ធ្មេញ​ទឹកដោះ​ ហេតុ​អ្វី​បាន​ជា​ពេល​ខ្លះ​មាន​ពណ៌​លឿង​ ?

Cool​ News ​បាន​ដក​ស្រង់​ប្រសាសន៍​សន្ទនា​រ​បស់​ លោក​ទន្ដ​បណ្ឌិត​  Christophe Azevedo ​នៃ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ជំរា​ប​ជូ​ន​លោក​អ្នក​នាង​ អំពី​សុខភាព​ធ្មេញ​របស់​កុមា​រ។ ហេតុ​អ្វី​បាន​ជា​ធ្មេញ​ក្មេង​មាន​ពណ៌​លឿង​ ? ធ្មេញ​ទឹក​ដោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​? តើ​ត្រូវ​ចាប់​ផ្តើម​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​ច្រាស​ពេល​ណា​? និង​គួរ​ជ្រើស​រើស​ថ្នាំ​ដុស​ធ្មេញ​ប្រភេទ​ណា ?​​១- ហេតុ​អ្វី​បាន​ជា​ធ្មេញ​ទឹក​ដោះ​រ​បស់​កូន​ក្មេង​ មាន​ពណ៌​ឡើង​លឿង ?​ ជា​ធម្មតា​ម្តាយ​គ្រប់​រូប​គិត​ថា​ធ្មេញ​លឿង​គឺ​បណ្តាល​មក​ពី​កុមារ​នោះ​បាន​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ច្រើន​ តើ​គំនិត​នេះ​សម​ហេតុ​ផល​ដែរ​ឬ​ទេ​?!
ធ្មេញ​ទឹកដោះ​ ហេតុ​អ្វី​បាន​ជា​ពេល​ខ្លះ​មាន​ពណ៌​លឿង​ ?

ទន្ដបណ្ឌិត Christophe Azevedo ៖ និយាយដោយស្មោះត្រង់ គំនិតដែលចោទថាថ្នាំផ្សះថាជាបុព្វហេតុនាំឱ្យធ្មេញលឿង លែងសមហេតុផលហើយ ! សូមកុំភ្លេចថា ធ្មេញស្រុក នឹងមានសភាពលឿងជាងធ្មេញព្រៃ ឬធ្មេញទឹកដោះ ព្រោះធ្មេញស្រុកមានការលូតលាស់ រចនាសម្ព័ន្ធ និងសាច់ធ្មេញខុសពីធ្មេញទឹកដោះ។ កាលពីមុនគេអាចគិតដូច្នោះបាន គិតថាលេបថ្នាំផ្សះច្រើននឹងអាចធ្វើឱ្យធ្មេញលឿងខ្លាំង ប៉ុន្តែពេលសម័យបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវវេជ្ជសាស្ត្របានដឹងហើយ ព្រមទាំងមានការប្រុងប្រយ័ត្ន មិនឱ្យមានថ្នាំផ្សះអង់ទីប៊ីយ៉ូទិចណាបង្ក ឬរំខានដល់សុខភាពធ្មេញទៀតទេ។ ពណ៌លឿងជាញឹកញាប់ច្រើនបណ្តាលមកពីកាកសំណល់ សំអេកជាប់កកលើធ្មេញប៉ុណ្ណោះ។២- ចុះធ្មេញឡើងពណ៌ខ្មៅ ?– ទន្ដបណ្ឌិត Christophe Azevedo ៖ ក្នុងករណីនេះ ត្រូវទៅជួបគ្រូពេទ្យឯកទេសធ្មេញភ្លាម។ ប្រសិនបើសាច់ធ្មេញទឹកដោះខាងក្នុងមានពណ៌ខ្មៅ នោះអាចជាការប្រែប្រួលជាលិកា ជាលិការស់របស់ធ្មេញដែលរងការប៉ះទង្គិច មានគ្រាំ សរសៃប្រសាទដំណើរការមិនស្រួល ទើបធ្វើឱ្យសភាពខ្មៅៗលេចឡើងនៅក្នុងធ្មេញ ដូច្នេះត្រូវទៅព្យាបាលភ្លាម។៣- កុមារដែលបាក់ធ្មេញព្រៃមុនអាយុកាល តើអាចមានផលវិបាកអ្វីទៅថ្ងៃក្រោយដែរឬទេ?