ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ភាគហ៊ុន​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះអាវុធ និង​បាញ់ប្រហារ​ជា​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​កណ្តាល​ទីក្រុង​ហ្សា​រកា​តា កាលពី​ថ្ងៃ​ទី​១៤ មក​រា នេះ ។

ស​ន្ទ​ស្សន៍​នៃ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហ្សា​រកា​តា បាន​ធ្លាក់​ចុះ​៤.៤៥៦,៤៦​ពិន្ទុ ។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ និង​ទំនិញប្រើប្រាស់​ទូទៅ គឺ​ស្ថិត​ក្នុង​សភាព​ធ្លាក់​ចុះ​នា​រដូវ​កាល​កន្លង​មក ។ សម្រាប់​រូបិយប័ណ្ណ​រូពី​បាន​ធ្លាក់​ចុះ​ប្រមាណ​១% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ គឺ​នៅ​ចំណុច​ទាប ១៣.៣៩០ ។

ភាគហ៊ុន​មានការ​ធ្លាក់​ចុះ​បន្តិច ប៉ុន្តែ​បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​នៅ Wall Street ក្នុង​រយៈពេល​មួយ​យប់​សោះ ស្រាប់តែ​ភាគហ៊ុន​បន្ត​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែ​ម្តង ។ ច្បាស់​ណាស់ ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​វិនិយោគ​ជា​ខ្លាំង ពីព្រោះ​សេដ្ឋកិច្ចជាតិ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​សម្ពាធ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Bernard Aw មក​ពី​ក្រុមហ៊ុន​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ ។

សេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​៦​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​កំណើន ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្ថិត​ក្នុង​អត្រា​៤,៦៧% នៅ​ក្នុង​ត្រីមាស​ទី​ពីរ ។ ទន្ទឹម​នឹង​នេះ កំណើន​សេដ្ឋកិច្ចជាតិ​បាន​កើនឡើង​៤,៧៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​នៅ​តែ​ទាប​ជាង​ការ​ព្យាករ​របស់​ធនាគារកណ្តាល​បន្តិច គឺ​ក្នុង​អត្រា​៤,៩% ។

អ្នកវិភាគ​ជាន់ខ្ពស់​របស់​ធនាគារ Maybank លោក Leslie Tang បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ផ្ទុះ​គ្រាប់បែក​នេះ បាន​ធ្វើ​ឲ្យ​មាន​ទស្សនវិស័យ​មិនល្អ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ដើមឆ្នាំ​២០១៦ ក្នុង​ភាព​មិន​ប្រាកដប្រជា ដែល​សំដៅលើ​ការ​លក់​ភាគហ៊ុន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​នៅ Wall Street ធ្វើ​ឲ្យ​ប្រទេស​ចិន​មានការ​បារម្ភ​ជា​ខ្លាំង » ។

លោក Michael Every មក​ពី​ធនាគារ Rabobank សង្ឃឹមថា ៖ « ប្រតិកម្ម​ទៅ​នឹង​សោកនាដកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​ចំ​កណ្តាល​ទីក្រុង​ហ្សា​រកា​តា នឹង​រលាយ​បាត់​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​កត្តា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ទស្សនវិស័យ​មិនល្អ​របស់​ចិន​ទៅ​លើ​ផ្សារ​ហ៊ុន​នៅ​តែ​បន្ត » ។

ទីផ្សារ​ហ៊ុន​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ពេល​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឲ្យ​ការ​វិល​ត្រឡប់​មក​សភាព​ធម្មតា​របស់​ទីផ្សារ​ហ៊ុន​អាច​នឹង​មាន​ទិស​ដៅ​ធ្លាក់​ចុះ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ស្រាវជ្រាវ​ហិរញ្ញវត្ថុ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ទន្ទឹម​នឹង​នេះ​ដែរ ធនាគារកណ្តាល​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មក​ត្រឹម​២៥​ពិន្ទុ​គោល នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ធ្វើ​ឲ្យ​គោលនយោបាយ អត្រា​ការ​ប្រាក់​របស់​ខ្លួន​ធ្លាក់​ចុះ​៧,២៥% ។

ធនាគារ​ឥណ្ឌូ​ណេ​ស៊ី បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​ចាំបាច់​ត្រូវ​វាយតម្លៃ​ពី​តម្រូវការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយប័ណ្ណ​បន្ថែម​ទៀត ព្រោះ​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​ត្រីមាស​ទី​៤ កន្លង​ទៅ​នេះ​គ្មាន​ភាពល្អ​ប្រសើរ​ឡើង​សោះ ៕