ទីបំផុត កូរ៉េខាងជើង បង្ហោះខិតប័ណ្ណ ប្រឆាំងកូរ៉េខាងត្បូងវិញ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង មួយរយៈចុងក្រោយ នេះ បានចាប់ផ្តើមអនុវត្តន៍ ការប្រឆាំង តបតនឹងកូរ៉េ ខាងត្បូងវិញ ដូចសកម្មភាពដែលកូរ៉េខាងត្បូង បាននិងកំពុងធ្វើដូច្នោះដែរ។ ការ អនុវត្តន៍តាមពេលនេះ គឺការបង្ហោះបាឡុង ភ្ជាប់ជាមួយនឹងខិតប័ណ្ណរាប់លានសន្លឹក ដែល ជាការសម្តែងការប្រឆាំង ចំពោះរបប ដឹកនាំកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក គីម មីនសឿក បានប្រាប់អ្នកសារព័ត៌មាន នានាក្នុង ទីក្រុងសេអ៊ូលថា “កូរ៉េខាងជើង បានសម្រុកបង្ហោះខិតប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃពុធ សប្តាហ៍មុនមកម្ល៉េះ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលរហូតមកដល់ថ្ងៃចន្ទ នេះមានជាង ១លានសន្លឹកហើយ ដែលយើងចាប់បាន។”

ចំពោះខិតប័ណ្ណទាំងនោះ គឺមានន័យប្រឆាំង រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលដឹកនាំដោយ លោកស្រីប្រធានាធិបតី ផាក គឺនហេ។ ខិតប័ណ្ណ ដែលកូរ៉េខាងជើងបង្ហោះនោះ មួយចំនួន បានធ្លាក់នៅទីក្រុងសេអ៊ូល និង មួយចំនួនទៀត ធ្លាក់នៅតំបន់ក្បែរព្រំដែន។ នេះជាចំណាត់ ការមួយទៀត របស់កូរ៉េខាងជើង ដែលធ្វើដូច កូរ៉េខាងត្បូង បន្ទាប់ពីខ្លួនបានដាក់ឧបករណ៍ បំពងសំឡេងតាមព្រំដែន ទប់ទល់នឹងឧបករណ៍បំពង សំឡេងរបស់កូរ៉េខាងត្បូងវិញនោះ៕

ទីបំផុត កូរ៉េខាងជើង បង្ហោះខិតប័ណ្ណ ប្រឆាំងកូរ៉េខាងត្បូងវិញ