន្ថយ​ឲ្យ​មក​ត្រឹម​តម្លៃ​តិច​ជាង​៣៨​ដុល្លារ​ក្នុង​មួយ​ធុង » ។

ប្រសិនបើ​តម្លៃ​ប្រេង​ដែល​ស្ថិត​នៅ​ក្រោម ៤០​ដុល្លារ​រយៈពេល​យូរ ក្រុមហ៊ុន​នឹង​ពន្យារពេល​ការ​រុករក​រ៉ែ និង​ការ​អភិវឌ្ឍ​តំបន់​ឧស្ម័ន Cash Maple របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី គម្រោង​ខ្សាច់​ប្រេង​នៅ​ប្រទេស​កា​ណា​ដា និង​គម្រោង Myanmar M3 នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ទោះជា​យ៉ាងណា គម្រោង Rovuma A1 ក្នុង​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក នឹង​បន្ត​អភិវឌ្ឍ​រោងចក្រ​ឧស្ម័ន​ធម្មជាតិ​នៅ​ឆ្នាំ​នេះ ដែល​វា​ជា​ប្រ​តិ​ប​តិ្ត​ការ​នៅ​ក្នុង​ឆ្នាំ​២០២០ ក្នុង​ការ​ផលិត​បាន​ឧស្ម័ន​១២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

ក្រុមហ៊ុន PTT Global Chemical Plc ក៏​នៅ​តែ​បន្ត​ផែនការ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ខ្លួន ដែល​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២០០​ពាន់​លាន​បាត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន PTT នៅ​ម៉ោង​បិទ​ផ្សារ​ហ៊ុន​ថៃ កាលពី​ថ្ងៃ​ចន្ទ បាន​កើនឡើង​១,២% ដែល​មាន​តម្លៃ​ពី​២១១​បាត​ទៅ​២១៤​បាត ៕