សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី​ទៅ​លក់​នៅ​ស្រុក​យួន នៅតែ​កើតមាន​យ៉ាង​រាលដាល​

​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​គោយន្ត​កន្ត្រៃ​ទៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​កែវ​សីមា ទៅ​លក់​នៅ​ស្រុក​យួន បាន​កើតឡើង​កាន់តែខ្លាំង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៉ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែលជា​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ត្រូវបាន​គេ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​បន្ត​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​ទៅ​លក់​នៅ​ស្រុក​យួន​។

​សកម្មជន​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅតាម​ផ្លូវ​តុង​មិន ឃុំ​អូរ​គ្រាន ស្រុក​សំបូរ ខេត្តក្រចេះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គឺ​ចាប់តាំងពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ មាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​ដឹកឈើ​ប្រណីត​មានមុខ​កាត់​ធំៗ​ចេញពី​កន្លែង​ស្តុក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​។ អ្នក​នៅ​ពីក្រោយ​ម្ចាស់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ត្រូវបាន​គេ​ដឹងថា មាន​ឈ្មួញ​ធំៗ​នៅ​ពី​ក្រោយខ្នង ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តក្រចេះ​ថែមទៀត​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ ប្រាកដជា​ចាត់វិធានការ​ទប់ស្កាត់​ជាមិនខាន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា មាន​គោលដៅ​២​ដែល​ក្រុម​ជនល្មើស​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​ទៅ​ស្រុក​យួន គឺ​គោលដៅ​ទី​១ តាមផ្លូវ​ជាតិ​លេខ​៧​កាត់​តាម​ចំណុច​ខ្លា​ស្ទុះ​ស្ថិតនៅ​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់​ច្រក​ទន្លេ​ចាម​ខេត្ត​ត្បូងឃ្មុំ និង​គោលដៅ​ទី​២ តាម​ច្រកព្រំដែន​ខេត្តក្រចេះ ជាប់​ជាមួយ​ប្រទេស​យួន​តែម្តង​។ ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ធំៗ​កាប់​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រង់​គីឡូម៉ែត្រ​លេខ​១០៥-១០៧ ដែលមាន​មន្ត្រី​អាវុធហត្ថ​នៅ​ទីស្នាក់ការ​៧០៩​តំបន់​កា​៣ ហើយ​ពេលខ្លះ​ឈ្មួញ​ដឹកឈើ​តាមផ្លូវ​ត្រពាំង​គ្រញូង​ទៅកាន់​ព្រំដែន​ប្រទេស​យួន​តែម្តង​។ បញ្ហា​នេះ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​បំផុត ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​រាលដាល​៕

12509551_1546114309036268_4828705115895679687_n 12439077_1546114435702922_7161752851588774494_n 12540714_1546114185702947_6148517928657865806_n 12494658_1546114252369607_5386017787707356384_n 12400857_1546114179036281_5073952926320258443_n 12522976_1546114255702940_4219560419590237141_n 12552829_1546114289036270_4381084042262358739_n