សមត្ថកិច្ច​ជាប់រវល់​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​អំពើ​ប្លន់​នៅតែ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​

ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ រហូតមក​នគរបាល​ចរាចរណ៍​បានចាប់ផ្ដើម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​តឹងតែង ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ​ករណី​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើតឡើង​ជាច្រើន​ករណី​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា ហើយ​សូម្បីតែ​នៅក្នុង​ខេត្តរតនគិរី ក៏មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ដែរ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គិតគូរ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅនឹង​យុទ្ធនាការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការភ័យខ្លាច​ឥតឈប់ឈ​រ​។

កាលពី​វេ​ល​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ពូថៅ បាន​ចូលទៅ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ផ្ទះ​ថៅកែ​លក់​សាំង​មួយកន្លែង​យីហោ សុវណ្ណារិទ្ធ នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុម​បាន​លុង ហើយ​សមត្ថកិច្ច​មិនអាច​អន្តរាគមន៍​ទាន់ពេលវេលា​នោះទេ​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មាស សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្តរតនគិរី​។ អំពើ​ប្លន់​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អសន្តិសុខ​សង្គម ព្រោះ​សមត្ថកិច្ច​ជាប់រវល់​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ហើយ​មិនសូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​។

អ្នកស្រី ឆាយ រ៉ា​ភក្ដិ អាយុ​៣៤​ឆ្នាំ ដែលជា​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ មាស សុវណ្ណារិទ្ធ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ក្នុងពេល​កើតហេតុ​គាត់​កំពុង​រៀបចំ​ទុកដាក់​ឥ​វ៉ាន់​ក្នុងផ្ទះ ហើយ​ប្ដី​គាត់​និង​ម្ដាយ​រួមទាំង​កម្មករ​ម្នាក់​ផង​នៅខាងមុខ​ចាំ​លក់​សាំង​។ ពេលនោះ​ស្រាប់​តែមាន​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មក​ឈប់​ដោយ​ម្នាក់​ស្ពាយ​កាំភ្លើង​វែង និង​ម្នាក់ទៀត​កាន់​ពូថៅ​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ប្ដី​គាត់ និង​យក​ពូថៅ​វាយ​សំពោង​ទៅលើ​ឆ្អឹងជំនី​និង​ខ្នង​ត្រង់​បោះដៃផុត​ប្រមាណ​៦​ទៅ​៧​ពូថៅ​បណ្ដាល​ឲ្យ​ដួលសន្លប់​ក្បែរ​គ្រែ ហើយ​ចោរ​ម្នាក់ទៀត​ស្ទុះ​ទៅ​ទាញ​រុះរើ​យក​កាបូប​លុយ​រួច​ឡើង​ជិះ​ម៉ូតូ​តាមផ្លូវ​ជាតិ​លេខ​៧៨​ចូល​ក្រុង​បាន​លុង​បាត់ស្រមោល​។ អ្នកស្រី ឆាយ រ៉ា​ភក្ដិ បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​លុយ​ខ្មែរ​២​លាន​រៀល កងដៃ​ប្លា​ទីន​៥​ជី ចិញ្ចៀនពេជ្រ​១​វង់​តម្លៃ​៥០០​ដុល្លារ និង​ឯកសារ​មួយចំនួនទៀត សរុប​ប្រមាណ​៣០០០​ដុល្លារ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី អំពាវនាវ​ឲ្យ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ ព្រោះ​មួយរយៈ​ពេលកន្លងមក​នេះ អំពើ​ប្លន់​និង​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​រតនគិរី​៕

Hong-0483 Hong-0484 Hong-0485