គ.ជ.ប នឹង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចាប់​ពី​ខែ​ឧសភា

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា កិច្ចការ​បន្ទាប់​ទៀត​ក្រោយ​ពី​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​រួច​ហើយ គឺ គ.ជ.ប នឹង​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ សម្រាប់​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​ឧសភា។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត យល់​ឃើញ​ថា លទ្ធផល​បោះ​ឆ្នោត​អាច​នឹង​មាន​ផល​អវិជ្ជមាន​មិន​ខុស​ពី​អាណត្តិ​មុនៗ​ទេ ទោះ​បី​ជា​មាន​ថ្នាក់​ដឹក​នាំ គ.ជ.ប ថ្មី​ក៏ដោយ។

ថ្វី​បើ​សេចក្ដី​សម្រេច​របស់ គ.ជ.ប កាល​ពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​មិន​ពេញ​ចិត្ត​ក៏ដោយ ក៏​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​យល់​ឃើញ​ថា កិច្ចការ​ចំពោះ​មុខ​នៅ​ពេល​នេះ គឺ គ.ជ.ប នឹង​អនុវត្ត​ភារកិច្ច​បន្ត​ទៀត​សម្រាប់​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​ជា​ចាំបាច់ ក្នុង​ក្របខ័ណ្ឌ​ការ​បោះ​ឆ្នោត​ដែល​ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌។

មន្ត្រី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ថា គ.ជ.ប នឹង​បន្ត​ពិគ្រោះ​យោបល់ និង​រៀបចំ​កិច្ចការ​បន្ត​ទៀត​សម្រាប់​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បោះ​ឆ្នោត​ថ្មី ក្នុង​ការ​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ម្យ៉ាង​វិញ​ទៀត ក្រោយ​ពី​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ដែល គ.ជ.ប សម្រេច​រួច​ហើយ​នេះ ផែនការ​បន្ត គឺ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ នឹង​ធ្វើ​សេចក្ដី​ព្រាង​ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ សូម​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា​ទទួល​ស្គាល់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង។ ក្រៅ​ពី​នេះ​ទៀត គ.ជ.ប នឹង​ផ្តល់​ភារកិច្ច​សម្រាប់​មុខ​តំណែង​ថ្មី​នេះ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​អគ្គលេខាធិការដ្ឋាន​បន្ត​ទៀត​នៅ​តាម​បណ្ដា​រាជធានី ខេត្ត និង​ក្រុង។ លោក​បន្ត​ថា «តាម​មើល​ទៅ​មិន​មាន​ការ​ប្រែប្រួល​ទេ ពីព្រោះ គ.ជ.ប បាន​ត្រៀម​លក្ខណៈ​រួច​ហើយ ហើយ​សម្ភារៈ​មួយ​ចំនួន​ក៏​បាន​ទទួល​រួច​ហើយ​ដែរ។ ពាក់ព័ន្ធ​តាម​ខេត្ត​នីមួយៗ​មាន​លេខាធិការដ្ឋាន។ អ៊ីចឹង​នៅ​ពេល​ប្រតិបត្តិការ ត្រូវ​បង្កើត​នូវ​គណៈកម្មការ​ខេត្ត-រាជធានី​រៀបចំ​ការ​បោះ​ឆ្នោត»

កាល​ពី​ថ្ងៃ​ទី​១៥ មករា លោក ទេព នីថា ត្រូវ​បាន​សមាជិក​នៃ គ.ជ.ប ផ្តល់​សេចក្តី​ទុក​ចិត្ត​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ក្លាយ​ជា​បេក្ខភាព​ក្នុង​អាណត្តិ​បន្ទាប់​នៅ​ពេល​នេះ ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ​នៃ គ.ជ.ប ទទួល​បន្ទុក​ផ្ទាល់​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​នាយកដ្ឋាន​រដ្ឋបាល។

ក្រោយ​ពី​ការ​ផ្តល់​សុពលភាព​ភ្លាម លោក រ៉ុង ឈុន ជា​សមាជិក​តែ​ម្នាក់​គត់​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន​ជំទាស់​ចំពោះ​ការ​ដាក់​បេក្ខភាព លោក ទេព នីថា ឲ្យ​កាន់​តំណែង​ជា​អគ្គលេខាធិការ​នៃ គ.ជ.ប សម្រាប់​អាណត្តិ​ថ្មី​ទៀត​នេះ។ ការ​មិន​ពេញ​ចិត្ត​របស់ លោក រ៉ុង ឈុន ចំពោះ​បេក្ខភាព​របស់ លោក ទេព នីថា នេះ ស្រប​ទៅ​នឹង​ការ​ស្ទង់​មតិ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន ជាពិសេស​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហៅ​ថា ហេ្វសប៊ុក (Facebook) បាន​រិះគន់​ថា បេក្ខភាព លោក ទេព នីថា នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​ភាព​ស្អាតស្អំ​នៃ​ស្ថាប័ន គ.ជ.ប ថ្មី។

ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ឃើញ​ថា មន្ទិល​សង្ស័យ​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន គ.ជ.ប ក្លាយ​ជា​ស្ថាប័ន​ដែល​លែង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សម្រាប់​ម្ចាស់​ឆ្នោត​ត​ទៅ​ទៀត។ មិន​តែ​ប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​មុខ​មាត់ គ.ជ.ប ថ្មី​នេះ នឹង​ត្រូវ​រង​ការ​រិះគន់​ដូច​ស្ថាប័ន​ចាស់ ដែល​ទើប​តែ​បាន​បញ្ចប់​កំណែ​ទម្រង់​រួច​កន្លង​ទៅ​នេះ។ លោក សំ គន្ធាមី បន្ថែម​ថា ការ​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​បេក្ខភាព​អគ្គលេខាធិការ​នៃ គ.ជ.ប តាំង​ពី​ដើម​ទី​ដូច​នេះ នោះ​ការ​បោះ​ឆ្នោត នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ និង​សុចរិត​ភាព​របស់ គ.ជ.ប ទៅ​ថ្ងៃ​ខាង​មុខ​បន្ថែម​ទៀត។ លោក​បន្ត​ថា «បើ​សិន​ជា​គាត់​ទទួល​ការងារ​ដដែល​ហ្នឹង នឹង​ប៉ះពាល់​ដល់​ស្ថាប័ន គ.ជ.ប ទាំង​មូល ព្រោះ​អី​អគ្គលេខាធិការ​ហ្នឹង​ជា​សេនាធិការ​របស់ គ.ជ.ប»

បើ​ទោះ​ជា​បែប​ណា គណបក្ស​កាន់​អំណាច​សាទរ លោក ទេព នីថា ដែល​អាច​បន្ត​គ្រប់គ្រង​កៅអី​របស់​ខ្លួន​បាន​ដដែល ទោះ​ជា គ.ជ.ប មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​ក្ដី។ ផ្ទុយ​ពី​នេះ គណបក្ស​ជំទាស់​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​បេក្ខភាព លោក ទេព នីថា ដោយ​ចាត់​ទុក​ថា នឹង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត​ពី​ម្ចាស់​ឆ្នោត។

គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ក្នុង​ការ​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ សម្រាប់​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ខែ ចាប់​ពី​ខែ​ឧសភា រហូត​ដល់​ខែ​កក្កដា។

ប្រទេស​កម្ពុជា មាន​ឃុំ និង​សង្កាត់​ចំនួន ១.៦៣៣​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។