ក្រុមហ៊ុន SpaceX ទទួលជោគជ័យ ក្នុងការបង្ហោះផ្កាយរណប អង្កេតមហាសមុទ្រ

លុមប៉ុច៖ ក្រុមហ៊ុនឯកជន SpaceX របស់អាមេរិក បានធ្វើការ បាញ់បង្ហោះ ផ្កាយរណប Jason-3 ទៅកាន់គន្លងតារាវិថី ដោយជោគជ័យ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ ២០១៦ ប៉ុន្តែបាន ទទួលបរាជ័យទៅវិញ សម្រាប់ការព្យាយាមបាញ់គ្រាប់រ៉ុក្កែត Falcon 9 ដោយសាកល្បងចេញពីនាវា ក្នុងមហាសមុទ្រ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ។

ផ្កាយរណប ខាងលើនេះ ត្រូវបានបាញ់បង្ហោះ កាលពីវេលាម៉ោង ១០ និង ៤២ នាទីព្រឹក ថ្ងៃអាទិត្យ ចេញពីមូលដ្ឋានទ័ពអាកាស វេនដិនប៊ឺក ដែលវាមានទម្ងន់ ជាង ៥១០ គីឡូក្រាម ប្រើប្រាស់សម្រាប់ អង្កេត ចលនានានា ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ វាក៏នឹងធ្វើការសិក្សា ពី ផ្ទៃសមុទ្រ ព្រមទាំង បង្កើតផែនទីថ្មី សម្រាប់កម្រិតនៃកម្ពស់ទឹកសមុទ្រផងដែរ។

គួរបញ្ជាក់ថា Jason-3 នឹងដើរតួនាទីជំនួសឲ្យផ្កាយរណប TOPEX របស់សហគមន៍អឺរ៉ុប ដែល ត្រូវបានបាញ់បង្ហោះកាលពីខែសីហា ឆ្នាំ ១៩៩២ ដោយសារតែវាមានវ័យចំណាស់ ហើយត្រូវបាន ផ្អាកដំណើរ កាលពី ឆ្នាំ ២០០៦ ទៅហើយ។ ក្រៅពី Jason-3 អាមេរិក ក៏ធ្លាប់ បានបាញ់បង្ហោះផ្កាយ រណបស៊េរីដូចគ្នានេះដែរ គឺ Jason-1 និង Jason-2 កាលពីឆ្នាំ ២០០៨ និង ២០១៣ ដើម្បីសិក្សាពី ចលនាមហាសមុទ្រដូចគ្នា៕

ក្រុមហ៊ុន SpaceX ទទួលជោគជ័យ ក្នុងការបង្ហោះផ្កាយរណប អង្កេតមហាសមុទ្រ