ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន


បន្ទាប់​ពី​បេក្ខជន​​ពី​គណបក្ស​ប្រឆាំង​ អ្នក​ស្រី ឆាយ ​អ៊ី​ង​វេន (Tsai Ing-wen) ​បាន​ទទួល​ជ័យ​ជម្នះ​​នៅ​​ក្នុង​​ការ​បោះឆ្នោត ជ្រើសតាំង​​ប្រធានាធិបតី ​នៅកោះ​តៃវ៉ាន់រួច ​ឈ្មោះ​របស់​អ្នកស្រី ត្រូវ​បាន​ហាមឃាត់ នៅក្នុងគេហទំព័រ វៃបូ (Weibo) ដែល​ជា​បណ្ដាញ​សង្គម​ធំ និង​មាន​ប្រជាប្រិយ​ជាងគេ នៅក្នុង​ប្រទេស​ចិន​។ រដ្ឋាភិបាលក្រុង​ប៉េកាំង ​បាន​​ធ្វើការ​កំហិត ទៅ​លើ​ការផ្សព្វផ្សាយ ឬការពិភាក្សា អ្វីក៏ដោយ ដែល​មានជាប់​ទាក់ទង នឹង​​អ្នកស្រី ឆាយ ក៏ដូច​ជា​ការ​​បោះ​ឆ្នោត នៅ​កោះ​តៃវ៉ាន។
ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន

អ្នកស្រី ឆាយ អ៊ីងវេន ជាប់ជាប្រធានាធិបតីតៃវ៉ាន់ថ្មី។ (រូបថត EPA)

អ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា ប្រសិនបើពួកគេព្យាយាម ធ្វើការ​រុករក ផ្សព្វផ្សាយ ឬធ្វើការពិភាក្សា ជុំវិញពាក្យគន្លឹះ «សាយ អ៊ីងវេន (Tsai Ing-wen)» ឬបើសូម្បី​ពាក្យ​សមញ្ញា «ការបោះឆ្នោតនៅតៃវ៉ាន់» នៅលើបណ្ដាញសង្គម វៃបូ (Weibo) ដ៏ធំ និងដ៏មានប្រជាប្រិយ នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមអ្នកប្រើប្រាស់នឹងទទួលបានចម្លើយមកវិញ អះអាងពីការហាមឃាត់ យ៉ាងដូច្នេះថា៖ «ដោយ​យោងតាមច្បាប់ លក្ខត្តិកៈ និងគោលការណ៍ផ្ទៃក្នុង ដែលស្ថិតនៅជាធរមាន លទ្ធផល​សម្រាប់​ការរុករក​នេះ មិនអាចត្រូវបានបង្ហាញឡើយ»។

អ្នកស្រី ឆាយ អ៊ីងវេន បានទទួលជ័យជំនះយ់ាងភ្លូកទឹកភ្លូកដី ឈ្នះបេក្ខជនមកពីគណបក្សកាន់អំណាច គួងម៉ីងតាំង (Kuomintang) នៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់។ ជ័យ​ជំនះ​នេះ បានធ្វើឲ្យអ្នកស្រី ដែលមាននិន្នាការឯករាជ្យនិយម សម្រាប់កោះតៃវ៉ាន់ ក្លាយជា​ប្រធានាធិបតី​«ស្ត្រី»​លើក​ដំបូង​បង្អស់ នៅក្នុងប្រវត្តិសាស្ត្រនៃកោះមួយនេះ។ ផ្ទុយពីបេក្ខជនរបស់គណបក្ស គួងម៉ីងតាំង ដែល​តែង​មានជំហរទន់ភ្លន់ ជាមួយក្រុងប៉េកាំង អ្នកស្រី ឆាយ អតីតប្រធានគណបក្សប្រឆាំង មិនដែល​ទទួល​បាន​ក្រសែ​ភ្នែក«ល្អ» ពីសំណាក់ប្រទេសចិនកុម្មុយនីសឡើយ។

ហេតុអ្វី?

តាំងពីឆ្នាំ១៩៤៩ រហូតមកដល់សព្វថ្ងៃ កោះតៃវ៉ានបានកំណត់ជោគវាសនាផ្ទាល់ របស់ខ្លួន ផ្ទុយគ្នាស្រឡះ​ពី​របប​កុម្មុយនីស ដែលកាន់អំណាច នៅក្នុងប្រទេសចិនដីគោក។ ប៉ុន្តែតៃវ៉ាន់ មិនដែលបានប្រកាស«ឯករាជ្យ» ជាផ្លូវការឡើយ ខណៈក្រុងប៉េកាំង តែងចាត់ទុកកោះមួយនេះ ថាជាខេត្តបះបោរមួយរបស់ចិន និង​ព្រមាន​វាយ​យក​មកកាន់កាប់ តាមកម្លាំងយោធាវិញ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។

សារព័ត៌មានជាច្រើន នៅក្នុងប្រទេសចិន បានធ្វើសេចក្ដីរាយការណ៍ភ្លាមៗ ពីជ័យជំនះយ៉ាងធំធេង របស់​អ្នកស្រី ឆាយ អ៊ីងវេន តែពួកគេបានសរសេរអះអាង ត្រឹមតែជាការបោះឆ្នោត ជ្រើសតាំងមេដឹកនាំ​«តំបន់»​ប៉ុណ្ណោះ និង​បានជៀសវាសមិនប្រើប្រាស់ភាសា ដែលមានទាក់ទងនឹង«ប្រធានាធិបតី» ដែលអាចផ្ដល់​បូរណភាព​ទឹកដី ទៅកោះតៃវ៉ាន់ ឲ្យក្លាយជាប្រទេសឯករាជ្យមួយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេយផ្សាយកាលពីថ្ងៃសៅរ៍ ដោយអ្នកនាំពាក្យនៃការិយាល័យ ទទួល​បន្ទុកកិច្ចការតៃវ៉ាន់ របស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើប្រតិកម្មយ៉ាងខ្លីមួយ ទាក់ទងនឹងនឹងជ័យជំនះ​របស់​អ្នកស្រី ឆាយ ដោយលើកឡើងថា កម្លាំងនយោបាយមួយចំនួន បានព្យាយាមកេងចំណេញ (នៅក្នុង​ការ​បោះ​ឆ្នោត នៅ​តៃវ៉ាន់) ដើម្បីបង្កឲ្យមានជម្លោះ រវាងភាគីពីរ នៅក្រោមដំបូលតែមួយ៕