– ទន្ដបណ្ឌិត Christophe Azevedo ៖ នោះវាអាស្រ័យទៅនឹងពេលវេលានៃការបាក់ធ្មេញ។ បើបាក់ឬបែកជ្រុះធ្មេញទឹកដោះ ពេលជិតដល់អាយុបាក់ជាធម្មជាតិ នោះវាមិនអីទេ។ ធ្មេញស្រុកនឹងលូតលាស់ដុះចេញមកជំនួសកន្លែងធ្មេញព្រៃលឿនៗ។ ផ្ទុយទៅវិញ បើកុមារ បាក់ធ្មេញទឹកដោះឆាប់ពេក នៅអាយុតិចទើបតែពីរឬបីខួប នោះត្រូវសាកល្បងយកធ្មេញបាក់មកភ្ជាប់វិញ ព្រោះថាធ្មេញព្រៃនេះមានតួនាទីសំខាន់ណាស់ ក្នុងការរក្សាកន្លែង។ ប្រសិនបើគ្មានធ្មេញព្រៃទេ ធ្មេញផ្សេងៗទៀតអាចយកកន្លែង បិទមិនឱ្យធ្មេញសុ្រកដុះលូតលាស់ចេញមកក្រៅបាន។ ម្យ៉ាងទៀត ចំពោះធ្មេញកណ្តុរខាងមុខវិញ មានតួនាទីសំខាន់បន្ថែមមួយទៀតក្នុងការសិក្សានិងបញ្ចេញសំឡេងរៀនភាសានិយាយ។ ជាដំណោះស្រាយ បើមិនអាចភ្ជាប់ធ្មេញបានទេ នោះត្រូវតែទៅពេទ្យដើម្បីបំពេញចន្លោះធ្មេញនេះ ឱ្យរក្សាកន្លែងទំនេរសម្រាប់ធ្មេញស្រុក។៤-តើចាប់ពីអាយុប៉ុន្មានខែ ប៉ុន្មានឆ្នាំ គួរចាប់ផ្តើមដុសធ្មេញឱ្យកុមារ ? ព្រោះថាមិនជាការងាយស្រួលទេដែលចាប់បង្ខំឱ្យទារក/ កុមារបើកមាត់ ហើយចាប់ដុសធ្មេញ ម្តាយគ្រប់រូបតែងតែខ្លាចធ្វើឱ្យកូនឈឺទៀតផង !– ទន្ដបណ្ឌិត Christophe Azevedo ៖ មិនត្រូវរុញរា ខ្លាចទេ ! នៅពេលដែលកុមារមានធេ្មញដុះចេញមកក្រៅពេញរូបរាងហើយ ពោលគឺនៅអាយុប្រមាណ៦ខែ ធ្មេញនោះអាចរងការវាយប្រហារដង្កូវស៊ីបានគ្រប់ពេលវេលា ដូច្នេះអ្នកជាឪពុកម្តាយត្រូវតែថែទាំសម្អាតធ្មេញនោះឱ្យកូន ដោយជាបឋមត្រូវប្រើសំឡីកុំប្រេសពេទ្យសើមៗយកទៅជូតដុសលើធ្មេញ។ ដល់អាយុ១៨ខែ (មួយឆ្នាំកន្លះ) នៅពេលដែលចាប់ផ្តើមមានធ្មេញមុនថ្គាម នោះយើងអាចចាប់ផ្តើមដុសធ្មេញដោយប្រើកូនច្រាស និងដាក់ថ្នាំដុសធ្មេញបន្តិចនៅចុងច្រាស។ ដើម្បីការពារកុំឱ្យកុមារលេបថ្នាំដុសធ្មេញអ្នកជាម្តាយ ឬឪពុកត្រូវតែជួយដុសឱ្យកូន តែបើលេបបន្តិចបន្តួចក៏មិនអីដែរ។
៥- តើមានក្បួន និងច្បាប់វិធាននៃការដុសសម្អាតធ្មេញ ?