ក្រុម​កីឡាអេឡិច​ត្រនិក​កម្ពុជា នាំ​មេដាយប្រាក់​មក​វិញ​ថ្ងៃ​នេះ​

ក្រុម​កីឡាអេឡិច​ត្រូនិក​កម្ពុជា(E-Sport) នឹង​នាំ​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​អន្តរជាតិ MATIC ប្រចាំឆ្នាំ២០១៦ នៅ​​ប្រទេស​ឥណ្ឌូនេស៊ី មក​ដល់​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ២:២០ ថ្ងៃ​ចន្ទ​នេះ។

esportនៅ​ក្នុង​ការ​ប្រកួត​ ដែល​មាន​​ប្រទេស​​​ចំនួន​៦​បាន​ចូល​រួម និង​មាន​១៦​ក្រុមនោះ​ក្រុម​ Five Military និង​ក្រុម Never Care របស់​កម្ពុជា បាន​ឡើង​​ទៅ​វគ្គ​៨​ក្រុម​ទាំង​២​ក្រុម ប៉ុន្តែ​ Never Care បាន​ធ្លាក់​នៅ​ក្នុង​វគ្គ​​​នេះ ខណៈ​ក្រុម Five Military បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ និង​បន្ត​ឈ្នះ​ក្នុង​វគ្គ​នេះ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​ខ្លាំង Superior របស់​ថៃ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​បាន​ធ្វើ​ឡើង កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នោះ ក្រុម Five Military របស់​កម្ពុជា ​បាន​ចាញ់ក្រុមខ្លាំងរបស់ថៃ Superior ក្នុង​លទ្ធផល ៩-៥ ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

ជាមួយ​ការ​ឈ្នះ​បាន​ត្រឹម​មេដាយ​​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​ក្រុមកម្ពុជាមួយនេះ ទទួល​បាន​ប្រាក់​ចំនួន​៧០០០ដុល្លារ រីឯ​ក្រុម​ជើង​ឯក​របស់​ថៃ Superior ទទួលបាន​មេដាយមាស អម​ដោយ​​ទឹក​ប្រាក់​ចំនួន​១៥០០០ដុល្លារ ហើយ​វា​ក៏​ជា​លើក​ទី​២​ផង​ដែរ​ដែល​ក្រុម​ថៃ បាន​ឈ្នះមេដាយ​មាស ក្នុង​ការ​ប្រកួត MATIC ​នេះ ព្រោះ​ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៤ ក៏​ពួក​គេ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកដែរ ប៉ុន្តែ​សម្រាប់​ការ​ប្រកួតកាល​ពី​ឆ្នាំ​២០១៥ កន្លង​មក​នេះ តំណែង​ជើង​ឯក បាន​ធ្លាក់​មក​លើ​ក្រុម​កម្ពុជា​វិញ៕