ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ មានការ​ព្យាករ​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់​ថា អាច​ប្រឈម​នឹង​ការ​លំបាក ។ នេះ​បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច លោក Nguyen Quynh Nga ។

លោក Nguyen Quynh Nga អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍
ប្រាប់​អ្នកចូលរួម​ក្នុង​ឱកាស​សិក្ខាសាលា​ស្តី​ពី​សេដ្ឋកិច្ច​សង្គម​របស់​វៀតណាម ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហាណូយ​ថា ៖ « ក្នុង​ឆ្នាំ​២០១៥ កិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) រំពឹង​ថា នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ នៅ​ប្រទេស​ណូ​វែ​ល​សេ​ឡង់ ។ ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​វៀតណាម​កំពុង​តែ​រៀបចំ​ឯកសារ​សម្រាប់​ការ​ចុះហត្ថលេខា​នៃ​ភាព​ជា​ដៃគូ​នេះ » ។

លោក Nguyen Quynh Nga មាន​ប្រសាសន៍​ទៀត​ថា ៖ « ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ធំ​ៗ​រួម​មាន អា​មេ​រិ​ក ជប៉ុន និង​សហភាព​អឺរ៉ុប អាច​ជួយ​ឱ្យ​ប្រទេស​វៀតណាម​ពង្រីក​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន និង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​បណ្តា​ប្រទេស​ទាំងនោះ ព្រមទាំង​បង្កើន​ការ​ចូលរួម​ខ្សែ​សង្វា​ក់​នៅ​ថ្នាក់​តំបន់ និង​សេវា​អភិវឌ្ឍន៍ » ។

ប្រទេស​វៀតណាម​បាន​បន្ត​យន្តការ​សេដ្ឋកិច្ច​របស់​ខ្លួន បង្កើន​ការ​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អាជីវកម្ម​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​ទៀត ។
លើស​ពី​នេះ​ទៀត បញ្ហា​ដែល​វៀតណាម​កំពុង​ប្រឈម​រួម​មាន ការ​កាត់​បន្ថយពន្ធ​លើ​ការ​នាំ​ចូល ការ​ដាក់​សម្ពាធ​ទៅ​លើ​ការ​ប្រកួតប្រជែង​ពី​សេវាកម្ម និង​ទំនិញ​បរទេស បញ្ហា​ធនធានមនុស្ស និង​គុណភាព​បច្ចេកវិទ្យា​ខ្ពស់ នៅ​តែ​មាន​កម្រិត​ទាប​នៅឡើយ ។

អគ្គនាយក​សាលា​បណ្តុះបណ្តាល​នៅ​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​វៀតណាម (BIDV) លោក Can Van Luc លើក​ឡើង​ថា ៖ « វៀតណាម​អាច​នឹង​ទទួល​បាន​អត្​ថប្រយោជន៍ជា​ច្រើន​ទៀត​ពី​ការ​ចុះ​កិច្ចព្រមព្រៀង TPP នេះ នៅ​ពេល​ដែល​វា​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ ។ ធនាគារពិភពលោក​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​អាច​នឹង​កើនឡើង​១០%​បន្ថែម​ទៀត បន្ទាប់​ពី​បាន​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង TPP ជា​ស្ថាពរ » ។

លោក Can Van Luc ឱ្យ​ដឹង​ទៀត​ថា ៖ « វៀតណាម និង​កម្ពុជា ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ច្រើន​ជាងគេ​បំផុត​បន្ទាប់​ពី​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៅ​ឆ្នាំ​២០១៥ » ។

ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀតណាម នឹង​កើនឡើង​៣,៥% ហើយ​អាច​បន្ត​កើនឡើង ១០% បន្ទាប់​ពី​វៀតណាម​បាន​ចូលរួម​កិច្ចព្រមព្រៀង TPP ។

លោក Can Van Luc បន្ថែម​ថា ៖ « គ្រប់​វិស័យ​ទាំងអស់​អាច​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង TPP ដូច​ជា វិស័យ​វាយនភ័ណ្ឌ ជលផល ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ដឹក​ជញ្ជូន » ។

ក្រៅពី​វិស័យ​អចលនទ្រព្យ​មាន ផលិតផល​ដែក ឈើ និង​ថ្នាំពេទ្យ ។ ទន្ទឹម​នឹង​នេះ​ដែរ វិស័យ​ប្រឈម​នឹង​ការ​លំបាក​មាន រថយន្ត កំពង់​ផែ សាច់​គោ ស្ករ និង​គ្រឿង​ស្រវឹង។

ចំណែក​លោក​សាស្ត្រាចារ្យ Trung Thanh នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ចជាតិ បាន​ឲ្យ​ដឹង​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦​ថា ៖ « កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​ភាពល្អ​ប្រសើរ ដែល​គួរ​អរគុណ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ដូច​ជា​សហរដ្ឋអាមេរិក ជាដើម » ។

នៅ​ឆ្នាំ​នេះ សេដ្ឋកិច្ច​វៀតណាម​នឹង​បន្ត​រើប​ឡើង​វិញ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​មាន​សន្ទុះ​កើនឡើង​ខ្លាំង​ជាង​មុន ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ដើរតួ​យ៉ាង​សំខាន់។

ប្រទេស​វៀតណាម​នឹង​ចូលរួម​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​ជាស​កល និង​ទទួល​បាន​ឱកាស​ជា​ច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ដើម្បី​បង្កើន​ការ​នាំ​ចេញ និង​ទាក់ទាញ​ទុន​វិនិយោគ​កាន់តែ​ច្រើន​ឡើង ។

លោក Trung Thanh ព្យាករណ៍​ថា ៖ « នៅ​ឆ្នាំ​២០១៦ ការ​អនុវត្ត​គោលនយោបាយ​រូបិយប័ណ្ណ នឹង​មាន​ទីផ្សារ​ចង្អៀត ចំណែក​អត្រា​ប្តូរ​ប្រាក់​នឹង​ត្រូវ​បាន​កែប្រែ ។ ចំណែក​តម្លៃ​ទំនិញ​មួយ​ចំនួន​នឹង​ចាប់ផ្តើម​ឡើងថ្លៃ ហើយ​សម្ពាធ​លើ​បំណុល​សាធារណៈ និង​ការ​ចូលរួម​នៃ​ក្រុមហ៊ុន​ឯកជន​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ចជាតិ » ។

ជាង​នេះ​ទៀត វៀតណាម​ខ្វះខាត​ក្នុង​ការ​លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ដូច្នេះ វៀតណាម​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ជា​ចម្បង ៕