– ទន្ដបណ្ឌិត Christophe Azevedo ៖ ក្បួនដុសសំខាន់បំផុត ដែលត្រូវទម្លាប់កុមារឱ្យដឹង គឺត្រូវដុសធ្មេញទាំងអស់ ធ្មេញមានច្រើន ជាទូទៅយើងច្រើនតែភ្លេចធ្មេញដែលនៅក្នុងៗ ជ្រៅៗ។ ឆ្លុះកញ្ចក់ដុះឱ្យគ្រប់ធ្មេញតាមសម្រួល មិនបាច់ប្រើកម្លាំងទេ តែដុសគ្រប់ធ្មេញទាំងអស់។ ហើយក្នុងវ័យនេះ មិនចាំបាច់អ្វីត្រូវគោរពរបៀបរបបដុស ពីលើចុះក្រោម ពីក្រោមឡើងលើ ឬជារង្វង់លើធ្មេញទេ។ ច្រាសដុសធ្មេញ យកល្អត្រូវមានសរសៃទន់ៗ។ ច្រាសដុសធ្មេញដាក់ថ្ម ឬដើរដោយអគ្គិសនី គ្មានប្រយោជន៍សោះសំរាប់កុមារ លើកលែងតែក្មេងជំទង់ និងមនុស្សចាស់ទើបអាចទាញផលល្អពីច្រាសដុសធ្មេញប្រភេទនេះ។៦- តើជាការញឹកញាប់ទេដែលធ្មេញទឹកដោះអាចមានដង្កូវស៊ី ?– ទន្ដបណ្ឌិត Christophe Azevedo ៖ ធ្មេញទឹកដោះ ក៏ដូចជាធ្មេញផ្សេងៗទៀតដែរ អាចទទួលរកការវាយប្រហារពីសំណាក់សារធាតុអាស៊ីត ឬដង្កូវស៊ី បានគ្រប់ពេលវេលា ! អាការៈនេះ អាស្រ័យទាំងស្រុងទៅលើរបៀបរបបរស់នៅ ការរក្សាអនាម័យមាត់ធ្មេញ មុននឹងចូលគេង ត្រូវតែដុសធ្មេញ និងជាពិសេសមានរបបចំណីអាហារត្រឹមត្រូវ។ មិនត្រូវឱ្យកូនបៅទឹកដោះគោពេលចូលគេង ហើយបៀមស្តឹមទាល់តែលក់ទេ។ ទឹកដោះគោនេះអាចធ្វើឱ្យដង្កូវស៊ីធ្មេញផ្នែកខាងក្រៅ។៧- ចាប់ពីអាយុប៉ុន្មានឡើងទៅ ដែលឪពុកម្តាយគួរនាំកុមារទៅពិនិត្យសុខភាពមាត់ធ្មេញ?– ទន្ដបណ្ឌិត Christophe Azevedo ៖ កាន់តែឆាប់កាន់តែល្អ ដើម្បីទម្លាប់កូនឱ្យស្គាល់ពេទ្យ ស្គាល់ថ្នាំ ស្គាល់ក្លិន ហ៊ានឡើងគ្រែ ឱ្យពេទ្យមើលធ្មេញ ។ល។ អាយុបីឆ្នាំ ការពិនិត្យសុខភាពធ្មេញគួរតែត្រូវធ្វើ ដើម្បីមើលការវិវត្តន៍របស់ធ្មេញផង និងដើម្បីវែករកធ្មេញមានជំងឺផង ព្រោះជាញឹកញាប់មានដង្កូវស៊ីធ្មេញ តែម្តាយឪពុកមិនបានចាប់អារម្មណ៍។ខាងក្រោមនេះជាការជ្រើសរើស ថ្នាំដុសធ្មេញ សមស្របតាមអាយុកុមារ– រហូតដល់អាយុបីឆ្នាំ (ពី១២ខែ ដល់ ៣៦ខែ) ត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលមានសារធាតុកំហាប់ផ្លុយអ័រ ៥០០ ppm de Fluor – ដុសម្តងក្នុងមួយថ្ងៃ មុនពេលចូលគេង– ៣ ទៅ ៦ឆ្នាំ ត្រូវជ្រើសរើសថ្នាំដុសធ្មេញ ក្នុងកំរិតផ្លុយអ័រ ៥០០ ppm de Fluor ពីរដង ក្នុងមួយថ្ងៃ– ចាប់ពីអាយុ ៦ឆ្នាំ ឡើងទៅ អាចប្រើថ្នាំដុសធ្មេញដែលមានកំហាប់ជាតិផ្លុយអ័រ ពី១០០០ ដល់ ១៥០០ ppm de Fluor ពីរដងក្នុងមួយថ្ងៃ ម្តងៗរយៈពេលបីនាទី។ លេបថ្នាំដុសធ្មេញបន្តិចបន្តួចចូលពោះមិនជាថ្វីទេ ប៉ុន្តែបរិមាណជាតិផ្លុយអ័រ គួរតែត្រូវគោរពឱ្យបាន ព្រោះបើហួសចំណុះជាតិផ្លុយអ័រ ក៏អាចជាបុព្វហេតុនាំឱ្យធ្មេញឡើងពណ៌ដែរ៕ អត្ថបទ៖ ដេវីដ