សម្តេចតេជោ កំពុងសម្រាក និងពិនិត្យសុខភាព នៅសឹង្ហបុរី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនប្រជាពលរដ្ឋកម្ពុជា អំពីដំណឹងនៃការសម្រាក ពិនិត្យសុខភាព នៅសឹង្ហបុរី ហើយសម្តេចនឹងវិលត្រឡប់ មកកាន់មាតុប្រទេសវិញ នៅថ្ងៃ២១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ។

តាមបញ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយម សម្តេចតេជោ បានសរសេរថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់!ពេលនេះ ខ្ញុំកំពុងស្ថិតក្នុង មន្ទីរពេទ្យនៃប្រទេសសឹង្ហបូរី ។ ពុំមានជំងឺអ្វីធ្ងន់ធ្ងរដែលត្រូវព្យាបាលនោះទេ តែនេះជាការតម្រូវរបស់គ្រូពេទ្យ ដែលកំណត់ឱ្យត្រួតពិនិត្យ សុខភាពប្រចាំឆ្នាំមួយឆ្នាំម្តងៗ។ ម្យ៉ាងទៀតការងារចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នេះពិតជាច្រើន ដែលខ្ញុំខិតខំដោះស្រាយទាំងយប់ទាំងថ្ងៃ រកពេលសំរាកស្ទើរមិនបាន”។

សម្តេចតេជោ បានសរសេរ បន្ថែម ជាមួយនឹងការបង្ហាញរូបថតសម្តេចនៅលើយន្តហោះឯកជន បញ្ជាក់ពីធ្វើដំណើរចេញពីកម្ពុជាថា “ការដែល ខ្ញុំមកពិនិត្យសុខភាពនៅសឹង្ហបូរី មិនមានន័យថាខ្ញុំមិនទុកចិត្តគ្រូពេទ្យកម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យ សុខភាពជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងព្យាបាលជំងឺនៅកម្ពុជាដោយគ្រូពេទ្យខ្មែរយើង។ ដោយមានការណែនាំរបស់គ្រូពេទ្យកម្ពុជា បានស្នើរឱ្យខ្ញុំពិនិត្យ នៅក្រៅប្រទេសដើម្បីធ្វើឱ្យប្រាកដនូវប្រភេទជម្ងឺខ្លះដែលយើងខ្វះឧប្បករណ៍។ វេជ្ជបណ្ឌិតខ្មែរដែលព្យាបាលខ្ញុំបានរួមដំណើរមកជាមួយខ្ញុំ ដើម្បីសហការជាមួយពេទ្យសឹង្ហបូរីធ្វើការពិនិត្យ ដែលនេះជារឿងធម្មតានៃកិច្ចសហការខាងវេជ្ជសាស្ត្រ”។

សម្តេចតេជោ បានសរសេរថា បន្ថែមថា “ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ ទី ២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាត”៕

សម្តេចតេជោ កំពុងសម្រាក និងពិនិត្យសុខភាព នៅសឹង្ហបុរី

សម្តេចតេជោ កំពុងសម្រាក និងពិនិត្យសុខភាព នៅសឹង្ហបុរី

សម្តេចតេជោ កំពុងសម្រាក និងពិនិត្យសុខភាព នៅសឹង្ហបុរី