ការបង្ក្រាប​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​យឺត​ពេល​

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នៅ​ភូមិ​ខ្នង​ក្រពើ ឃុំ​តា​លុង ស្រុក​មេមត់ និង​នៅ​ភូមិ​បេង ឃុំ​ដា ស្រុក​មេមត់​។ ប៉ុន្តែ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហៀ​ង សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ គឺ​យឺត​ពេល​ខ្លាច​ទៅជា​រឿង​ឥតន័យ​។ ដោយហេតុថា រថយន្ត​ដឹកឈើ​និង​ឈើ​ប្រណីត​ខុសច្បាប់​ត្រូវបាន​គេ​ដឹកជញ្ជូន​ចេញពី​ឃ្លាំង​ផុត​ទៅហើយ នៅសល់តែ​ឈើ​ដែលមាន​ច្បាប់​តិចតួច​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ក្លា​។

សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ផងដែរ ប្រសិនបើ​មិន​ហ៊ាន​ចាត់វិធានការ​ទៅលើ​ឧកញ៉ា​ទាំង​២​នាក់​ដែល​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ជាមួយគ្នានេះ​មានការ​បង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផងដែរ ក្នុងខណៈដែល​ព្រៃឈើ​នៅ​សេសសល់​តិចតួច​ក្នុងប្រទេស​កម្ពុជា ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។

​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន ក្រោយពេល​លេច​ឮថា ឧកញ៉ា ខ្នា គេចខ្លួន​ទៅ​ស្រុក​យួន​ភ្លាមៗ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០១៦​។ ចំណែក​ឧកញ៉ា សឹង សំអុល មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​កន្លែង​កំពុងស្នាក់នៅ​នោះទេ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​នៅ​ស្រុក​មេមត់ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០១៦​។ ក្រុម​អ្នកសង្កេតការណ៍​បាន​រិះគន់ថា ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​គឺ​យឺត​ពេល ព្រោះ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មេ​ឈ្មួញ សឹង សំអុល បាន​ជម្លៀស​រថយន្ត​ដឹកឈើ​និង​ឈើ​ខុសច្បាប់​ចេញពី​ឃ្លាំង​អស់​ទៅហើយ​នៅសល់តែ​ឈើ​ស្របច្បាប់​តិចតួច​ដែល​សមត្ថកិច្ច​កំពុង​រៀបចំ​ឯកសារ​ធ្វើ​របាយការណ៍​បញ្ជូនមក​ថ្នាក់លើ​តែប៉ុណ្ណោះ​៕

abc-8 abc-9 abc-27 abc-44 abc-53