លោក ឆាយ បូ មេ​គយ​ច្រក​អន្តរជាតិ​ដូង បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​

ករណី​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ បានកើត​ឡើងជា​យូរ​មកហើយ ប៉ុន្តែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក ឆាយ បូ ដែលជា​មេ​គយ​ប្រចាំ​ច្រក​នេះ និង​លោក ចែ​ត្រ សេដ្ឋា ដែលជា​ប្រធាន​ច្រក​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​មករា ឆ្នាំ​២០១៦​នេះ ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ប្រ​ទេ​សៀម​យ៉ាង​ពេញបន្ទុក​។ ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​តាម​ការកំណត់​ដូចជា ឈ្មួញ​ដឹកទំនិញ​ជា​គ្រឿង​កំប៉ុង និង​គ្រឿង​ចាប់ហួយ តាម​តាក់ស៊ី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ត្រូវ​បង់លុយ​១​ជើង​២០០​បាត​។ លើស​នេះ​ទៅទៀត​មាន​ករណី​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ផងដែរ​នៅពេល​យប់ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​៥០​បាត​។

សូមបញ្ជាក់ថា លោក ឆាយ បូ មេ​គយ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង កំពុងតែ​ប្រមូល​លុយ​ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​រយៈពេល​ជាង​កន្លះ​ខែ​នៃ​ខែមករា ឆ្នាំ​២០១៦​នេះ ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ដូង​យ៉ាង​អនាធិបតេយ្យ​។ ជាពិសេស​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​បណ្ដោយ​ឲ្យ​លោក ឆាយ បូ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ដូង គឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្បាស់​ក្រឡែត​៕

123លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ

daung1