៣នាក់ របួសធ្ងន់ និងស្រាល ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នា

កំពង់ឆ្នាំង៖ នៅម៉ោង ៣៖២០នាទី ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតក្នុង ភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មនុស្ស ៣នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលរថយន្តទូរីស បើកជែងរថយន្តពីមុខមិនផុត ជ្រុលទៅបុកនិងរថយន្តកុងតឺន័រ។

នគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកទូរីស ពណ៌បៃតងចាស់ ពាក់ស្លាកលេខ កំពង់ចាម 2A.1725 បើកបរដោយ បុរសមិនស្គាល់អត្តសញ្ញាណ បានបើកក្នុងល្បឿនលឿន តាមផ្លូវជាតិ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខំបើកជែង រថយន្តពីមុខ តែមិនផុត ក៏ជ្រុលទៅបុករថយន្ត ដឹកកុងតឺន័រ ដែលបើលមកពីមុខ ពាក់ស្លាកលេខ ភ្នំពេញ 3B.3943  បើកបរដោយ បុរសឈ្មោះ សៅគឹមសាន អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិសេ.បេ.សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្តតួរីស ជ្រុលធ្លាក់ចេញពីថ្នល់ជាតិ ទៅប៉ះនិងម៉ូតូ១គ្រឿងទៀត របស់ជនបរទេស ដែលឈប់ស្ងៀម ។

ក្រោយពេលកើតហេតុ គេឃើញអ្នកជិះក្នុងរថយន្តតួរីសចំនួន ៣នាក់ បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបាននគរបាល ហៅរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ចំណែកអ្នកបើកបរ រថយន្តតួរីស បានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថា រថយន្ត ២គ្រឿង និងម៉ូតូជនបរទេស ជនជាតិហ្វីលីពីន ១គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច រង់ចាំការដោះស្រាយតាមនីតិវីធី ៕