លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រៀមខ្លួន​ទៅ​ដឹកនាំ​ប្រទេស​កម្ពុជា​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ថ្លែងថា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​បាច់​ខ្វល់ខ្វាយ​ជាមួយ​អ្នក​ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើនពេក ព្រោះ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង​គ្រប់គ្រាន់​ពី​បញ្ហា​ក្នុងសង្គម និង​ការជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ​ដើម្បី​កំណត់​ជោគវាសនា​របស់​ពួកគាត់ និង​ប្រទេសជាតិ​។ លោក កឹម សុខា បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​បានផ្តល់​ក្តីសង្ឃឹម និង​ជឿជាក់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​រួចទៅហើយ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ត្រៀមខ្លួន​ទៅ​ដឹកនាំ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ ដើម្បី​កែទម្រង់​ប្រទេស​ឲ្យ​បាន​ប្រសើរឡើង​។​

ចំពោះមុខ​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គោលដៅ​អាទិភាព និង​បន្ទាន់​ជាងគេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៦ គឺ​ការធ្វើ​ការកែទម្រង់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើ​យើង​ចង់​កែទម្រង់​គេ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការកែទម្រង់​ពី​ខ្លួនឯង ហើយ​បើ​យើង​ចង់​ផ្លាស់ប្តូរ​គេ យើង​ត្រូវ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពី​ខ្លួនឯង​ជាមុនសិន​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ពន្យល់ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ សំខាន់​ទី​១ និង​បន្ទាន់​ជាងគេ គឺ​ការធ្វើកំណែទម្រង់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​វិមជ្ឈការ​អំណាច ជូន​ដល់​ប្រជាពលរដ្ឋ និង​សកម្មជន​ថ្នាក់មូលដ្ឋាន រៀបចំ​គោលនយោបាយ​មូលដ្ឋាន​របស់ខ្លួន​។ បន្ទាប់មក យើង​យក​គម្រោង​គោលនយោបាយ​មូលដ្ឋាន​នោះ ដាក់ជូន​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ពិភាក្សា និង​សម្រេច​។ លោក កឹម សុខា បាន​បញ្ជាក់ថា ពេល​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​សម្រេច​គាំទ្រ​នូវ​គោលនយោបាយ​មូលដ្ឋាន​នេះហើយ យើង​ត្រូវយក​គោលនយោបាយ​នេះ​ទៅ​ផ្សព្វផ្សាយ និង​ពន្យល់​ជូន​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ជំនឿ​ចិត្ត​ពលរដ្ឋ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​កាន់តែ​រឹងមាំ ដូច្នេះ​ក្នុង​ការកសាង​ទំនុកចិត្ត ជា​កត្តា​សំខាន់​មួយ ក្នុងចំណោម​កត្តា​សំខាន់​បី ឲ្យ​គេ​ស្គាល់ ឲ្យ​គេ​ជឿ ឲ្យ​គេ​ជួយ​។  លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ការទទួលបាន​ជំនឿ​ទំនុក​ទុកចិត្ត ពី​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ជំនឿ​នោះ​ចេញពី​មនោគតិ​ពិត មិនមែន​ចេញពី​ការចាប់​បង្ខំ ការជេរប្រមាថ ការប្រើ​រូបភាព​ប្រមាថ​ទេ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​គោលនយោបាយ អនុវត្តន៍​ផែនការ​សកម្មភាព​ជាក់ស្ដែង មាន​បុគ្គលិកលក្ខណៈ ចរិត​សីលធម៌ រក្សា​ការពារ​សេចក្ដីថ្លៃថ្នូរ​រ​ប​ស់មនុស្ស ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ដើម្បី​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​៕

12523003_1268389286511701_783312773880191047_n 12507312_1268389083178388_5439838049054310556_n