ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់

តុល្យភាពនៃជនរងគ្រោះ នៅក្នុងទង្វើវាយប្រហារ កណ្ដាលរដ្ឋធានីចាការតា នៃប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ សប្ដាហ៍​មុន បាន​បន្ដ​កើន​ឡើង និងមានការផ្លាស់ប្ដូរបន្តិច។ ជនស៊ីវិលធម្មតា បានស្លាប់ម្នាក់បន្ថែម ខណៈ​ជន​មួយរូប​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ ចាត់​ទុក​ជា​ភេរវជន នៅ​ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ​នោះ ជា​ជន​ស៊ីវិល​ម្នាក់ ដែល​គ្មាន​ពាក់ព័ន្ធ​អ្វី ជាមួយ​ក្រុម​ភេរវជន​ឡើយ។
ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់
ការបំផ្ទុះ ដែលបង្កឲ្យមនុស្សស្លាប់ និងសម្បត្តិ៍សាធារណៈមួយចំនួនខូចខាត កណ្ដាលរដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី។ (រូបថតទ្វីសធើរ)

មកទល់នឹងថ្ងៃនេះ ជនស៊ីវិលដែលបានស្លាប់ នៅក្នុងហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក និងផ្ទុះអាវុធ កណ្ដាល​រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤នាក់ ខណៈនៅ​ក្រោយ​ហេតុការណ៍​ភ្លាមៗ អាជ្ញាធរបានរាយការណ៍ថា មានជនស៊ីវិលស្លាប់តែ២នាក់ប៉ុណ្ណោះ។

ជនស៊ីវិលពីរនាក់ ដែលបានចូលមកបន្ថែមតួលេខឲ្យជនរងគ្រោះ មានម្នាក់ ជាបុគ្គលិកមួយរូប របស់​ធនាគារ​មួយស្ថិតនៅក្បែរទីកន្លែង នៃការវាយប្រហារ។ បុគ្គលិករូបនេះ បានធ្វើមរណភាពនៅថ្ងៃសៅរ៍កន្លងមកនេះ ដោយ​ហេតុមិនអាចទ្រាំទ្រនឹងមុខរបួស ដែលមានលក្ខណៈធ្ងន់ធ្ងរពេក។ នេះបើតាមគេហទំព័រមួយ ផ្សាយ​ព័ត៌មាន​នៅក្នុងស្រុក ឈ្មោះ «Detik.com» ដោយបានលើកយកសំដី របស់អ្នកនាំពាក្យនគរបាល មក​បញ្ជាក់។

រីឯជនស៊ីវិលម្នាក់ទៀត ដែលស្ថិតក្នុងចំណោមជនរងគ្រោះទាំងពីរថ្មី គឺជាជនម្នាក់ ដែលអាជ្ញាធរគិតថា ជា​ភេរវជន បន្ទាប់ពីពេលកើតហេតុភ្លាមៗ។ ប៉ុន្តែតាមពិត ជននោះជាជនស៊ីវិលធម្មតា និងគ្មានជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងក្រុមភេរវជននោះទេ។ នេះបើតាមមន្ត្រីនគរបាលដដែល។

បណ្ដាញភេរវកម្ម ដែលផ្គត់ផ្គង់ថវិការ​ដោយក្រុមរដ្ឋអ៊ីស្លាម?

មនុស្សស្លាប់ផ្សេងទៀត គឺភេរវជនទាំង៤នាក់ ដែលត្រូវបានអាជ្ញាធរបាញ់សម្លាប់ បន្ទាប់ពីពួកគេ បានបើក​ការវាយប្រហារ ប្រដាប់ដោយអាវុធ និងគ្រាប់បែក សំដៅទៅលើហាងកាហ្វេ «Starbucks (យីហោ​របស់​ក្រុមហ៊ុន​ធំ នៅអាមេរិក)» និងប៉ុស្ដ៍នគរបាលតូចមួយ នៅចំកណ្ដាលបេះដូងនៃរដ្ឋធានី ដែល​សម្បូរ​ទៅ​ដោយ​អាគារ​មជ្ឈមណ្ឌ​លពាណិជ្ជកម្ម ការិយាល័យក្រុមហ៊ុនធំៗ ទីស្នាក់ការរបស់ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​​អាគារ​​របស់​​ស្ថានទូត​បរទេស។

មនុស្សចំនួនជាង២០នាកទៀត ក៏បានរងរបួស នៅក្នុងការវាយប្រហារនេះដែរ ពីក្នុងចំណោមនោះមាន ជន​ជាតិ​អាហ្សេរី ១នាក់ ជនជាតិអាល្លឺម៉ង់ ១នាក់ ជនជាតិអូទ្រីស ១នាក់ ភ្នាក់ងារនគរបាល ៦នាក់ និង​មន្ត្រី​សន្ដិសុខ ១នាក់។

មកដល់វេលាល្ងាចថ្ងៃដដែល ការវាយប្រហារខាងលើ ត្រូវបានប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។ ក្រុមនេះក៏បាន​និយាយ​ដែរ​ថា សមាជិកយុទ្ធជនរបស់ពួកគេ ដែលចូលរួមក្នុងការវាយប្រហារ មានចំនួនតែបួននាក់ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​​ថ្ងៃ​បន្តបន្ទាប់ អាជ្ញាធរឥណ្ឌូនេស៊ី បានឈានទៅធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន១២នាក់ ពី​ក្នុង​តំបន់​ជា​ច្រើន លើ​ផ្ទៃ​ប្រទេស។ ជន​ម្នាក់ ពីក្នុង​ចំណោម​នោះ ត្រូវបានសង្ស័យ គឺជាអ្នកទទួលថវិការពីអង្គការ​រដ្ឋ​អ៊ីស្លាម ដើម្បី​ផ្គត់ផ្គត់​ទំនុកបំរុង ឲ្យដល់គម្រោងភេរវកម្មនេះ។ នេះបើតាមការអះអាងបន្ថែម របស់មន្ត្រី​នគរបាល​ខាង​លើ៕

----------------

» វីដេអូរំលឹក ពីការវាយប្រហារ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា ឆ្នាំ២០១៥៖