ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​កម្មករកម្មការិនីរោងចក្រ​កាត់ដេរប្រមាណ២០០នាក់ ​បម្រើការងារ​នៅក្នុង​រោងចក្រ ​"វើណាហ្វេសិន ខូ.អិល.ធី.ឌី" ​ស្ថិតនៅក្នុងភូមិវិហារសួគ៌ ​ឃុំព្រៃចាស់ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ​បានជិះរថយន្ត២គ្រឿង​លើកគ្នាមកតវ៉ានៅ​មុខក្រសួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ប្រយោជន៍ដើម្បីទាមទារ​ឲ្យរដ្ឋមន្រ្តីក្រសួង​ការងារ​អន្តរាគមន៍ដោះស្រាយ​វិវាទការងាររវាងពួកគេ និងថៅកែរោងចក្រ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី​១៨មករាដដែលនេះ ​ខាងគណៈកម្មការដោះស្រាយ​វិ​វាទការងារនៃក្រសួងការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានចេញមកជួបក្រុមកម្មករ ​និងបានចាត់ឲ្យកម្មករជ្រើស​តំាងតំណាងរបស់ខ្លួន​ចូលជួបពិភាក្សារក​ដំណោះស្រាយ ។

យ៉ាងណាក៍ដោយមក​ដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់នេះ ​មិនទាន់មានលទ្ឋផលនៃ​ជំនួបរវាងតំណាងកម្មករ ​និងមន្រ្តីជំនាញពាក់ព័ន្ឋនៅឡើយទេ ។

ប្រភពបន្តថា​ ការណ៍ដែលក្រុមកម្មករលើកគ្នា​មកតវ៉ាលើកបដានិងស្រែកនៅ​មុខទីស្តីការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ​ធ្វើឡើងបន្ទាប់ពីគ្មាន​ដំណោះស្រាយ​រយៈពេលជាច្រើនថ្ងៃមកហើយ​ ចាប់តំាងពីថ្ងៃផ្ទុះការតវ៉ា​កាលពីថ្ងៃទី១២ មករា ២០១៦ ​ដើម្បីឲ្យថៅកែទទួលយកតំណាង​របស់ពួកគេ៤នាក់​ចូលបម្រើ​​ការងារ​វិញ​ និងទាមទារលក្ខខណ្ឌការងារ​២៤ចំណុចផ្សេងទៀត ៕