ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ​និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​១៦​សែន​ជ័យ ចំនួន​១០៩​នាក់ មាន​វត្តមាន​ក្នុង​ពិធី​សច្ចាប្រណិធាននៅ​លើ​ទីតាំង​ក្តារ​បែន​នៃ​ប្រាសាទអង្គរវត្ត ហើយ​ពិធី​នេះបាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីដោយ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ ។

បើ​តាម​សេចក្តីរាយការណ៍​របស់​ឧត្តមសេនីយ៍ប្រធាន​សាលា​នាយទាហាន​សកម្ម បានឱ្យ​ដឹង​ថា ជា​ទូទៅ​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​និស្សិត​នាយទាហាន​សកម្ម​រយៈពេល​៤​ឆ្នាំ មុន​ពេល​បញ្ចប់​វគ្គ​សិក្សា​ហ្វឹកហ្វឺនតែងតែមាន​កម្មវិធី​ពិសេស​មួយ ដែល​ហៅ​ថា «ពិធី​សច្ចាប្រណិធាន» ក្នុង​ន័យ​ពញ្ញាក់​ស្មារតី​របស់​និស្សិត​នាយទាហាន​សកម្មឱ្យ​មាន​ភាព​ស្មោះត្រង់ សាមគ្គីភាព ​ការពារ​ប្រជាជន ​ការពារ​ជាតិ ​សាសនា ព្រះមហាក្សត្រ ក្នុង​ពេល​បំពេញភារកិច្ច នៅ​តាម​បណ្តា​អង្គភាព​នានា ក្នុង​ជួរ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ។

សេចក្តីរាយការណ៍​​ខាង​លើ​បាន​បញ្ជាក់​ថា ការ​ធ្វើ​សច្ចាប្រណិធាន​របស់​និស្សិត​នាយទាហាន​សកម្ម​នៅ​មុខ​ប្រាសាទអង្គរវត្ត ដែល​ជាទី​តាំង​ប្រកបដោយ​បារមី​ស័ក្តិសិទ្ធិ​នោះ ​​ដើម្បី​​ឱ្យ​​វត្ថុ​ស័ក្តិ​សិទ្ធិ​​ធ្វើ​ជា​សាក្សី និង​ទទួល​ដឹង​ឮ​​​ការ​ប្តេជ្ញា​ចិត្ត​ទាំងនោះ​ផង​ដែរ ។

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​​ការ​អបរ​អរសាទរ​ចំពោះ​ជោគជ័យ​របស់​និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​១៦​សែន​ជ័យ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង អំណត់តស៊ូ ឆ្លងកាត់​វគ្គ​សិក្សា​ និង​ហ្វឹកហ្វឺន​ជិត​៤​ឆ្នាំ​កន្លង​មក ។  ជាមួយ​គ្នា​នេះ​​ដែរ លោក​ក៏​បាន​សម្តែង​​ការ​កោតសរសើរ​ដោយ​ស្មោះ ចំពោះ​និស្សិត​ទាំងអស់ ដែល​មាន​សេចក្តី​ក្លាហាន និង​មនសិកា​សេ្ន​ហា​ជាតិ​ខ្ពស់ ស្ម័គ្រចិត្ត​ចូល​បម្រើ​​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ។

គួរ​បញ្ជាក់​​​ដែរ​ថា ​របាយការណ៍​របស់​សាលា​នាយទាហាន​សកម្មនៅ​ក្នុង​ឆ្នាំ​ទី​៤ (ឆ្នាំ​២០១៥-២០១៦ ) នៃ​ឆ្នាំ​បញ្ចប់​វគ្គ​សិក្សា​ហ្វឹកហ្វឺន​របស់​និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​១៦​សែន​ជ័យ​នេះ គឺ​មាន​លក្ខណៈ​តានតឹង និង​សកម្ម​ជាង​បណ្តា​ឆ្នាំ​កន្លង​មក  ព្រោះ​និស្សិត​ទាំងអស់​ត្រូវ​បាន​ហ្វឹកហ្វឺន​អន្តរា​វុ​ធ​តាម​បណ្តា​កងឯកភាព​នានា​ដូច​ជា ​កាំភ្លើង​ធំ  រថក្រោះ ការពារ​អាកាស ​សិក្សា​ស្វែង​យល់​យុទ្ធវិធី ថ្នាក់​វរ​សេនា​តូច​ថ្មើរជើង ចុះ​អនុវត្ត​ដកបទ​ពិសោធន៍​ជាក់ស្តែងនៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ ​សិក្សា​ស្រាវជ្រាវ និង​សរសេរ​សារ​ណា​ប្រឡង​បញ្ចប់​វគ្គ ​​បើ​តាម​ការ​គ្រោងទុក​របស់​សាលាវគ្គ​ជំនាន់​ទី​១៦​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​វគ្គ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ  ៕