មេបញ្ជាការកងទ័ពអាមេរិក នឹងបំពេញទស្សន កិច្ចជប៉ុន ដើម្បីពិភាក្សា បញ្ហា កូរ៉េខាងជើង

តូក្យូ៖ យោងតាមប្រភពការទូត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មេបញ្ជាការ កងទ័ពអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក គ្រោងនឹងបំពេញ ទស្សនកិច្ចជប៉ុន នៅខែក្រោយដើម្បី ជួបពិភាក្សាគ្នាជាមួយនឹងថ្នាក់ដឹកនាំជប៉ុន ស្តីពីការកើនឡើងនៃវត្តមានយោធាចិន ក៏ដូចជា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃទី០៦ ខែមករា នេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ មេបញ្ជាការកងទ័ពអាមេរិកលោក ហារី ហារីស ត្រូវបានគេ រំពឹងថា នឹងជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ និង រដ្ឋមន្រ្តី ការពារជាតិជប៉ុន ដើម្បីជជែកគ្នាលើបញ្ហាការធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង កាលពីសប្តាហ៍ មុន។

ភាគីទាំងពីរ (អាមេរិក ជប៉ុន) ទំនងជានឹងបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្នីទ ដែលជាការ ឆ្លើយតប នឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង សម្រាប់ពេលអនាគត ហើយជប៉ុន កំពុងសម្លឹងមើល ជំហានមួយទៀតដើម្បីដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ខណៈដែល មានការចូលរួមពីចលនា អន្ដរជាតិ ស្របតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ (គ្រាប់បែក អ៊ីដ្រូសែន) កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ បញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ ប៉ាស៊ីហ្វិក បាន បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 មួយគ្រឿង ឲ្យហោះហើរលើប្រទេសកូរ៉េខាងត្បូង ក្នុងឥរិយាបថ ដូចជាចង់បង្ហាញពីឥទ្ធិពល នៃយោធារបស់ខ្លួនទៅកាន់កូរ៉េខាងជើង៕

មេបញ្ជាការកងទ័ពអាមេរិក នឹងបំពេញទស្សន កិច្ចជប៉ុន ដើម្បីពិភាក្សា បញ្ហា កូរ៉េខាងជើង