គួរ​វែកមុខ​ម្ចាស់​ទីតាំង​ស្តុក​ឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់​

ថ្មីៗ​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ហើយ​រកឃើញ​ទីតាំង​លាក់​ឈើ​ដ៏​ធំ​នៅ​ចំណុច​អូរ​គគីរ ស្រុក​សំបូរ មាន​ទំហំ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ក្រឡា និង​មាន​ឈើមូល​ក៏ដូចជា​ឈើ​អារ​រួច​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា កន្លងមក​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នោះទេ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​រកមុខ​អ្នកទទួលខុសត្រូវ​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​នោះ​។

​ប្រភពពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ជាច្រើន​រយ​ម៉ែត្រគូប ជាពិសេស​ប្រភេទ​ឈើ​សុ​ក្រំ​ត្រូវបាន​គេ​អារ​ជា​ស៊ីឡាំង​គ​ទុក​យ៉ាងច្រើន​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​នានា​បានផ្ដល់​ជា​អនុសាសន៍​ថា គណៈកម្មការ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​វែកមុខ​ឈ្មួញ​ជា​ម្ចាស់​ឈើ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សំបូរ​នឹង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ម្ចាស់​ឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​គេច​ផុតពី​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។

កន្លងមក​មាន​សេចក្ដីរាយការណ៍​ថា ឈ្មួញ​កាប់​ឈើ​ដឹក​ចេញពី​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​មន្ត្រី​អាជ្ញាធរខេត្ត ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​អះអាងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​កាប់​ឈើ​អារច្រៀក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បានឡើយ​។ ហេតុនេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​វែកមុខ​ម្ចាស់​ឈើ​ដែល​សមត្ថកិច្ច​រកឃើញ​នៅ​ចំណុច​អូរ​គគីរ ស្រុក​សំបូរ ទើប​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​។ ជាងនេះទៅទៀត​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​៕

12469384_460206270831135_6844554375076988023_o 12493791_460206430831119_1437624033775831452_o 12594002_460206290831133_186356223189633709_o 12491776_460206460831116_8036733189631183088_o 12473586_460206397497789_5522329531775603877_o